កំណត់និពន្ធ៖ ភាពយន្តឯកសារមួយស្តីពីវីរភាពរបស់សកម្មជនការពារព្រៃឈើកម្ពុជា ដែលពលីជីវិត គឺលោក ឈុត វុទ្ធី ត្រូវបានហាមប្រាមមិនឲ្យចាក់ផ្សាយជាសាធារណៈក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែ អ្នកដឹកនាំផលិតឯកសារនេះ គឺ កញ្ញា Fran Lambrick ថ្លែងថា ភាពយន្តនេះ គួរតែត្រូវបានរដ្ឋាភិបាលគាំទ្រនឹងអនុញ្ញាតឲ្យធ្វើការបញ្ចាំងជាសាធារណៈដោយសារតែវាមិនបានប៉ះពាល់និងចោទជនណាម្នាក់នោះទេ។ ជាងនេះទៀត ភាពយន្តឯកសារនេះគឺនិយាយពីវីរភាពរបស់លោក ឈុត វុទ្ធី និងការពារព្រៃឈើកម្ពុជា។ លោក នៅ វណ្ណារិន នៃ VOA បានធ្វើបទសម្ភាសន៍ផ្តាច់មុខជាមួយនឹងកញ្ញាបណ្ឌិត Fran Lambrick អ្នកដឹកនាំផលិតឯកសារ «I Am Chut Wutty» ឬ«ខ្ញុំគឺឈុត វុទ្ធី» អំពីភាពយន្តឯកសារនេះនិងគម្រោងអនាគតនៃការបញ្ចាំងភាពយន្តនេះលើអ៊ីនធឺណិត។
សូមចុចស្តាប់និងអានកិច្ចសម្ភាសន៍ផ្តាច់មុខនេះទាំងស្រុងដូចតទៅ៖
VOA: បាទ សូមអរគុណកញ្ញាបណ្ឌិត Lambrick ដែលបានមក VOA នាថ្ងៃនេះ។
Fran Lambrick: មិនអីទេ។
VOA: កញ្ញាបណ្ឌិត Lambrick គឺជាអ្នកដឹកនាំផលិតភាពយន្តឯកសារមួយឈ្មោះថា «ខ្ញុំគឺជា ឈុត វុទ្ធី» ប៉ុន្តែគួរឲ្យសោកស្តាយដែលភាពយន្តឯកសារនេះ ត្រូវបានហាមឃាត់មិនឲ្យបញ្ចាំងដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ ដូច្នេះកញ្ញាអាចប្រាប់បានទេថា តើភាពយន្តឯកសារនេះនិយាយអំពីអ្វី?
Fran Lambrick: ខ្សែភាពយន្តនេះនិយាយអំពីសកម្មជនព្រៃឈើ ដែលពួកគាត់ការពារព្រៃឈើនៅកម្ពុជា។ ដោយចំពោះនោះ គឺភាពយន្តនេះឆ្លុះបញ្ចាំងពីខ្សែជីវិតរបស់លោក ឈុត វុទ្ធី។ ខ្ញុំបានថតគាត់កាលពីឆ្នាំ២០១១។ ខ្ញុំបានជួបគាត់នៅពេលដែលខ្ញុំចុះទៅថតជាមួយបណ្តាញសហគមន៍ព្រៃឡង់ ដែលដើរល្បាតព្រៃ។ ពួកគេបានស៊ើបអង្កេតការកាប់ព្រៃខុសច្បាប់ នៅក្នុងតំបន់មួយដែលព្រៃឈើត្រូវបានកាប់បំផ្លាញជាទ្រង់ទ្រាយធំដើម្បីធ្វើចម្ការកៅស៊ូ»។ ហើយវាបានបំផ្លាញជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ជាហេតុធ្វើឲ្យពួកគេចាត់វិធានការ។ ខ្ញុំបានជួបលោក ឈុត វុទ្ធី នៅព្រឹកនោះ។ មានប្រជាជន៥០០នាក់ ដែលរៀបចំខ្លួនរួចរាល់ដើម្បីដើរល្បាត។ យើងបានជួបគ្នា។ យើងបានជិះឡានជាមួយគ្នា។
