កាលពីថ្ងៃទី១៦ ខែសីហា រដ្ឋ Texas បានយល់ព្រមតាមផែនការតម្រូវឱ្យក្រុមហ៊ុននានាបញ្ចូលបច្ចេកវិទ្យារបស់ក្រុមហ៊ុន Tesla ក្នុងស្ថានីយ៍បញ្ចូលភ្លើងយានយន្តអគ្គិសនីដើម្បីអាចទទួលមូលនិធិជំនួយសហព័ន្ធ ទោះជាមានការអំពាវនាវឱ្យមានពេលច្រើនជាងមុនសម្រាប់ចាត់ចែងខាងវិស្វកម្មជាថ្មីនិងធ្វើតេស្តស្ថានីយ៍បញ្ចូលភ្លើងទាំងនេះ។
សេចក្តីសម្រេចរបស់រដ្ឋ Texas ដែលទទួលប្រាក់ច្រើនជាងគេនៃកម្មវិធីមានទឹកប្រាក់៥.០០០លានដុល្លារដើម្បីស្ថាបនាស្ថានីយ៍បញ្ចូលភ្លើងយានយន្តអគ្គិសនីតាមផ្លូវល្បឿនលឿនស.រ.អ.កំពុងត្រូវសង្កេតមើលដិតដល់ដោយរដ្ឋឯទៀតៗ។ សេចក្តីសម្រេចនេះក៏ជាជំហានទៅមុខមួយសម្រាប់ធ្វើផែនការរបស់លោក Elon Musk នាយកប្រតិបត្តិនៃក្រុមហ៊ុន Tesla ក្នុងការធ្វើបច្ចេកវិទ្យាបញ្ចូលភ្លើងរបស់ខ្លួនជាប្រព័ន្ធស្តង់ដារ។
ការប្រឹងប្រែងរបស់ក្រុមហ៊ុន Tesla ប្រឈមនឹងការធ្វើតេស្តដំបូងៗនៅពេលរដ្ឋខ្លះចាប់ផ្តើមប្រើមូលនិធិនេះហើយ។ ក្រុមហ៊ុននេះបានទទួលចាត់ចែងគម្រោងមួយចំនួនក្នុងការផ្តល់ប្រាក់លើកទីមួយរបស់រដ្ឋ Pennsylvania ដែលត្រូវប្រកាសកាលពីថ្ងៃចន្ទទី១៤ ខែសីហា តែមិនបានទទួលធ្វើគម្រោងណាមួយក្នុងរដ្ឋ Ohio កាលពីខែមុនទេ។
បទបញ្ញត្តិសហព័ន្ធតម្រូវឱ្យក្រុមហ៊ុននានាផ្តល់ប្រព័ន្ធបញ្ចូលភ្លើងអគ្គិសនីរួម ដែលជាស្តង់ដារមួយរបស់អាមេរិកដែលរដ្ឋបាលលោក Bidenចង់បានដើម្បីយកជាកម្រិតអប្បបរិមាដើម្បីអាចទទួលបានមូលនិធិនោះ។
តែ រដ្ឋនីមួយៗអាចបន្ថែមការតម្រូវរបស់ខ្លួនផ្ទាល់លើប្រព័ន្ធបញ្ចូលភ្លើងអគ្គិសនីរួម CCS នៅមុនប្រើប្រាស់មូលនិធិសហព័ន្ធនៅកម្រិតមូលដ្ឋាន។
សេចក្តីប្រកាសរបស់ក្រុមហ៊ុន Ford Motor និង General Motors កាលពីប្រមាណពីរខែមុននេះថាពួកគេគ្រោងនឹងទទួលយកស្តង់ដារបញ្ចូលអគ្គិសនីយានយន្តនៅទ្វីបអាមេរិកខាងជើងរបស់ក្រុមហ៊ុន Tesla គឺ North American Charging Standard បាននាំឱ្យមានការរំភើបចិត្តខ្លាំងនៅទូទាំងឧស្សាហកម្មរថយន្តហើយបានបណ្តាលឱ្យក្រុមហ៊ុនផលិតរថយន្តនិងក្រុមហ៊ុនបញ្ចូលភ្លើងក្នុងរថយន្តអគ្គិសនីឱបក្រសោបយកបច្ចេកវិទ្យានេះ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