មេបក្សកម្លាំងជាតិសម្រេចមិនប្តឹងទាស់នឹងការកាត់ទោសរូបលោកដាក់ពន្ធនាគារ២ឆ្នាំ
ប្រធានគណបក្សកម្លាំងជាតិ លោក ស៊ុន ចន្ធី សម្រេចមិនប្តឹងទាស់ដោយសុខចិត្តយកតាមការសម្រេចរបស់តុលាការជាន់ទាប ដែលផ្តន្ទាទោសឱ្យលោកជាប់ពន្ធនាគាររយៈពេល២ឆ្នាំ ក្រោមហេតុផលថា លោកមិនមានជំនឿលើតុលាការឡើយ។ កាលពីធ្នូ ឆ្នាំ២០២៤ លោក ស៊ុន ចន្ធី ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងបានដកសិទ្ធិរបស់លោកមិនឱ្យបោះឆ្នោត និងដកសិទ្ធិមិនឱ្យឈរឈ្មោះបោះឆ្នោតជាស្ថាពរ ក្រោមបទចោទប្រកាន់«ញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ លោក ស៊ុន ណារិន រាយការណ៍ឲ្យវីអូអេពីរាជធានីភ្នំពេញ៕