គាត់គឺជាមនុស្សស្វាហាប់ ឆាប់ចូលចំណោម ជាមនុស្សមានការទាក់ទាញម្នាក់។ គាត់បានសួរខ្ញុំសំណួរទាំងនេះថា «មកពីណា តើកំពុងធ្វើអ្វី»។ ខ្ញុំបានប្រាប់គាត់អំពីការផលិតភាពយន្តឯកសារ។ នាពេលបន្ទាប់មកនៅថ្ងៃនោះ ខ្ញុំបានអង្គុយនៅក្បែរលោក វុទ្ធី នៅក្នុងពេលបាតុកម្ម ហើយគាត់ត្រូវបានទាហានម្នាក់ក្នុងចំណោមទាហានដែលនៅទីនោះ មកវាយប្រហារពីក្រោយ ហើយបានរុញគាត់ទៅនឹងដី។ គេភ្ជង់គាត់នឹងកាំភ្លើង ហើយបណ្តាញសហគមន៍ព្រៃឡង់បានជួយគាត់។ នោះគឺជាព្រឹត្តិការណ៍ដែលបានចាប់ផ្តើមនៅក្នុងភាពយន្តឯកសារនេះ។ នៅពេលនោះ ខ្ញុំមានបំណងគ្រាន់តែផលិតភាពយន្តឯកសារខ្លីមួយប៉ុណ្ណោះ។ ពេលនោះខ្ញុំកំពុងតែធ្វើការស្រាវជ្រាវសម្រាប់ថ្នាក់បណ្ឌិតរបស់ខ្ញុំនៅក្នុងព្រៃឡង់។ ខ្ញុំបានធ្វើការស្រាវជ្រាវអំពីព្រៃសហគមន៍។ ហើយ៥ខែក្រោយមក លោក ឈុត វុទ្ធី ត្រូវបានសម្លាប់នៅកន្លែងកាប់ឈើខុសច្បាប់មួយ នៅជួរភ្នំក្រវាញ។
VOA: ខ្ញុំបានដឹងថា ភាពយន្តឯកសារនេះត្រូវបានហាមឃាត់មិនឲ្យបញ្ចាំងនៅមេត្តាហោស៍ (Meta House) ក្នុងសប្តាហ៍នេះ។ តើភាពយន្តឯកសារនេះមានសារសំខាន់អ្វីខ្លះ (បានគេមិនឲ្យបញ្ចាំង)?
Fran Lambrick: ខ្ញុំយល់ថា ភាពយន្តនេះពិតជាសំខាន់ណាស់ ដោយសារតែ ភាពយន្តឯកសារនេះមានតួអង្គគំរូមួយ ជាស្នូលនៃសាច់រឿង។ ដូច្នេះ ឈុត វុទ្ធី គឺជាតួអង្គដែលមានភាពក្លាហាន និងបានបំផុសស្មារតីទៅដល់មនុស្សជាច្រើនរយនាក់នៅកម្ពុជា ដែលបានស្គាល់គាត់ ដែលបានធ្វើតាមគាត់ និងចង់ឲ្យគាត់ជួយ ជាពិសេសនៅពេលដែលពួកគេប្រឈមនឹងការបណ្តេញចេញដោយបង្ខំ ឬមានការកាប់ព្រៃឈើក្នុងសហគមន៍របស់ពួកគេ។ ភាពយន្តមួយនេះ បានបំផុសគំនិតមនុស្សជាច្រើន ក៏ព្រោះតែលោក ឈុត វុទ្ធី គឺជាវីរជន ហើយក៏ព្រោះតែលោក ឈុត វុទ្ធី ត្រូវបានសម្លាប់យ៉ាងសាហាវ»។ នោះគឺជាអ្វីដែលខ្ញុំគិត។
