ប្រទេសជប៉ុនបានសន្យាថានឹងផ្តល់ថវិកាចំនួន៤,៥ពាន់លានដុល្លារដល់អ៊ុយក្រែនសម្រាប់ការធ្វើសង្គ្រាមប្រឆាំងនឹងរុស្ស៊ី។ នេះបើតាមការប្រកាសរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយទឹកប្រាក់ចំនួន១ពាន់លានដុល្លារ ត្រូវបានកំណត់ជាជំនួយមនុស្សធម៌។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងក្នុងសុន្ទរកថាប្រចាំថ្ងៃរបស់លោក កាលពីថ្ងៃព្រហស្បតិ៍ថា «ប្រទេសជប៉ុនមានការគាំទ្រមិនងាករេនិងប្រកាន់គោលការណ៍សម្រាប់ប្រទេសយើង ប្រជាជនយើង ហើយខ្ញុំសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះជំនួយនេះ»។ លោកបន្ថែមទៀតថា ការសម្រេចចិត្តរបស់ជប៉ុនក្នុងការគាំទ្រអ៊ុយក្រែននៅពេលនេះ គឺ«ចំពេលល្អនិងមានការចាំបាច់ខ្លាំង»។
ទន្ទឹមនឹងនេះដែរ រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញពីចំណាត់ការមួយចំនួនទៅលើក្រុមចោរព័ត៌មានវិទ្យារបស់រុស៊្សី ដែលត្រូវបានចោទប្រកាន់ថា បានព្យាយាមវាយប្រហារលើគោលដៅបុគ្គលនិងស្ថាប័នអាមេរិក និងចូលជ្រៀតជ្រែកក្នុងការបោះឆ្នោតរបស់អង់គ្លេសផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកលោកMatthew Miller បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមចោរព័ត៌មានវិទ្យា ដែលបានកំណត់មុខសញ្ញារួមមានក្រុម Callisto ដែលគេស្គាល់ថាជាStar Blizzard ឬ COLDRIVER ដែលពាក់ព័ន្ធនឹងការធ្វើចារកម្មហើយមានទំនាក់ទំនងជាមួយទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី។
ទន្ទឹមនឹងនេះដែរ ក្រសួងយុត្តិធម៌អាមេរិកក៏បានចេញដីកានាំខ្លួនក្រុមចោរព័ត៌មានវិទ្យារុស្ស៊ី២នាក់ ដែលបានជាប់ពាក់ព័ន្ធនឹងអ្វីដែលក្រសួងការបរទេសអាមេរិកហៅថា ជាការឃុបឃិតព្រហ្មទណ្ឌលួចព័ត៌មាន ដែលមានគោលដៅលើស្ថាប័ននិងបុគ្គលអាមេរិក ដែលក្នុងនោះក៏មានបុគ្គលិកនៃអគារក្រសួងថាមពលអាមេរិកមួយចំនួនផងដែរ៕
ព័ត៌មានខ្លះសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មានAssociated Press, Agence France-Presse និងReuters.