ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Biden និង​មេដឹកនាំ​១៣​ប្រទេស​ផ្សេង​ទៀត​ ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​​សម្រាប់​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែងនៅពេល​អាហារ​ពេល​ល្ងាច​ជាមួយប្រមុខរដ្ឋ​នៅ​ឯ​​កិច្ច​ប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០២៣ នៅ​សារមន្ទីរ Legion of Honor ក្នុង​ទីក្រុង San Francisco។
ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ថ្លែងនៅពេល​អាហារ​ពេល​ល្ងាច​ជាមួយប្រមុខរដ្ឋ​នៅ​ឯ​​កិច្ច​ប្រជុំ​កំពូល​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ២០២៣ នៅ​សារមន្ទីរ Legion of Honor ក្នុង​ទីក្រុង San Francisco។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិកកាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ ​បាន​អបអរ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​ថ្មី​មួយ​ ក្នុង​ចំណោមប្រទេសចំនួន​១៤ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ ​ដើម្បីទប់ទល់​ជា​មួយនឹង​ការ​គ្រប់គ្រង​សេដ្ឋកិច្ចរបស់​ប្រទេស​ចិន​ក្នុង​តំបន់​នេះ​ ដោយ​លើក​ឡើង​ថា​ កិច្ចព្រមព្រៀង​ដែល​មេដឹកនាំ​បាន​ចុះ​ហត្ថលេខាក្នុងកិច្ចប្រជុំ​កំពូល​សេដ្ឋកិច្ចនេះ​នឹង​ដោះ​ស្រាយ​បញ្ហា​សំខាន់ៗ​ ដូច​ជា​កង្វះ​ខាតបន្ទះ​ឈីប ​ក្នុង​ពេល​អនាគត​ ដោយធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវភាព​ធន់មាំ​នៃសង្វាក់​ផ្គត់ផ្គង់​របស់​វា​ផង​ដែរ។​ ​ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​មិន​មែន​ជាកិច្ចព្រមព្រៀង​ពាណិជ្ជកម្មផ្លូវ​ការ​នោះ​ឡើយ។

មេដឹក​នាំទាំង​១៤​ប្រទេសនេះ​បាន​និយាយ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ​ថា​៖ «គោលបំណង​នៃ​កិច្ចព្រមព្រៀង​នេះ​ គឺ​ដើម្បីលើកកម្ពស់សិទ្ធិ​កម្មករ​ បង្កើន​សមត្ថភាព​របស់​យើងដើម្បី​ទប់ទល់​ និងការ​ឆ្លើយ​តប​ទៅ​នឹងការរាំង​ស្ទះ​សង្វាក់​ផ្គត់ផ្គង់​ ពង្រឹង​កិច្ចសហ​ប្រតិបត្តិការលើ​អន្តរកាល​ឆ្ពោះ​ទៅ​សេដ្ឋកិច្ចបរិសុទ្ធ​ ​និង​ការ​ប្រយុទ្ធប្រឆាំង​អំពើ​ពុករលួយ​ និង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវការ​គ្រប់គ្រង​ពន្ធ​ដារ​ឱ្យ​មានប្រសិទ្ធភាព​ផង​ដែរ»។ ​

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក​ Joe Biden​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ក៏​បានថ្លែង​ប្រាប់​មេដឹកនាំក្នុង​ស្រុក​និង​ប្រធានក្រុម​ហ៊ុន​នានា​ ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ថា​ សហរដ្ឋ​អាមេរិក​ មាន​ការ​តាំង​ចិត្តទៅ​លើ​ពាណិជ្ជកម្ម​និង​ភាព​ជា​ដៃគូ​ដែល​មាន​បទដ្ឋាន​ខ្ពស់​ ដែល​នឹង​ផ្តល់ផល​ប្រយោជន៍​សេដ្ឋកិច្ចនៅ​ទូទាំង​តំបន់ប៉ាស៊ីហ្វិក​ទាំង​មូល។ លោក​បាន​ប្រកាស​ថា៖​ «យើង​មិន​ទៅ​ទី​ណា​ផ្សេង​ទេ»។