ប៉ុន្តែខ្ញុំមិនយល់ថា ហេតុអ្វីបានជាមានការហាមឃាត់មិនឲ្យបញ្ចាំងនាពេលឥឡូវនេះទេ ពីព្រោះខ្ញុំមិនគិតថានេះជាភាពយន្តឯកសាររសើបខាងនយោបាយនោះទេ។ លោក ឈុត វុទ្ធី ត្រូវបានសម្លាប់កាលពី៤ឆ្នាំមុន មិនមែននៅពេលថ្មីៗនេះទេ ហើយអ្វីទាំងអស់ដែលនៅក្នុងភាពយន្តឯកសារនេះ ត្រូវបានដឹងជាសាធារណៈរួចទៅហើយ។ នៅក្នុងភាពយន្តឯកសារនេះ មិនមានទម្លាក់កំហុសទៅអ្នកណាម្នាក់ឡើយ។ វាមិនបានចង្អុលបង្ហាញផ្ទាល់នោះទេ ប៉ុន្តែវាបានបង្ហាញយ៉ាងច្បាស់អំពីការរិតត្បិតទៅលើក្រុមប្រជាជនដែលក្រោកឈរការពារសិទ្ធិរបស់ពួកគេ ជាពិសេសទៅលើបរិស្ថានជុំវិញពួកគេ។
VOA: បាទ! ខ្ញុំគិតថា លោក ឈុត វុទ្ធី គឺជាសកម្មជនបរិស្ថានម្នាក់ដែលក្រោកឈរនិងជំរុញឲ្យរដ្ឋាភិបាលគិតអំពីការដាក់ព្រៃឡង់ជាព្រៃការពារ។ ថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីបានប្រកាសថា រដ្ឋាភិបាលមានគម្រោងដាក់ព្រៃឡង់ជាព្រៃការពារ។ ហើយនៅក្នុងសប្តាហ៍នេះ លោកឯកអគ្គរដ្ឋទូត William Heidt បានធ្វើទស្សនកិច្ចលើអាកាស ពិនិត្យមើលព្រៃឡង់។ ដូច្នេះ តើលោក ឈុត វុទ្ធី ឬក៏ភាពយន្តឯកសារនេះ បានជួយលើកកម្ពស់ការយល់ដឹងអំពីព្រៃឡង់ដល់កម្រិតណា?
Fran Lambrick: ចាស ខ្ញុំសង្ឃឹមថា វានឹងជួយលើកកម្ពស់ការយល់ដឹងអំពីព្រៃឡង់។ ហើយខ្ញុំសង្ឃឹមថា វាបានបង្ហាញពីរបៀបដែលព្រៃឡង់ត្រូវបានការពារក្រោមការដឹកនាំដោយសហគមន៍ដែលនៅទីនោះ។ លោក វុទ្ធី បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអ្នកសហគមន៍ ផ្តល់យោបល់ដល់ពួកគេ។ ប៉ុន្តែគាត់មិនមែនជាអ្នកដឹកនាំក្រុមនោះទេ។ ហើយការណ៍ពិតទៅ គឺគ្មានអ្នកដឹកនាំនៅក្នុងក្រុមនោះទេ។ ពួកគេសហការណ៍គ្នានៅទូទាំង៤ខេត្តនោះ។ នោះគឺជាបណ្តាញសហគមន៍មូលដ្ឋាន – គឺសហគមន៍ព្រៃឡង់។ ហើយថ្មីៗនេះ ពួកគេបានទទួលពានរង្វាន់ UN Equator Prize នៅទីក្រុងប៉ារីស កាលពីខែធ្នូកន្លងទៅ។ ដូច្នេះពួកគេបានធ្វើការងារដ៏អស្ចារ្យមួយដើម្បីការពារព្រៃនោះ។ លោក ឈុត វុទ្ធី