លោក Jimmy Carter អតីតប្រធានាធិបតីសហរដ្ឋអាមេរិកនិងមហាសេដ្ឋីអាមេរិក លោក Bill Gates បានចូលរួមគ្នាសម្តែងនូវការព្រួយកង្វល់អំពីការសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំក្នុងការផ្អាកការផ្តល់ថវិកាដល់អង្គការសុខភាពពិភពលោក។
លោក Carter អតីតប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធម្សិលមិញដោយនិយាយថា ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិនេះ «ជាអង្គការអន្តរជាតិតែមួយគត់ មានលទ្ធភាពដឹកនាំការខំប្រឹងប្រែងដើម្បីត្រួតត្រាវីរុសនេះ»។
លោកអតីតប្រធានាធិបតីអាមេរិកមានប្រសាសន៍ទៀតថា លោកមានការទុកព្រួយអំពីការសម្រេចបញ្ឈប់ការផ្តល់ថវិកាដ៏សំខាន់របស់សហរដ្ឋអាមេរិកក្នុងអំឡុងនៃការរាតត្បាតអន្តរជាតិនៃមេរោគនេះ។
លោក Gates ដែលជាអ្នកផ្តល់ថវិកាដ៏សំខាន់មួយទៅឲ្យអង្គការសុខភាពពិភពលោក (WHO) មានប្រសាសន៍ថា ការសម្រេចនេះជា«ការគ្រោះថ្នាក់»មួយ។
សហរដ្ឋអាមេរិកជាអ្នករួមវិភាគទានប្រាក់ដ៏ធំបង្អស់មួយរបស់ពិភពលោកដល់អង្គការសុខភាពពិភពលោក (WHO) ដោយមានការរួមវិភាគទានជាទឹកប្រាក់ជាង៤រយលានដុល្លារក្នុងឆ្នាំ២០១៩ ដែលមានជិតប្រហែល១៥ភាគរយនៃថវិការបស់អង្គការនោះ។
លោកប្រធានាធិបតីត្រាំបានចោទអង្គការដែលមានទីតាំងនៅក្នុងទីក្រុងហ្សឺណែវកាលពីថ្ងៃអង្គារពីការមិនបានទទួលព័ត៌មានឯករាជ្យអំពីមេរោគកូរ៉ូណាដែលមានប្រភពពីទីក្រុងវូហាននៃប្រទេសចិន ហើយផ្ទុយទៅវិញ ពឹងផ្អែកលើរបាយការណ៍ផ្លូវការណ៍របស់ចិន។កាលពីដំបូងពួកមន្រ្តីចិន បានព្យាយាមនិយាយសម្រាលពិភាពគ្រោះថ្នាក់នៃមេរោគកូរ៉ូណាថ្មីនេះ។ លោកប្រធានាធិបតី ត្រាំ បាននិយាយថា ការផ្តល់ថវិកានេះនឹងត្រូវផ្អាកដោយរង់ចាំការស៊ើបអង្កេតពីចំណាត់ការរបស់អង្គការសុខភាពពិភពលោក (WHO) នៃការផ្ទុះឡើងនូវមេរោគនោះ។
សហរដ្ឋអាមេរិកឥឡូវនេះ បានក្លាយជាប្រទេសមួយដែលបានរងការប៉ះពាល់យ៉ាងខ្លាំងបំផុត ដោយមាន៦សែន៤ម៉ឺន៤ពាន់ករណីជំងឺកូវីត១៩កាលពីថ្ងៃពុធនៃជាង២លានករណីនៅទូទាំងពិភពលោក៕