សាលាដំបូងខេត្តកំពង់ឆ្នាំង កាលពីថ្ងៃពុធ បានសម្រេចឃុំខ្លួនអភិបាលរងស្រុកកំពង់លែងម្នាក់និងបក្ខពួក២នាក់ផ្សេងទៀតជាបណ្តោះអាសន្ន ក្នុងពន្ធនាគារពីបទសង្ស័យថាពាក់ព័ន្ធការប្រព្រឹត្តបទល្មើស បំផ្លាញព្រៃលិចទំហំ៩ហិកតានៅតំបន់ហាមឃាត់ ឬតំបន់ដែលជាជម្រកត្រីពង ស្ថិតក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងដែលនៅជាប់បឹងទន្លេសាប។ នេះបើតាមអ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង។
អភិបាលរងស្រុកកំពង់លែងលោក ពុំ សុផល អាយុ៥៩ឆ្នាំ ត្រូវបានចោទប្រកាន់ក្នុងអំពើ«សមគំនិត ពីបទបំផ្លាញ គៃបំបាត់ និងកាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក» ហើយលោក លឹម ដានីន អាយុ៥៣ឆ្នាំ ដែលជាប្រធានការិយាល័យប្រជាពលរដ្ឋស្រុកកំពង់លែង និងពលរដ្ឋម្នាក់ទៀតឈ្មោះ ជួន តុំ អាយុ៥៣ឆ្នាំ ត្រូវបានចោទពីបទ «បំផ្លាញនិងគៃបំបាត់» និង «កាប់ឆ្ការគាស់រាន ឈូសឆាយព្រៃលិចទឹក»។ លោក ជួន តុំ គឺជាម្ចាស់សិប្បកម្មផលិតទឹកកកមួយកន្លែងក្នុងស្រុកកំពង់លែង។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពង់ឆ្នាំង លោក ហុង គឹមហាក់ បញ្ជាក់វីអូអេឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា បុគ្គលទាំង៣នាក់ត្រូវបានតុលាការចោទប្រកាន់ និងឃុំខ្លួនជាបណ្តោះអាសន្នក្នុងពន្ធនាគារ។
យ៉ាងណាក៏ដោយ ការចាប់ខ្លួនបុគ្គលទាំង៣នាក់នោះ កើតឡើងក្រោយការសង្ស័យរបស់អាជ្ញាធរមូលដ្ឋានថា ពួកគេបានជួលត្រាក់ទ័រចំនួន៥គ្រឿង ឱ្យឈូសឆាយព្រៃលិចទឹក ក្នុងភូមិកង្កែប ឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងទំហំ៩ហិកតា ដែលគ្រោងធ្វើក្នុងរយៈពេលមួយថ្ងៃឱ្យហើយ។ ប៉ុន្តែដោយសារដីព្រៃលិចទឹកនៅទីនោះមានទំហំក្រាស់ ទើបគម្រោងការមិនបានជោគជ័យ និងឈានដល់ថ្ងៃទី២ត្រូវបានបែកការណ៍ ជាហេតុធ្វើឱ្យរដ្ឋបាលជលផល និងសមត្ថកិច្ចបានចុះឃាត់ខ្លួន និងរឹបអូសវត្ថុតាង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយលោក សយ ចន្ទ័វិចិត្ត។
លោក សយ ចន្ទ័វិចិត្ត បន្ថែមថា៖ «ហើយសុំបញ្ជាក់ថា នៅពេលដែលគេធ្វើការកសាងសំណុំរឿងទៅ ដោយឈ្មោះ លឹម ដានីន ជាមន្ត្រីរាជការ អ៊ីចឹងគាត់ប្រើប្រាស់តួនាទីរបស់គាត់ក្នុងការបំផ្លាញ និងគៃបំបាត់ អ៊ីចឹងករណីហ្នឹង បទល្មើសហ្នឹងជាបទល្មើសដែលមានក្នុងច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ»។
