អ្នកស្រី Kathy Hochul បានក្លាយជាអភិបាលស្រីដំបូងនៃរដ្ឋញូវយ៉កនៅពាក់កណ្តាលអធ្រាត្រចូលថ្ងៃអង្គារដោយចូលគ្រប់គ្រងរដ្ឋមួយដែលអន្ទះសាចង់ដំណើរការឡើងវិញ បន្ទាប់ពីការរំខានជាច្រើនខែទាក់ទងនឹងការចោទប្រកាន់លោក Andrew Cuomo អតីតអភិបាលរដ្ឋពីបទបៀតបៀនផ្លូវភេទ។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានAP។
ជាសមាជិកគណបក្សប្រជាធិបតេយ្យពីភាគខាងលិចនៃរដ្ឋ New York អ្នកស្រីបានស្បថចូលកាន់តំណែងជាអភិបាលនៅក្នុងពិធីឯកជនមួយនៅវិមានសភារដ្ឋ New York ក្នុងទីក្រុង Albany ដែលជាទីរួមរដ្ឋ New York ក្រោមអធិបតីភាពប្រធានចៅក្រមរដ្ឋគឺអ្នកស្រី Janet DiFiore។ បន្ទាប់មកអ្នកស្រីបានប្រាប់ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយថា អ្នកស្រីមានអារម្មណ៍ថា៖ «ទទួលទម្ងន់នៃការទទួលខុសត្រូវ» នៅលើស្មារបស់អ្នកស្រី។
ការឡើងកាន់តំណែងរបស់អ្នកស្រី Hochul គឺជាប្រវត្តិសាស្ត្រមួយនៅក្នុងរដ្ឋនេះដែលស្ត្រីទើបតែចាប់ផ្តើមទទួលតំណែងធំៗដែលកន្លងមកធ្លាប់តែកាន់កាប់លើសលប់ដោយបុរស។
អតីតអភិបាលរដ្ឋ New York លោក Cuomo បានចាកចេញពីតំណែងនៅម៉ោង១២យប់ គឺពីរសប្តាហ៍បន្ទាប់ពីលោកបានប្រកាសថា លោកនឹងលាលែងពីតំណែងជាជាងប្រឈមមុខនឹងការការចោទប្រកាន់៕