ជាថ្មីម្តងទៀត មន្ត្រីរដ្ឋាភិបាលកម្ពុជា តំណាងទូត អង្គការអន្តរជាតិ និងអ្នកជំនាញសារព័ត៌មាន បានបង្ហាញសុទិដ្ឋិនិយមចំពោះសេចក្តីព្រាងច្បាប់«សិទ្ធិទទួលព័ត៌មាន» នាព្រឹកថ្ងៃអង្គារនេះ នៅក្នុងឱកាសប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក។
ទិវាសេរីភាពសារព័ត៌មានពិភពលោក ក្រោមប្រធានបទ«សិទ្ធិទទួលព័ត៌មានជាសិទ្ធិរបស់អ្នក!» ធ្វើឡើង ដើម្បីលើកស្ទួយសេរីភាពសារព័ត៌មាននៅកម្ពុជា វាយតម្លៃនូវកម្រិតសេរីភាព ក៏ដូចជាលើកកម្ពស់ការយល់ដឹងសាធារណជនអំពី«ច្បាប់សិទ្ធិទទួលព័ត៌មាន» ដើម្បីធានាថា ច្បាប់នេះស្របតាមស្តង់ដាអន្តរជាតិ និងបរិបទកម្ពុជាបច្ចុប្បន្ន។
ថ្លែងនៅក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក លោកស្រី Anne Lemaistre តំណាងអង្គការយូណេស្កូ (UNESCO) ប្រចាំនៅកម្ពុជា លើកឡើងថា សិទ្ធិទទួលព័ត៌មានគឺជាមូលដ្ឋាននៃសិទ្ធិមនុស្សរបស់ពលរដ្ឋកម្ពុជា ហើយសិទ្ធិនេះក៏នឹងជួយជំរុញឲ្យរដ្ឋាភិបាលកម្ពុជាបើកចំហរព័ត៌មានឲ្យកាន់តែមានតម្លាភាពក្នុងការឆ្លើយតបទៅកាន់សាធារណជន។
លោក ខៀវ កាញ៉ារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា សេចក្តីព្រាងច្បាប់ «សិទ្ធិទទួលព័ត៌មាន» ដែលមាន៩ជំពូក និង៣៩មាត្រានេះ កំពុងស្ថិតក្រោមការពិភាក្សាដោយក្រុមអ្នកជំនាញមកពីរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងអ្នកជំនាញសារព័ត៌មាន ដើម្បីសម្រេចបានច្បាប់មួយដែលកាន់តែសុក្រឹត និងអាចទទួលយកបានពីគ្រប់ភាគី។ ក៏ប៉ុន្តែ ពុំទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទបញ្ចប់កិច្ចពិភាក្សានៃច្បាប់នេះនៅឡើយនោះទេ។
សេចក្តីព្រាងច្បាប់«សិទ្ធិទទួលព័ត៌មាន» នេះបានកំណត់ពីភារកិច្ចដែលស្ថាប័នសាធារណៈនានាត្រូវផ្តល់ និងធ្វើការផ្សព្វផ្សាយព័ត៌មានជាសាធារណៈ ព្រមទាំងកាត់បន្ថយព័ត៌មានសម្ងាត់ឲ្យមានកម្រិតទាបបំផុត។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជាលើកឡើងថា ច្បាប់«សិទ្ធិទទួលព័ត៌មាន» នឹងបង្ខំឲ្យមន្ត្រីរដ្ឋាភិបាលផ្តល់ឯកសារដែលអ្នកសារព័ត៌មានត្រូវការជាចាំបាច់ និងអាចជួយឲ្យពួកគេមានលទ្ធភាពធ្វើអត្ថបទស៊ើបអង្កេតស៊ីជម្រៅជាងមុន។ ការណ៍នេះ នឹងរួមចំណែកកែលំអសង្គមឲ្យកាន់តែប្រសើរ។
«អ្នកកាសែត យើងអត់មានសិទ្ធិទៅចាប់ចងគេទេ ប៉ុន្តែអត្ថបទរបស់យើងមួយៗមានឥទ្ធិពលអាចធ្វើឲ្យមន្ត្រីម្នាក់ធ្លាក់ពីតំណែង ឡើងតំណែង ឬជាប់ពន្ធនាគារ នៅពេលដែលអ្នកសារព័ត៌មាន គាត់រាយការណ៍អំពីរឿងរ៉ាវមិនប្រក្រតីណាមួយ ការប្រព្រឹត្តខុសច្បាប់ណាមួយ។ នេះហើយជាអំណាច ដែលអ្នកសារព័ត័មានយើង ដែលជួយកែលំអសង្គមទៅរកភាពវិជ្ជមាន»។
ការប្រារព្ធទិវាសេរីភាពសារព័ត៌មាននេះធ្វើឡើង ស្របពេលដែលកម្ពុជាកំពុងពិភាក្សាសេចក្តីព្រាងច្បាប់ស្តីពីច្បាប់«សិទ្ធិទទួលបានព័ត៌មាន» និងខណៈពេលដែលអង្គការអ្នកសារព័ត៌មានគ្មានព្រំដែន ឬ Reporters Without Borders បានដាក់ចំណាត់ថ្នាក់កម្ពុជាថា សេរីភាពសារព័ត៌មានកម្ពុជាមានភាពប្រសើរជាងមុន។
