ក្រុមហ៊ុន Johnson & Johnson បានបញ្ជាក់ថា វ៉ាក់សាំងចាក់តែមួយដូសរបស់ខ្លួនមានប្រសិទ្ធភាពចំនួន ៧២ ភាគរយ នៅក្នុងការរារាំងជំងឺកូវីដ១៩ នៅក្នុងសហរដ្ឋអាមេរិក។ ក៏ប៉ុន្តែ វ៉ាក់សាំងនេះមានប្រសិទ្ធភាពក្នុងអត្រា ៦៦ ភាគរយជាទូទៅ នៅក្នុងការសាកល្បងដ៏ធំមួយ ដែលបានធ្វើឡើងនៅទូទាំងទ្វីប ៣ និងការប្រឆាំងវីរុសកុរ៉ូណាវិវត្តថ្មី។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងការសាកល្បងលើអ្នកស្ម័គ្រចិត្តជិត ៤៤០០០ នាក់ កម្រិតនៃការការពារប្រឆាំងនឹងជំងឺកូវីដ១៩ ជាមធ្យមមានចំនួន ៥៧ ភាគរយ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ដែលនៅទីនោះមានវីរុសកូរ៉ូណាវិវត្តថ្មីកំ ពុងរាលដាលនិងកំពុងនាំឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។
លោកវេជ្ជបណ្ឌិត Walid Gellad សាស្ត្រាចារ្យជំនួយខាងគោលនយោបាយសុខាភិបាល នៅសាកលវិទ្យាល័យ Pittsburg បានបញ្ជាក់ថា៖ «នៅពេលនេះ ការការពារនិងការមានវ៉ាក់សាំងបន្ថែមណាមួយ ជាដំណឹងល្អណាស់»។
លោកនិយាយទៀតថា៖ «វីរុសកូរ៉ូណាវិវត្តថ្មីក្នុងប្រទេសអាហ្វ្រិកខាងត្បូង នៅមិនទាន់ឆ្លងរាលដាលច្រើនក្នុងសហរដ្ឋអាមេរិកទេ។ ហើយជាការពិត យើងចង់ឃើញវ៉ាក់សាំងមានប្រសិទ្ធភាពច្រើនជាងនេះ ក៏ប៉ុន្តែអ្វីដែលសំខាន់ គឺប្រសិទ្ធភាពប្រឆាំងនឹងករណីឈឺធ្ងន់ ការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យនិងការស្លាប់របស់អ្នកជំងឺ»។
លោក Gellad បាននិយាយបន្តថា៖ «យើងប្រហែលមិនលុបបំបាត់ជំងឺកូវីដ១៩ នៅពេលឆាប់ៗនេះទេ ក៏ប៉ុន្តែ បញ្ហាសំខាន់គឺធ្វើយ៉ាងណា កុំឲ្យវីរុសនេះបំលែងក្លាយជាជំងឺដែលមានគ្រោះថ្នាក់ដល់ជីវិត»៕