ចៅក្រមសហព័ន្ធសហរដ្ឋអាមេរិកម្នាក់បានកាត់ទោសលោក Paul Manafort អតីតប្រធានយុទ្ធនាការបោះឆ្នោតរបស់លោក ត្រាំ ឱ្យជាប់គុក៤៧ខែ ពីបទប្រព្រឹត្តអំពើទុច្ចរិតខាងពន្ធដារនិងខាងធនាគារ។
ការកាត់ទោសនេះមានរយៈពេលជាប់គុកតិចជាងរយៈពេលដែលពួករដ្ឋអាជ្ញាទាមទារឲ្យជាប់គុកពី១៩ទៅ២១ឆ្នាំដែលទំនងមានន័យថាលោក Manafort ដែលមានអាយុ៦៩ឆ្នាំហើយ ឋិតក្នុងការឃុំឃាំងក្នុងពន្ធនាគារអស់មួយជីវិត។
ចៅក្រម T.S. Ellis បាននិយាយថា សេចក្តីណែនាំរបស់សហព័ន្ធអំពីការកាត់ទោស និងការដាក់ទណ្ឌកម្មធ្ងន់ធ្ងរដែលលោក Robert Mueller រដ្ឋអាជ្ញាពិសេសផ្តល់អនុសាសន៍នោះ ជាការហួសប្រមាណ។
ចៅក្រម Ellis ក៏បានចង្អុលបង្ហាញដែរថា លោក Manafort មិនមែនត្រូវកាត់ទោសអំពីគោលដៅចំបងនៃការស៊ើបអង្កេតរបស់លោក Mueller ទេ ដែលគោលដៅចម្បងនោះថាតើពួកអ្នកឃោសនាបោះឆ្នោតឱ្យលោក ត្រាំ បានឃុបឃិតជាមួយប្រទេសរុស្សីដើម្បីឱ្យមានឥទ្ធិពលលើលទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីស.រ.អា.កាលពីឆ្នាំ២០១៦ឬទេ។
ជាមួយនឹងការមានទោសជាប់គុកជិតបួនឆ្នាំ ចៅក្រម Ellis ក៏បានពិន័យលោក Manafort ឱ្យបង់ប្រាក់ប្រាំម៉ឺនដុល្លារផងដែរ។
លោក Manafort បានត្រូវចោទប្រកាន់ពីបទលាក់មិនឱ្យរដ្ឋាភិបាលដឹងអំពីប្រាក់រាប់លានដុល្លារដែលលោកបានទទួលក្នុងពេលដែលលោកធ្វើការជាអ្នកនិយាយបញ្ចុះបញ្ចូលសភាស.រ.អា.សម្រាប់លោក Viktor Yanukovych អតីតប្រធានាធិបតីអ៊ុយក្រែនលម្អៀងទៅខាងរុស្សី ដែលមានន័យថាលោកបានទទួលប្រាក់រាប់លានដុល្លារ តែលោកមិនបានបង់ពន្ធដារទេ៕