គឺជាមនុស្សម្នាក់ក្នុងចំណោមអ្នកដែលបានជួយចាប់ផ្តើមនិងកសាងបណ្តាញនេះ។ ខ្ញុំគិតថា វាពិតជាសំខាន់ខ្លាំងណាស់ ដែលភាពយន្តឯកសារនោះបាននិយាយអំពីព្រៃឈើ។ នៅពេលពួកយើងផលិតភាពយន្តឯកសារនោះ ពួកយើងបានផ្តិតរូបភាពដ៏ស្រស់ស្អាតនៃព្រៃនោះដោយលម្អិត ដើម្បីឲ្យព្រៃនោះក្លាយទៅជាប្រធានបទមួយ ដែលអ្នកទស្សនាចាប់ផ្តើមស្រឡាញ់ ហើយចង់យកចិត្តទុកដាក់ពីវា។ ហើយវាជាការតស៊ូដើម្បីជីវិតលោក ឈុត វុទ្ធី និងការតស៊ូដើម្បីជីវិតនៃព្រៃឈើនេះ។
VOA: ខ្ញុំបានសួរទៅកាន់អ្នកនាំពាក្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អំពីភាពយន្តឯកសារនេះ។ លោកបាននិយាយថា មានកត្តាពីរយ៉ាងដែលភាពយន្តនេះត្រូវបានហាមឃាត់។ ទីមួយ គឺភាពយន្តនេះមិនបានសុំការអនុញ្ញាតឬអាជ្ញាប័ណ្ណ ពីក្រសួងមុនចុះថត។ ហើយបន្ទាប់ពីថត អ្នកនាំពាក្យនោះនិយាយថា អ្នកដឹកនាំផលិតភាពយន្តឯកសារត្រូវដាក់ភាពយន្តនោះឲ្យក្រសួងពិនិត្យមុននឹងអាចបញ្ចាំងបាន។ តើកញ្ញាឆ្លើយតបយ៉ាងណាដែរ ចំពោះការលើកឡើងនេះ?
Fran Lambrick: ខ្ញុំចង់ពន្យល់បង្ហាញថា ពីដំបូងឡើងដែលយើងចាប់ផ្តើមថត យើងមិនមានបំណងថតជាភាពយន្តឯកសារដែលមានរយៈពេលវែងសម្រាប់ការផ្សាយជាសាធារណៈដូចនេះទេ។ យើងគ្រាន់តែគ្រោងផលិតភាពយន្តឯកសារខ្លីមួយ ហើយដាក់បង្ហោះលើបណ្តាញ YouTube ដូច្នេះគេអាចមើលវាដោយសេរីនៅគ្រប់ប្រទេស។ ហើយពីដំបូង យើងមិនបានសុំការអនុញ្ញាតនោះទេ។ ខ្ញុំគិតថា ពួកគេគួរតែដកការហាមឃាត់នេះចេញ ហើយផ្តល់សិទ្ធិអនុញ្ញាតឲ្យមានការបញ្ចាំងភាពយន្តនេះ ពីព្រោះវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះប្រជាជនកម្ពុជា។ នេះគឺជាតួនាទីសំខាន់របស់ក្រសួងវប្បធម៌ ដោយមិនត្រូវគាបសង្កត់រឿងរ៉ាវអំពីវីរជនកម្ពុជានោះទេ ប៉ុន្តែត្រូវលើកតម្លៃពួកគេ និងចែករំលែករឿងរ៉ាវរបស់ពួកគេទៅកាន់ពិភពលោក។
VOA: និយាយទាក់ទងអំពីការដកអាជ្ញាប័ណ្ណនិងបទពិសោធន៍អំពីអាជ្ញាប័ណ្ណភាពយន្តវិញ។ បើតាមបទពិសោធន៍របស់លោកស្រី តើមានការហាមឃាត់របៀបនេះ នៅប្រទេសផ្សេងដែរឬទេ?
