កាលពីថ្ងៃសុក្រ គេនៅតែមិនទាន់ដឹងអំពីជោគវាសនារបស់ចំណាប់ខ្មាំងពីរនាក់របស់ក្រុមរដ្ឋអ៊ីស្លាមនៅឡើយទេមួយថ្ងៃនៅក្រោយពេលវេលាចុងក្រោយបង្អស់ដែលក្រុមរដ្ឋអ៊ីស្លាមទុកឲ្យសម្រាប់ការប្តូរអ្នកទោសបានកន្លងផុតទៅហើយ។ ចំណាប់ខ្មាំងទាំងពីរនាក់នោះជាអ្នកកាសែតជប៉ុនម្នាក់និងអ្នកបើកយន្តហោះម្នាក់នៃកងទ័ពអាកាសហ្ស៊កដានី។
ក្រុមយោធាហ្ស៊កដានីបាននិយាយថាក្រុមមន្ត្រីបានធ្វើការគ្មានឈប់ឈរអំពីករណី លោក Mu'ath al-Kasaesbeh ដែលជាអ្នកបើកយន្តហោះហ្ស៊កដានី។ លោកត្រូវចាប់ខ្លួននៅក្រោយយន្តហោះប្រតិកម្មរបស់លោកបានធ្លាក់ក្នុងប្រទេសស៊ីរីកាលពីខែមុន។
ក្រុមជនសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបានគំរាមកំហែងថានឹងសម្លាប់លោកប្រសិនបើប្រទេសហ្ស៊កដានីមិនដោះលែងអ្នកស្រី Sajida al-Rishawi អ្នកទោសអ៊ីរ៉ាក់ ដោយកំណត់ឲ្យដោះលែងឲ្យបានមុនពេលថ្ងៃលិចនៅថ្ងៃព្រហស្បតិ៍នេះ។ អ្នកស្រី Al-Rishawi ឋិតនៅក្នុងចំណោមក្រុមជនត្រូវប្រហារជីវិតក្នុងប្រទេស ហ្ស៊កដានីដោយសារមុខនាទីរបស់គាត់ក្នុងការបំផ្ទុះគ្រាប់បែកដ៏ប្រល័យកាលពីឆ្នាំ២០០៥នៅក្នុងប្រទេសហ្ស៊កដានី។ ក៏ប៉ុន្តែអាជ្ញាធរហ្ស៊កដានីនិយាយថាពួកគេនឹងដោះលែងគាត់តែនៅពេលណាមានភស្តុតាងថាអ្នកបើកយន្តហោះរបស់ខ្លួននៅរស់។
ប្រជាពលរដ្ឋនៅក្នុងប្រទេសហ្ស៊កដានី និងប្រទេសជប៉ុនបានដើរធ្វើបាតុកម្មនៅតាមផ្លូវកាលពីថ្ងៃសុក្រអំពាវនាវឱ្យមានការវិលត្រទ្បប់មកវិញដោយសុវត្ថិភាពនៃចំណាប់ខ្មាំងទាំងពីរនាក់នេះ។
អ្នកស្រី Rinko ដែលជាភរិយាលោក Goto បានធ្វើការអំពាវនាវដ៏រំជួលចិត្តមួយកាលពីយប់ថ្ងៃព្រហស្បតិ៍សុំឱ្យរដ្ឋាភិបាលក្រុងតូក្យូនិងរដ្ឋាភិបាលក្រុងអាម៉ាន់ជួយសង្គ្រោះជីវិតស្វាមីអ្នកស្រី។ ក៏ប៉ុន្តែការថតសំទ្បេងមួយដែលត្រូវបានចេញផ្សាយដោយក្រុមរដ្ឋអ៊ីស្លាមមិនបានសន្យាថានឹងមានការដោះលែងចំណាប់ខ្មាំងណាម្នាក់ជាថ្នូរនឹងអ្នកស្រី al-Rishawi ទេ៕