នៅពេលដែលរដ្ឋាភិបាលកំពុងអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនទ្រង់ទ្រាយធំជាលើកទី២ និងការខ្វះខាតទីកន្លែងដាក់ជនល្មើស និងអ្នកប្រើប្រាស់គ្រឿងញៀនទាំងនោះ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌លោក អង្គ វង្សវឌ្ឍនា បានបញ្ជាឲ្យសាលាដំបូងទូទាំងប្រទេសពន្លឿនការជម្រះក្តីលើបទល្មើសគ្រឿងញៀន ដើម្បីរឹបអូសយកទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសនោះ យកទៅសាងសង់មណ្ឌលអប់រំ និងកែប្រែ។ សង្គមស៊ីវិលឃ្លាំមើលសិទ្ធិមនុស្សបារម្ភថា ការបញ្ជាឲ្យពន្លឿននីតិវិធីនេះនឹងធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ជនជាប់ចោទពីបទល្មើសផ្សេងទៀត។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌បញ្ជាឲ្យតុលាការជាន់ទាបទូទាំងរាជធានីខេត្ត ពន្លឿនចំណាត់ការកាត់ក្តីបទល្មើសគ្រឿងញៀនឲ្យបានចប់ក្នុងរយៈពេលពី៤ខែ ទៅ៦ខែខាងមុខ ដើម្បីរឹបអូសទ្រព្យសម្បត្តិរបស់ជនល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនលក់ឡាយឡុង យកទៅសាងសង់មណ្ឌលកែប្រែ ដែលកំពុងចង្អៀត។
លោក អង្គ វង្សវឌ្ឍនា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងបែបនេះក្នុងសិក្ខាសាលាស្តីពីការគ្រប់គ្រង និងការដឹកនាំសាលាដំបូង និងអយ្យការអមសាលាដំបូង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។ លោកលើកឡើងថា មណ្ឌលកែប្រែគ្រឿងញៀននៅកម្ពុជាមានចំនួនតិច ជាហេតុធ្វើឲ្យអ្នកប្រើប្រាស់គ្រឿងញៀនមួយចំនួនមិនទទួលបានការព្យាបាល ឬបន្សាប។ លោកបន្ថែមថា សាលាដំបូងរាជធានីខេត្តនៅទូទាំងប្រទេស ត្រូវពន្លឿននីតិវិធីកាត់ក្តីពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនឲ្យបានលឿន ក្នុងរយៈពេលពី៤ខែ ទៅ៦ខែ ដើម្បីឲ្យសាលក្រមចូលជាស្ថាពរ និងអាចរឹបអូសទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនបានត្រឹមត្រូវទៅតាមនីតិវិធី។
លោក អង្គ វង្សវឌ្ឍនា មានប្រសាសន៍ថា៖
«តុលាការទាំងអស់នៅតាមសាលាដំបូងខេត្តក្រុងហ្នឹង គឺថារឿងអីដែលពាក់ព័ន្ធគ្រឿងញៀន សុំឲ្យមានការសម្រេច ឲ្យការជម្រះឲ្យបានលឿន ឲ្យរយៈពេលថា៦ខែ ៤ខែ បើតាមខ្ញុំមើលទៅវាក្នុងរយៈពេល៤ខែ ទៅ៦ខែហ្នឹង។ ៤ខែហ្នឹងអាចធ្វើបាន ហើយ៦ខែយ៉ាងយូរគឺអាចបញ្ចប់នៅសាលាដំបូងដែរ»។
រដ្ឋាភិបាលបានដាក់យុទ្ធនាការបង្រ្កាបគ្រឿងញៀនធំៗចំនួន២ ចាប់តាំងពីដើមឆ្នាំ២០១៧មក ស្របពេលយុទ្ធនាការដ៏ក្តៅគគុកបន្តដោយចាប់ខ្លួនអ្នកប្រើប្រាស់ អ្នកចែកចាយ និងអ្នកជួញដូរគ្រឿងញៀនជាច្រើនពាន់នាក់ រដ្ឋាភិបាលក៏បានប្រកាសពង្រីក និងសាងសង់ពន្ធនាគារ ព្រមទាំងមណ្ឌលកែប្រែបន្ថែមដើម្បីដាក់អ្នកដែលត្រូវបានចាប់ខ្លួនទាំងនោះ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ប្រាប់ VOA នារសៀលថ្ងៃអង្គារនេះថា ទ្រព្យសម្បត្តិដែលរឹបអូសពីបទល្មើសពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដែលត្រូវយកទៅដាក់លក់ឡាយឡុង នឹងក្លាយជាថវិការដ្ឋ។ លោកបន្ថែមថា ថវិកាពីការលក់ទ្រព្យសម្បត្តិដែលរឹបអូសពីបទល្មើសគ្រឿងញៀននេះ នឹងត្រូវប្រគល់ឲ្យមូលនិធិរបស់អាជ្ញាធរគ្រឿងញៀន ដើម្បីប្រើប្រាស់តាមតម្រូវការពាក់ព័ន្ធនឹងការងារសង្គម។
លោក ជិន ម៉ាលីន បញ្ជាក់ថា៖