Fran Lambrick: ខ្ញុំគិតថា ភាគច្រើនភាពយន្តបែបនោះត្រូវបានហាមឃាត់នៅក្នុងប្រទេសដែលមានរបបគ្រប់គ្រងផ្តាច់ការ។ នៅលើគេហទំព័រ Wikipedia មានបញ្ជីអំពីភាពយន្តនៅទូទាំងពិភពលោក ដែលត្រូវបានហាមឃាត់។ ក្នុងនោះក៏មានភាពយន្តល្អៗច្រើនដែរ។ ខ្លះទៀតជារឿងកំប្លែង។ វាពិតជាចម្លែកដែរ ដែលបែបរឿងនោះត្រូវបានហាមឃាត់។ ហើយក៏ត្រូវបានហាមឃាត់ក្រោមរបបគ្រប់គ្រង ណាហ្ស៊ីអាល្លឺម៉ង់ និងនៅប្រទេសដែលមានការប៉ះពាល់ទៅលើសាសនា ដោយមានការបង្ហាញទាក់ទងនឹងរឿងផ្លូវភេទ ឬមានការបង្ហាញមិនសមរម្យទៅលើវប្បធម៌របស់ប្រទេសនោះ។ ប៉ុន្តែភាពយន្តឯកសារនេះ មិនមានកត្តាទាំងនោះទេ។ វាជាភាពយន្តឯកសារវិជ្ជមានមួយ បង្ហាញពីប្រជាជនដែលក្រោកឈរដើម្បី ការពារបរិស្ថានរបស់ពួកគេ។ តាមគំនិតខ្ញុំ ខ្ញុំគិតថា រដ្ឋាភិបាលកម្ពុជាគួរតែស្វាគមន៍ភាពយន្តឯកសារនេះ ហើយគួរតែមានមោទនភាពពីវា ព្រោះថាវាគឺជារឿងរ៉ាវនៃប្រជាជនដែលការពារសម្បត្តិជាតិកម្ពុជា។
VOA: ខ្ញុំបានមើលភាពយន្តនេះតាមអ៊ីនធឺណិត។ ខ្ញុំពិតជាមានសំណាងណាស់ដែលបានមើលភាពយន្តនេះ ហើយភាពយន្តហ្នឹងពិតជាល្អមើលណាស់។ ខ្ញុំមិនដែលបានមើលភាពយន្តល្អមើលបែបនេះ នោះទេ គឺភាពយន្តដែលតួអង្គ ពោលគឺសកម្មជនបរិស្ថាន ក្រោកឈរការពារព្រៃនិងផ្ទះរបស់ពួកគេ។ ដូច្នេះ តើកញ្ញាធ្លាប់ឃើញសកម្មភាពបែបនេះនៅក្នុងប្រទេសរបស់កញ្ញា ឬប្រទេសដទៃទៀតដែរឬទេ?
Fran Lambrick: វាក៏កើតមាននៅក្នុងប្រទេសដទៃដែរ។ ខ្ញុំធ្លាប់ឃើញរឿងបែបនេះ។ មានចលនាបរិស្ថានគ្រប់ទីកន្លែង ដែលនេះជារឿងដ៏អស្ចារ្យមួយ និងផុសផុលមែនទែន ប៉ុន្តែខ្ញុំគិតថា រឿងទាំងនោះមិនត្រូវបានគេនិយាយច្រើននោះទេ ហើយជារឿយៗសកម្មជនបរិស្ថាន ឬអ្នកដែលការពារបរិស្ថានប្រឆាំងនឹងប្រយោជន៍របស់អ្នកមានអំណាច ជាអ្នកនិយាយរឿងទាំងនេះ។ ជារឿយៗ ពួកគេត្រូវបានគេចាត់ទុកដូចឧក្រិដ្ឋជន ដែលមានប្រព្រឹត្តអ្វីមួយខុស ដោយសារតែមនុស្សទាំងនោះគឺជាអ្នកជួយសង្រ្គោះផែនដីយើងទាំងមូល។ ពួកគេគឺជាមនុស្សសំខាន់បំផុតនៅក្នុងពិភពលោកនៅពេលនេះ ដូចជាបម្រែបម្រួលអាកាសធាតុ និងអ្វីៗដែលយើងកំពុងប្រឈម។ ដូច្នេះមានរឿងមិនគួរឲ្យជឿផ្សេងទៀត។ ឧទាហរណ៍ នៅក្នុងប្រទេសប្រេស៊ីល មិត្តភក្តិខ្ញុំម្នាក់ផលិតខ្សែភាពយន្តអំពីសកម្មជនការពារព្រៃឈើពីររូប ដែលការពារនិងអភិរក្សព្រៃនៅប្រេស៊ីល។ គាត់ផលិតរឿងនិយាយពីពួកគេ។ ចុងក្រោយពួកគេទាំងពីរត្រូវបានគេសម្លាប់។ គាត់ក៏បន្តផលិតខ្សែភាពយន្តដែលនិយាយពីពួកគេ។ វាជារឿងបំផុសទឹកចិត្តមួយ។ ហើយខ្ញុំគិតថា រឿងនេះអាចនឹងធ្វើស្ថានភាពប្រែប្រួល។ រដ្ឋាភិបាលចាត់វិធានការ ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើនៅមុនពេលចេញផ្សាយរឿងនេះ។ កម្រិតនិទណ្ឌភាពក៏មិនដូចមុនដែរ។
VOA: បាទ! វាជារឿងដ៏កម្សត់មួយ ដោយសារតែសកម្មជននៅផ្ទាល់នឹងបរិស្ថានប្រឈមមុខនឹងរឿងជាច្រើន ហើយជួនកាលពួកគេប្រថុយប្រថានជីវិតរបស់ពួកគេទៅទៀត ដូចអ្នកកាសែតអញ្ចឹង ដែលប្រថុយប្រថានជីវិតដើម្បីធ្វើរបាយការណ៍បរិស្ថាន។ តើកញ្ញាគិតថា រឿងនេះអាចនឹងលើកទឹកចិត្តដល់សកម្មជនបរិស្ថាននៅក្នុងប្រទេសកម្ពុជា ឬលើកកម្ពស់ការយល់ដឹងទៅលើសកម្មភាពបញ្ឈប់ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជាដែរឬទេ?
Fran Lambrick: ខ្ញុំសង្ឃឹមយ៉ាងដូច្នេះ។ ខ្ញុំគិតអញ្ចឹង ដោយសារវាបានលើកទឹកចិត្តដល់មនុស្សជាច្រើនរួចហើយ។ ពួកគេបានប្រាប់ខ្ញុំថា រឿងហ្នឹងលើកទឹកចិត្តពួកគេ។ ចំពោះមនុស្សខ្លះ ពួកគេប្រហែលយល់ថា រឿងនេះជារឿងសោកនាដកម្មមួយ ហើយក៏គួរឲ្យខ្លាចខ្លះដែរ ដោយសារតែការប្រឈមរបស់លោក ឈុត វុទ្ធី ការវាយប្រហារ និងអំពើហិង្សាហ្នឹងវាធ្ងន់ធ្ងរពេក។ ខ្ញុំក៏អញ្ចឹងដែរ។ នៅពេលមើលរឿងនេះ ខ្ញុំយល់ថា វាមានអ្វីម្យ៉ាងដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ខ្លាច ប៉ុន្តែវាក៏លើកទឹកចិត្តដែរ។ ខ្ញុំគិតថា មនុស្សម្នាអាចឆ្លងផុតការភ័យខ្លាចនោះ។ ខ្ញុំគិតថា មនុស្សម្នាមានការយល់ឃើញផ្សេងៗគ្នា។ ប៉ុន្តែ ខ្ញុំយល់ថា មនុស្សច្រើនណាស់នឹងយល់ថា ចង់ឲ្យវាកាន់តែសកម្មនិងមានភាពក្លាហានជាងនេះ។
VOA: ពាក់ព័ន្ធនឹងព្រៃឡង់ រដ្ឋាភិបាលបានដាក់ព្រៃឡង់ជាព្រៃការពារទៅហើយនាពេលនេះ។ តើកញ្ញាគិតថា នេះដោយសារតែបណ្តាញព្រៃឡង់ ឬដោយសារតែលោក ឈុត វុទ្ធី ឬដោយសារតែសកម្មជនផ្សេងៗទៀត?