កាលពីចុងខែមេសាកន្លងទៅ អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន បានដាក់ចំណាត់ថ្នាក់ឲ្យកម្ពុជាជាប់លេខ១២៨ ក្នុងចំណោមប្រទេសចំនួន១៨០ នៅឆ្នាំ២០១៦នេះ។ ចំណាត់ថ្នាក់នេះធ្វើឲ្យកម្ពុជាទទួលបានលេខ១ ចំពោះសេរីភាពសារព័ត៌មានក្នុងតំបន់អាស៊ាន និងធ្វើឲ្យកម្ពុជាទទួលបានចំណាត់ថ្នាក់១លេខប្រសើរជាងឆ្នាំមុន។
បើតាមលោក ប៉ា ងួនទៀង មានកត្តា៣សំខាន់ ដែលធ្វើឲ្យកម្ពុជាទទួលបានចំណាត់ល្អនេះ។ មួយ គឺការវិវត្តន៍ល្អនៃសេរីភាពសារព័ត៌មាននៅកម្ពុជា ដែលរាប់បញ្ចូលទាំងការថយចុះចំនួនអ្នកសារព័ត៌មានដែលត្រូវស្លាប់ និងចាប់ខ្លួន និងការផ្តល់អាជ្ញាបណ្ណដល់ទូរទស្សន៍របស់គណបក្សប្រឆាំង។ ទី២ គឺដោយសារតែសម្ពាធនយោបាយ ដែលធ្វើឲ្យអ្នកសារព័ត៌មានខ្លួនឯងខ្លាចរអាក្នុងធ្វើព័ត៌មានបែបស៊ើបអង្កេតទៅលើប្រធានបទចម្រូងចម្រាស់។ រីឯចំណុចទី៣ ដែលធ្វើឲ្យកម្ពុជាទទួលបានចំណាត់ថ្នាក់ល្អនេះគឺ ដោយសារតែស្ថានភាពសេរីភាពសារព័ត៌មានរបស់ប្រទេសជិតខាងកម្ពុជាមានស្ថានភាពអាក្រក់ជាងមុន។
«អ្នកសារព័ត៌មានយើង គឺដោយសារសម្ពាធនយោបាយ ដោយសារខ្វះយន្តការនៃការការពារ តុលាការមិនឯករាជ្យ តុលាការពុករលួយ ចឹងទៅគាត់[អ្នកកាសែត]ថយដៃ។ រឿងចម្រូងចម្រាស់ខ្លះ គាត់អត់ហ៊ានធ្វើទេ។ អ្នកសារព័ត៌មានយើងភាគច្រើន គាត់ធ្វើតាមព្រឹត្តិការណ៍។ មានព្រឹត្តិការណ៍អ្វីកើតឡើង យើងផ្សាយថា ឥឡូវមានយុទ្ធនាការបង្ក្រាបព្រៃឈើ ប៉ុន្តែការបង្ក្រាបហ្នឹងមានប្រសិទ្ធភាពទេ ឃ្លាំងផ្ទុកឈើវានៅទីណា អ្នកណាពាក់ព័ន្ធអ្វី អត់មានអ្នកណាហ៊ាន ធ្វើការស៊ើបអង្កេតទេ»។
លោក ប៉ា ងួនទៀង ដែលជាសមាជិកមួយនៃក្រុមបច្ចេកទេសធ្វើច្បាប់នេះ និងជា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីបណ្តាញព័ត៌មានឯករាជ្យ បង្ហាញការពេញចិត្តចំពោះវត្តមាននៃច្បាប់នេះ ដោយសារច្បាប់នេះអនុញ្ញាតឲ្យអ្នកសារព័ត៌មានមានសិទ្ធិកាន់តែទូលំទូលាយ តាមប្រម៉ាញ់ការពិតនៅពីក្រោយរឿងចម្រូងចម្រាស។ ក៏ប៉ុន្តែ លោក ប៉ា ងួនទៀង នៅតែមានមន្ទិល និងក្តីបារម្ភជុំវិញឆន្ទៈរបស់មន្ត្រីរដ្ឋាភិបាលក្នុងការអនុវត្តច្បាប់នេះ។
បើគិតតាំងពីឆ្នាំ២០១៥ មកទល់ទិវាសេរីភាពសារព័ត៌មានថ្ងៃនេះ មានអ្នកសារព័ត៌មានចំនួន៨២រូប ត្រូវបានសម្លាប់នៅជុំវិញពិភពលោក។ ក្នុងនោះប្រទេសដែលគ្រោះថ្នាក់ជាងគេសម្រាប់អ្នកសារព័ត៌មានគឺ ប្រទេសស៊ីរី ម៉ិកស៊ិក និងប្រទេសនៅទ្វីបអាមេរិកខាងត្បូង។
ស្របពេលគ្នាដែរ នៅថ្ងៃអង្គារនេះ សេចក្តីថ្លែងការណ៍របស់តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបមួយ បញ្ជាក់ថា សហភាពអឺរ៉ុបសូមថ្កោលទោសចំពោះការកើនឡើងនូវការបំភិតបំភ័យ និងអំពើហិង្សាចំពោះអ្នកសារព័ត៌មាន អ្នកការពារសិទ្ធិមនុស្ស និងបុគ្គលផ្សេងៗទៀតនៅក្នុងប្រទេសជាច្រើនទូទាំងពិភពលោក នៅពេលដែលពួកគេប្រើប្រាស់សិទ្ធិសេរីភាពរបស់ខ្លួនក្នុងការបញ្ចេញមតិទាំងនៅក្នុង និងក្រៅបណ្តាញអ៊ីនធឺណិត៕