«រដ្ឋាភិបាលបង្កើតមូលនិធិអាជ្ញាធរគ្រឿងញៀន។ ហើយមូលនិធិអាជ្ញាធរគ្រឿងញៀននេះគឺប្រើប្រាស់ក្នុងគោលដៅការងារសង្គមហ្នឹងឯង។ អាចមួយចំណែកនោះគឺយកទៅធ្វើការងារសង្គម ដូចជាការសាងសង់មណ្ឌលអប់រំកែប្រែ សំណងទៅលើជនរងគ្រោះមួយចំនួនដែលទទួលផលប៉ះពាល់ និងការលើកទឹកចិត្តដល់មន្រ្តីដែលមានស្នាដៃអីជាដើម។ ក្នុងការប្រើប្រាស់គោលដៅវាអាចមានច្រើន ក៏ប៉ុន្តែគោលដៅការងារមួយដែលជាការងារមនុសុ្សធម៌ និងការងារសង្គម ពាក់ព័ន្ធនឹងគ្រឿងញៀននេះ»។
លោក ជិន ម៉ាលីន បន្ថែមថា ការពន្លឿននីតិវិធីជម្រះនេះ នឹងត្រូវអនុវត្តលើបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនទាំងអស់ដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការឲ្យចប់ក្នុងរយៈពេលពី៤ខែ ទៅ៦ខែ ចំណែកបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀនផ្សេងៗទៀតដែលនឹងចាប់ក្នុងពេលខាងមុខ នឹងត្រូវជម្រះក្នុងរយៈពេលពី៤ខែ ទៅ៦ខែ នូវរៀងរាល់សំណុំរឿងនីមួយៗ។
កាលពីចុងខែធ្នូ ឆ្នាំ២០១៦ អគ្គស្នងការរងនគរបាលជាតិបានប្រកាសពីគម្រោងនៃការបង្កើតឲ្យមានមណ្ឌលអប់រំព្យាបាលនីតិសម្បាទាអ្នកញៀនថ្នាំនៅទូទាំងប្រទេស ចាប់ពីខែមករា ឆ្នាំ២០១៧។ លោក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ លើកឡើងនាពេលនោះថា មណ្ឌលអប់រំព្យាបាលនីតិសម្បទាអ្នកញៀនថ្នាំរបស់រដ្ឋមានចំនួន៧កន្លែង និងឯកជនមានចំនួន៣កន្លែង ដែលលោកបានអះអាងថា ចំនួននេះមិនសមាមាត្រនឹងចំនួនអ្នកដែលញៀនគ្រឿងញៀនជាង ១ម៉ឺននាក់ ហើយការទទួលការព្យាបាលបានមានតែ ៤០ ភាគរយនោះទេ។
លោក អំ សំអាត ប្រធានការិយាល័យបច្ចេកទេសស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លើកឡើងថា បច្ចុប្បន្នបទល្មើសពាក់ព័ន្ធនឹងគ្រឿងញឿនកំពុងមានការកើនឡើងច្រើន ដែលលោកថា ការពន្លឿននីតិវិធីជម្រះក្តីតែលើបទល្មើសដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងអាចធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់ជនដែលពាក់ព័ន្ធនឹងបទល្មើសផ្សេងទៀត។
លោកមានប្រសាសន៍ថា៖
«បើសិនជាយើងជំរុញទៅលើតែបទល្មើសគ្រឿងញៀន យើងបារម្ភខ្លាចលោជនជាប់ចោទផ្សេងទៀតហ្នឹងគឺអាចឃុំគាត់លើសនីតិវិធី ដោយសារតែគ្រប់តុលាការ គ្រប់សាលាដំបូងហ្នឹងគាត់ប្រញាប់ដៃប្រញាប់ជើង ដើម្បជំរុញឲ្យមានការជម្រះទៅលើបទល្មើសគ្រឿងញៀន អញ្ចឹងបទល្មើសផ្សេងៗវាអាចនឹងយឺតយ៉ាវវាអាចលើកនីតិវិធី។ អញ្ចឹងបានជាយើងខ្ញុំជាសង្គមស៊ីវិលយើងថា គួរតែអនុវត្តឲ្យស្មើភាពគ្នាទៅតាមនីតិវិធី ទៅតាមក្រមនីតិវិធី»។
លោក អំ សំអាត បន្ថែមថា មណ្ឌលកែប្រែបន្សាបគ្រឿងញៀននៅកម្ពុជាមានចំនួនតិច និងមិនទាន់មានសម្ភារៈបច្ចេកទេសគ្រប់គ្រាន់សម្រាប់ព្យាបាលបន្សាបគ្រឿងញៀននៅឡើយ ដូច្នេះលោកថា រដ្ឋាភិបាលត្រូវបង្កើនមណ្ឌលបន្សាបគ្រឿងញៀនឲ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការព្យាបាលជនដែលញៀនថ្នាំទាំងនោះឲ្យបានជាសះស្បើយ ដើម្បីឲ្យពួកគេអាចចូលរួមក្នុងការងារសង្គមវិញ។
រដ្ឋាភិបាលទើបតែដាក់ចេញយុទ្ធនាការបង្ក្រាបគ្រឿងញៀនរយៈពេល៦ខែ ជាលើកទី២ ចាប់ពីខែកក្កដា ដល់ ខែធ្នូ ឆ្នាំ២០១៧ បន្ទាប់ពីយុទ្ធនាការបង្ក្រាបគ្រឿងញៀនទ្រង់ទ្រាយធំជាលើកដំបូងដែលមានរយៈពេល៦ខែ នៃដើមឆ្នាំ២០១៧ បានបញ្ចប់។ បើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងយុទ្ធនាការបង្រ្កាបគ្រឿងញៀនជាលើកទី១ រដ្ឋាភិបាលប្រកាសថា ទទួលបានជោគជ័យក្រោយបង្រ្កាបគ្រឿងញៀនបានចំនួនជាង៤ពាន់ករណី ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុបជាង១០០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យ និងអ្នកប្រើប្រាស់បានចំនួនជាង១ម៉ឺននាក់៕