លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំង បានហៅការបោះឆ្នោតកាលពីថ្ងៃអាទិត្យថា ជាការឆបោក និងគួរឲ្យអៀនខ្មាស ដោយបង្ហាញលទ្ធផលដែលមិនគួរឱ្យភ្ញាក់ផ្អើល។
គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានឈ្នះអាសនៈសភាទាំងអស់ចំនួន១២៥ ក្នុងការបោះឆ្នោតដែលអ្នករិះគន់និយាយថា មិនសេរី និងមិនយុត្តិធម៌។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ជាង៨២% នៃអ្នកដែលបានចុះឈ្មោះបោះឆ្នោត បានទៅបោះឆ្នោត។
លោក សម រង្ស៊ី និយាយថា សូម្បីក្នុងការបោះឆ្នោតឆ្នាំ២០១៣ ដែលគណបក្សសង្គ្រោះជាតិមិនបានធ្វើពហិការផងនោះ មានអ្នកចេញទៅបោះឆ្នោតតែ៦៩,៦១%។
ដូច្នេះតួលេខអ្នកចេញទៅបោះឆ្នោត៨២%នេះ មិនអាចទទួលបាននោះទេ។ ក្រៅពីនេះ លោក សម រង្ស៊ី បានបន្ថែមថា អ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅទូទាំងប្រទេសបានរាយការណ៍ថា ការិយាល័យបោះឆ្នោតជាច្រើនទំនេរ ដែលធ្វើឱ្យតួលេខរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាន់តែមិនអាចជឿបាន។
លោកបាននិយាយថា អ្នកបោះឆ្នោតនៅតំបន់ជនបទត្រូវបានបង្ខំឱ្យបោះឆ្នោត ដែលធ្វើឲ្យសន្លឹកឆ្នោតមិនបានការមានចំនួនច្រើន ដែលជាកត្តាមួយទៀតបង្ហាញថា ការបោះឆ្នោតនេះមិនប្រជាធិបតេយ្យ។
ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧ មានអ្នកបោះឆ្នោត៩០%។
លោក សមរង្ស៊ី សង្ឃឹមថា លោកអាចវិលត្រឡប់មកកម្ពុជាវិញបានឆាប់ ហើយថា លោក ហ៊ុន សែន នឹងត្រូវគាបសង្កត់ឱ្យដោះលែងអ្នកទោសនយោបាយ។ អ្នកគាំទ្រគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយកាលពីឆ្នាំមុន បានធ្វើការតវ៉ានៅស.រ.អា.និងនៅប្រទេសជាច្រើនកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យកន្លងទៅ៕