នៅថ្ងៃសៅរ៍នេះ ប្រទេសជប៉ុនបានប្រារព្ធខួបលើកទី ៧១ នៃការទម្លាក់គ្រាប់បែកបរមាណូរបស់សហរដ្ឋអាមេរិកនៅក្នុងទីក្រុងហ៊ីរ៉ូស៊ីម៉ា ដែលបណ្ដាលឲ្យសង្គ្រាមលោកលើកទីពីរឈានដល់ទីបញ្ចប់។
មនុស្សប្រហែល ៥ ម៉ឺននាក់ បានចូលរួមនៅក្នុងពិធីប្រកួតកីឡានេះនៅឯឧទ្យានសន្តិភាពក្នុងទីក្រុង Hiroshima នៅជិតកន្លែងទម្លាក់គ្រាប់បែកបរមាណូ។
អភិបាលក្រុង Hiroshima លោក Kazumi Matsui បានអំពាវនាវឲ្យមេដឹកនាំនានានៅក្នុងពិភពលោកមកទស្សនាកន្លែងទម្លាក់គ្រាប់បែកបរមាណូនេះ ដូចអ្វីដែលលោកប្រធានាធិបតីសហរដ្ឋអាមេរិក Barack Obama បានធ្វើកាលពីខែឧសភាកន្លងទៅនេះ។
ដូចលោក Obama ដែរ លោក Matsui បាននិយាយថា ការមកទស្សនាដូចនេះ «នឹងឆ្លាក់នូវទិដ្ឋភាពទម្លាក់គ្រាប់បែកបរមាណូនេះនៅក្នុងបេះដូងអ្នកដែលមកទស្សនា»។
ការទម្លាក់គ្រាប់បរមាណូនៅទីក្រុង Hiroshima បានសម្លាប់មនុស្សប្រហែល ១ សែន ៤ ម៉ឺននាក់ ដែលក្នុងនោះរួមមានអ្នកស្លាប់នៅនឹងកន្លែងដោយសារការទម្លាក់គ្រាប់បរមាណូនោះ និងអ្នកស្លាប់ដោយសារចំហាយវិទ្យុសកម្មភ្លាមៗនៅក្រោយការទម្លាក់នេះ។
គ្រាប់បរមាណូមួយគ្រាប់ទៀត ត្រូវបានទម្លាក់នៅក្នុងទីក្រុងកំពង់ផែ Nagasaki បីថ្ងៃបន្ទាប់ពីការទម្លាក់នៅក្នុងទីក្រុង Hiroshima ដោយបានសម្លាប់មនុស្សប្រហែល ៧ ម៉ឺននាក់។
រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានអះអាងថា ការវាយប្រហារទាំងនេះគឺមានសារៈសំខាន់ក្នុងការធ្វើឲ្យសង្គ្រាមលោកលើកទីពីរឈានដល់ទីបញ្ចប់ភ្លាមៗ។ រយៈពេលតែ ៦ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការវាយប្រហារនៅក្នុងទីក្រុង Nagasaki ប្រទេសជប៉ុនបានចុះចាញ់ ដែលធ្វើឲ្យសង្គ្រាមលោកលើកទីពីរឈានដល់ទីបញ្ចប់។
នៅពេលដែលលោក Obama បានទៅទស្សនាកន្លែងទម្លាក់គ្រាប់បរមាណូនោះ លោកបាននិយាយថា៖ «យើងមានការទទួលខុសត្រូវរួមគ្នាក្នុងការក្រឡេកមើលដោយផ្ទាល់ទៅក្នុងចក្ខុវិស័យប្រវត្តិសាស្ត្រ។ យើងត្រូវសួរថា តើយើងត្រូវធ្វើអ្វីផ្សេងពីហ្នឹងដើម្បីកុំឲ្យមានរឿងឈឺចាប់ដូចនេះកើតឡើងជាថ្មីទៀត។ យើងត្រូវប្រមើលមើលឡើងវិញនូវចំណងទាក់ទងរបស់យើងរាល់គ្នាក្នុងឋានៈជាសមាជិកនៃមនុស្សលោកទាំងមូល»។
លោក Obama គឺជាប្រធានាធិបតីសហរដ្ឋអាមេរិកកាន់តំណែងដំបូងបង្អស់ ដែលបានទៅទស្សនាកន្លែងទម្លាក់គ្រាប់បរមាណូនេះ។ លោកមិនអាចសុំអភ័យទោសចំពោះការទម្លាក់គ្រាប់បែកនេះទេ។ លោកបានបញ្ជាក់ថា លោកនឹងមិនធ្វើតាមការសម្រេចចិត្តរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Harry Truman នោះទេ៕