Fran Lambrick: ខ្ញុំគិតថា វាជាការខំប្រឹងរួមគ្នា។ ខ្ញុំយល់ថា វាជារឿងអស្ចារ្យមួយដែលព្រៃនេះត្រូវបានដាក់ជាព្រៃការពារ។ ប៉ុន្តែខ្ញុំគិតថា ការអនុវត្តបទបញ្ហានោះ និងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅព្រៃឡង់ និងការរក្សាព្រៃ ជាការងារ និងតួនាទីដ៏ធំ សម្រាប់បណ្តាញ និងសហគមន៍ព្រៃឡង់ សកម្មជនផ្សេងៗទៀត ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលមួយចំនួនទៀត។ ខ្ញុំគិតថា ដោយសារតែពេលវាជាព្រៃការពារជាផ្លូវការហើយ ដើម្បីអនុវត្តច្បាប់នោះដើម្បីឲ្យព្រៃហ្នឹងពិតជាត្រូវបានការពារ រដ្ឋាភិបាលត្រូវតែធ្វើការឲ្យជិតស្និទ្ធជាមួយនឹងសហគមន៍នៅទីនោះ។
VOA: សំណួរចុងក្រោយរបស់ខ្ញុំអំពីខ្សែភាពយន្តរបស់កញ្ញា គឺថា តើកញ្ញាមានគម្រោងអ្វីនាពេលអនាគតជាមួយនឹងខ្សែភាពយន្តឯកសារនេះ?
Fran Lambrick: ជាមួយនឹងខ្សែភាពយន្តនេះ យើងកំពុងរៀបចំយុទ្ធនាការមួយដើម្បីគាំទ្រដល់អ្នកការពារបរិស្ថាន មានដូចជាសកម្មជន ដូចដែលអ្នកថា អ្នកកាសែត សហគមន៍មូលដ្ឋាន អ្នកដែលតតាំងដើម្បីការពារបរិស្ថាន និងអ្នកដែលប្រថុយប្រថានធ្វើបែបនេះ។ យុទ្ធនាការនោះមានឈ្មោះថា «គ្មានទៀតទេ» ឬជាភាសាអង់គ្លេសថា «Not1More» ដោយសារវាត្រូវបានបំផុសដោយលោក ឈុត វុទ្ធី ដែលត្រូវបានធ្វើឃាតដោយសាររឿងនេះ។ គោលបំណងរបស់យើងគឺត្រូវបង្កើតបណ្តាញមួយ និងលើកទឹកចិត្តមនុស្សម្នាឲ្យមានភាពសកម្ម និងគាំទ្រអ្នកដែលនៅការពារផ្ទាល់ ពោលគឺអ្នកដែលប្រឈមនឹងការគំរាមកំហែង ប្រឈមនឹងការជាប់ចោទពីបទឧក្រិដ្ឋផ្សេងៗ ឲ្យបង្កើតបណ្តាញដើម្បីជួយពួកគេ។
យើងក៏មានគោលដៅនៅក្នុងការកំណត់ឡើងនូវអ្វីដែលអាចអនុវត្តបាន រួមមានការផ្សារភ្ជាប់បណ្តាញប្រជាជនដើម្បីផ្តល់ការគាំទ្រ។ ជាឧទាហរណ៍ អ្នកប្រឹក្សាយោបល់ស្ថាបនិកម្នាក់របស់យុទ្ធនាការនេះគឺលោក អ៊ុច ឡេង ដែលនាពេលថ្មីៗនេះបានទទួលពានរង្វាន់ Goldman ផ្នែកការការពារបរិស្ថាននៅក្នុងទីក្រុងសាន់ហ្រ្វាន់ស៊ីស្កូ (San Francisco)។ គាត់ជាអ្នកធ្វើយុទ្ធនាការមិនគួរឲ្យជឿម្នាក់ និងជាមនុស្សដែលធ្វើការលើកទឹកចិត្តខ្លាំង។ គាត់ប្រថុយប្រថាននឹងសុវត្ថិភាពរបស់ខ្លួន។ ដូច្នេះ យើងកំពុងធ្វើការជាមួយគាត់ដើម្បីជួយរក្សាសុវត្ថិភាពជូនគាត់។ គាត់ក៏ជាផ្នែកមួយនៃយុទ្ធនាការនេះដែរ និងជាមនុស្សម្នាក់ដែលអំពាវនាវឲ្យមានការគាំទ្រ និងការការពារល្អជាងនេះសម្រាប់អ្នកបរិស្ថាន។
VOA: សូមអរគុណ កញ្ញា Fran Lambrick សម្រាប់ការចំណាយពេលវេលារបស់កញ្ញា។
Fran Lambrick: សូមអរគុណ៕