ទីភ្នាក់ងារអវកាសជប៉ុននៅថ្ងៃចន្ទនេះ បានលើកពេលនៃការបាញ់បង្ហោះយានអវកាស "Moon Sniper" ជាលើកទី៣របស់ខ្លួនទៅកាន់ឋានព្រះចន្ទ ដោយសារតែហេតុផលអាកាសធាតុមិនអំណោយផលល្អ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
រ៉ុក្កែត H2-A មានកំណត់ថានឹងបាញ់បង្ហោះយានអវកាសនេះចេញពីកោះ Tanegashima ភាគខាងត្បូងប្រទេសជប៉ុន ដែលនឹងនាំយកទៅជាមួយនូវផ្កាយរណបស្រាវជ្រាវមួយ ដែលអភិវឌ្ឍរួមគ្នាជាមួយទីភ្នាក់ងារអវកាសអាមេរិក NASA និងទីភ្នាក់ងារអវកាសអឺរ៉ុបផងដែរ។
ទីភ្នាក់ងាររុករកអវកាសជប៉ុន JAXA មិនបានកំណត់ពេលវេលាជាថ្មី សម្រាប់ការបាញ់បង្ហោះយានអវកាសបេសកកម្មនេះនៅឡើយទេ ដែលការណ៍នេះកើតមានឡើងក្រោយពីប្រទេសឥណ្ឌាបានបាញ់បង្ហោះយានអវកាសស្រាវជ្រាវមួយរបស់ខ្លួនប្រកបដោយជោគជ័យ ទៅកាន់ឋានព្រះចន្ទកាលពីសប្តាហ៍មុន។
ក្នុងពេលកន្លងទៅមានតែសហរដ្ឋអាមេរិក រុស្ស៊ីនិងប្រទេសចិនតែប៉ុណ្ណោះ ដែលអាចឡើងទៅដល់ឋានព្រះចន្ទ ហើយមិនមានប្រទេសណាមួយក្នុងចំណោមប្រទេសទាំងបីនេះ បានទៅដល់ប៉ូលខាងត្បូងនៃព្រះចន្ទនៅឡើយទេ។
ប្រទេសជប៉ុនក៏បានព្យាយាមសាកល្បងបាញ់បង្ហោះយានអវកាសរបស់ខ្លួនកាលមុនផងដែរ ដោយកាលពីឆ្នាំទៅបានប៉ុនប៉ងបញ្ជូនយានអវកាស Omotenashi ទៅកាន់ព្រះចន្ទផងដែរ ប៉ុន្តែបេសកកម្មនោះមិនបានប្រព្រឹត្តទៅតាមការគ្រោងទុក ហើយទំនាក់ទំនងជាមួយយានអវកាសនោះត្រូវបានកាត់ផ្តាច់។
កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុនយានអវកាស ispace របស់ជប៉ុន បានបរាជ័យក្នុងការប៉ុនប៉ងដ៏មហិច្ឆតា ចង់ក្លាយជាក្រុមហ៊ុនឯកជនដំបូងគេ ដែលអាចទៅដល់ឋានព្រះចន្ទ ប៉ុន្តែបានបរាជ័យ ដោយការដាច់ការទាក់ទងគ្នា ក្រោយអ្វីដែលក្រុមហ៊ុនហៅថា ជាការ«ចុះចតដ៏ប៉ះទង្គិចយ៉ាងខ្លាំងមួយ»៕