សារថតសម្លេងមួយដែលហាក់ដូចជាចេញមកពីអ្នកកាសែតជាតិជប៉ុនដែលត្រូវក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចាប់ខ្លួនបាននិយាយថា អ្នកបើកបរយន្តហោះម្នាក់នៃកងទ័ពអាកាសប្រទេសហ្ស៊កដានី ដែលត្រូវក្រុមរដ្ឋអ៊ីស្លាមចាប់ខ្លួនដែរនោះនឹងត្រូវប្រហារជីវិត បើរដ្ឋាភិបាលក្រុង Amman មិនព្រមប្រគល់ខ្លួនស្ត្រីអ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់ នៅវេលាថ្ងៃលិចនៅថ្ងៃព្រហស្បត៍នេះទេ។
អាជ្ញាធរនៅប្រទេសជប៉ុននិងហ្ស៊កដានី កំពុងបញ្ជាក់ការថតសម្លេងថ្មីនេះ ដែលគេប្រកាសថាជាសម្លេងរបស់អ្នកកាសែតជាតិជប៉ុន ឈ្មោះ Kenji Goto។
នៅក្នុងការថតសម្លេងដែលគេបានផ្សាយតាម អ៊ីនធឺណិតកាលពីល្ងាចថ្ងៃពុធ បុរសម្នាក់បានសម្គាល់ខ្លួនឯងថាឈ្មោះ Goto ដោយបាននិយាយថា ចំណាប់ខ្មាំងជាមួយលោក គឺលោក Mu'ath al-Kasaesbeh អ្នកបើកយន្តហោះជាតិហ្ស៊កដានី នឹងត្រូវសម្លាប់ភ្លាម បើប្រទេសហ្ស៊កដានី មិននាំយកភេរវករជាប់ទោសឈ្មោះ Sajida al-Rishawi ទៅដល់ព្រំដែនប្រទេសតួកគី នៅល្ងាចថ្ងៃព្រហស្បតិ៍នេះទេ។
រដ្ឋាភិបាលហ្ស៊កដានី បាននិយាយកាលពីថ្ងៃពុធថាខ្លួនយល់ព្រមប្តូរអ្នកទោសស្រីនេះជាមួយអ្នកបើកយន្តហោះរបស់ខ្លួន៕