ដោយ​លើក​បញ្ជាក់​ពី​កិច្ចប្រជុំ​ដែល​ទើប​បញ្ចប់ជា​មួយ​ប្រធានាធិបតី​ចិន លោក ​Xi Jinping លោក Biden បាន​ប្រាប់​មេដឹកនាំធុរកិច្ច​ទាំង​នោះ​ថា​ សហរដ្ឋ​អាមេរិកកំពុង​លុប​បំបាត់​ហានិភ័យ​ បង្កើត​ភាព​ចម្រុះ​ និង​មិនងាក​ចេញ​ពី​ប្រទេស​ចិននោះ​ឡើយ។​ ​ប៉ុន្តែ​លោក​ក៏មិន​ភ្លេចប្រើ​ពាក្យ​ដែល​មាន​ន័យ​ថា សហរដ្ឋ​អាមេរិក​ ​និង​មិត្តភក្តិ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក​ ​អាច​ផ្តល់ជម្រើស​ធ្វើ​ជំនួញ​ដែល​ប្រសើរ​ជាង​ប្រទេស​ចិន​ផង​ដែរ។ លោក​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា សហរដ្ឋ​អាមេរិក​ បាន​ដាក់ទុន​វិនិយោគប្រមាណ​៥០​ពាន់​លាន​ដុល្លារ ក្នុងកិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​តំបន់​អាស៊ី​ប៉ាស៊ីហ្វិកដែល​ជា​មិត្ត​ ក្នុង​ឆ្នាំ​២០២៣នេះ​ ដែល​ក្នុង​នោះ​មាន​វិស័យ​ថាមពល​ស្អាត ​បច្ចេកវិជ្ជា​ អាកាសចរណ៍​ និង​សន្តិសុខ។

លោក​ Biden និយាយ​ថា៖ «វា​មិន​មែន​ជា​រឿង​វែងឆ្ងាយ​អ្វី​ឡើយ​ តែ​ជា​ការ​និយាយ​ដោយ​ត្រង់​។ យើងពិត​ជា​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លាំង​ជា​មួយរដ្ឋាភិបាល​ក្រុង​ប៉េកាំង​ ​ជុំវិញ​ការ​រក្សា​ភាពត្រឹម​ត្រូវ​និង​កម្រិតស្មើ​គ្នា​ខាង​សេដ្ឋកិច្ច ក៏​ដូច​ជា​ការការពារកម្មសិទ្ធ​បញ្ញា​ផង​ដែរ»។

លោក​Biden ក៏បានផ្ញើ​សារ​យ៉ាង​ច្បាស់​មួយ​ផង​ដែរ​អំពី​ថ្នាក់​ដឹកនាំ​អាមេរិក​ ខណៈ​មេដឹកនាំ​ធុរកិច្ច​នានា​ កំពុងប្រឈម​នឹង​ហានិភ័យ​ក្នុង​ការធ្វើ​ជំនួញ ក្នុង​ពេល​ដែល​កំពុង​មាន​សង្គ្រាម​ក្នុងតំបន់​មជ្ឈិម​បូព៌ា​និង​អឺរ៉ុប ក៏​ដូចជា​ស្ថានភាព​សេដ្ឋកិច្ចដែល​មិន​ទាន់​នឹងនរ​នៅ​ឡើយ​ ក្រោយ​ជំងឺ​រាតត្បាត​កូវីដ១៩​នោះ។​

លោក​ប្រធានាធិបតី​អាមេរិកក៏​បាន​ជួប​ប្រជុំ​រួម​គ្នា​ផង​ដែរ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ជា​មួយ​នាយករដ្ឋមន្ត្រី​ជប៉ុន​ លោក Fumio Kishida និង​ប្រធានាធិបតីកូរ៉េខាង​ត្បូង​លោក​Yoon Suk Yeol នៅ​ក្រៅ​ជំនួបកិច្ចប្រជុំ​កំពូល​នោះ៕

XS
SM
MD
LG