លោក ស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីជប៉ុនបានហៅការកាត់ក្បាលជនជាតិជប៉ុន ដែលប្រហែលជាការពិត ដោយក្រុមរដ្ឋឥស្លាមនោះថា ជាអំពើយង់ឃ្នងនិងមិនគួរអនុញ្ញាតឲ្យកើតមានទេ។
មេដឹកនាំជប៉ុនបានប្រាប់សាធារណជនក្នុងការផ្សាយតាមទូរទស្សន៍ NHK នៅថ្ងៃអាទិត្យនេះថា ជប៉ុននឹងមិនចុះចាញ់ភេរវកម្មទេ ហើយលោកបានអំពាវនាវឲ្យមានការដោះលែងជនជាតិជប៉ុនដែលនៅសល់ជាបន្ទាន់គឺលោក Kenji Goto ដែលជាអ្នកកាសែតសេរី មិនជាប់កិច្ចសន្យា។
សេចក្តីថ្លែងការណ៍នេះធ្វើឡើងមួយថ្ងៃក្រោយពីក្រុមរដ្ឋឥស្លាមបានបង្ហោះវីដេអូ តាមអ៊ីនធឺណែតដែលបង្ហាញរូបលោក Kenji Goto កាន់រូបថតកាត់កលោក Haruna Yukawa ដែលជាអ្នកធ្វើកិច្ចសន្យាសន្តិសុខ ហើយដែលត្រូវចាប់ខ្លួនជាមួយលោកដែរនេះ។ ក្នុងវីដេអូនោះ មានសំឡេងមនុស្សប្រុស ដែលគេជឿថា ជាសំឡេងរបស់លោក Goto និយាយជាភាសាអង់គ្លេស ដោយមានសរសេរអក្សរអារ៉ាប់។ សំឡេងនោះថ្លែងទៅកាន់លោក Shinzo Abe ដោយចោទថា លោកទទួលខុសត្រូវចំពោះមរណភាពរបស់លោក Yukawa។ លោក Goto និយាយថា លោកអាចនឹងរួចខ្លួនជាថ្នូរនឹងការដោះលែងស្ត្រីម្នាក់ឈ្មោះ Sajida al-Rishawi ដែលជាប់ចោទថា បានព្យាយាមដាក់គ្រាប់បែកអត្តឃាត ហើយបច្ចុប្បន្ននេះជាប់ក្នុងការឃុំឃាំងនៅប្រទេសហ្សកដានី។
លោកប្រធានាធិបតីស.រ.អា.បារ៉ាក់អូបាម៉ា បានទូរស័ព្ទទៅលោក Shinzo Abe នៅថ្ងៃអាទិត្យនេះពីទីក្រុង New Delhi ប្រទេសឥណ្ឌាដើម្បីចូលរួមរំលែកទុក្ខ។ លោកក៏បានអរគុណលោក Shinzo Abe អំពីជំនួយមនុស្សធម៌ដែលជប៉ុនបានផ្តល់ទៅតំបន់មជ្ឈឹមបូព៌ាផងដែរ៕