ដោយឡែក តុលាការខេត្តកំពង់ឆ្នាំង បានចេញប្រកាសសេចក្តីប្រកាសព័ត៌មានមួយ កាលពីថ្ងៃពុធ បញ្ជាក់ថា ជនទាំង៣នាក់ ត្រូវបានចោទប្រកាន់ពាក់ព័ន្ធមាត្រា២៩ និងមាត្រា៦០៨នៃក្រមព្រហ្មទណ្ឌ និងមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា៩៨ នៃច្បាប់ស្តីពីជលផល។
បើរកឃើញថាមានកំហុស បុគ្គលទាំង៣នាក់នេះ អាចត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារមិនក្រោម២ឆ្នាំនោះទេ និងរងការផាកពិន័យជាប្រាក់ផ្សេងទៀត។
ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជា លោក ហេង គឹមហុង យល់ថា រូបភាពនេះជាករណីកម្រមួយ ហើយក៏ជាមេរៀនសម្រាប់មន្ត្រីរាជការដទៃទៀត កុំឱ្យប្រព្រឹត្តខុសច្បាប់ និងត្រូវតែគោរពតាមច្បាប់ជាធរមាន។
លោកប្រាប់វីអូអេថា៖ «យ៉ាងណាម៉ិញ ខ្ញុំចង់ឱ្យមានការអនុវត្តបែបនេះបន្តទៀត ដើម្បីធានាបានថា ការបំផ្លិចបំផ្លាញធនធានធម្មជាតិព្រៃលិចទឹក ឬក៏នៅពីក្រោយសកម្មភាពឧក្រិដ្ឋកម្មធំៗពាក់ព័ន្ធជាមួយនឹងការប្រព្រឹត្តខុសច្បាប់នៅក្នុងប្រទេសកម្ពុជា គឺមិនមានអ្នកណាម្នាក់រួចខ្លួនទេ ហើយរឹតតែមិនមានអ្នកណាម្នាក់អាងថាខ្លួនមានមន្ត្រីនៅពីក្រោយ»។
លោក ហេង គឹមហុង យល់ថារដ្ឋាភិបាល ក៏គួរតែមានការលើកទឹកចិត្តដល់មន្ត្រីរូបណា ដែលហ៊ានផ្តល់ព័ត៌មាន អំពីសកម្មភាពមិនប្រក្រតីរបស់មន្ត្រីពេលបំពេញភារកិច្ច ដើម្បីឈានដល់ការចាត់វិធានការច្បាប់ ដោយមិនគិតពីឋានៈតូចធំនោះឡើយ។
កាលពីខែវិច្ឆិកា ឆ្នាំ២០២១ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានបញ្ជាទៅមន្រ្តីក្រោមឱវាទ ឱ្យរឹបអូសដីព្រៃលិចទឹកបឹងទន្លេសាបវិញ ក្រោយមានការរាយការណ៍ថា អតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានទន្ទ្រានកាប់ព្រៃលិចទឹកបឹងទន្លេសាបដែលជាតំបន់ស្នូលត្រូវការពារក្នុងខេត្តកំពង់ឆ្នាំងជាង២ពាន់ហិកតា។ ការបញ្ជារបស់លោកហ៊ុន សែន នាពេលនោះកើតឡើង ក្រោយលោក សុខ ទូច ប្រធានស្ថាប័នរាជបណ្ឌិត្យសភាពកម្ពុជាដែលចុះសិក្សាអំពីបឹងទន្លេសាប រកឃើញករណីទន្ទ្រានកាប់ព្រៃលិចទឹកនៅបឹងទន្លេសាប។
ក្រោយមក អង្គភាពប្រឆាំងអំពើពុករលួយ បានឱ្យដឹងថា អតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បានប្រគល់ដីចំនួន២២កន្លែងជូនរដ្ឋវិញ តាមលទ្ធផលស្រាវជ្រាវរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងតាមការសម្រេចរបស់អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន។ ប៉ុន្តែអង្គភាពនេះ មិនបានបញ្ជាក់អំពីចំណាត់ការបែបណានោះទេចំពោះ លោក ឈួរ ច័ន្ទឌឿន ដែលបានផ្ទេរការងារមកធ្វើជាអនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ៕
វេទិកាបញ្ចេញមតិ