នៅព្រឹកថ្ងៃអង្គារនេះ រដ្ឋាភិបាលជប៉ុនបានចុះហត្ថលេខាផ្តល់ជំនួយ៣៥លានដុល្លារដល់កម្ពុជា ស្របពេលកម្ពុជាទើបទទួលកម្ចីប្រមាណជាង២០០លានដុល្លារពីជប៉ុនដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទៅតាមការស្នើសុំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ អ្នកតាមដានស្ថានការណ៍សង្គមយល់ថា កម្ពុជាគួរពង្រឹងសមត្ថភាពក្នុងការអភិវឌ្ឍរបស់ខ្លួន ជាជាងបង្កើនការខ្ចី ចៀសវាងការប្រឈមនឹងវិបត្តិបំណុលធ្ងន់ធ្ងរ។
រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងជាទឹកប្រាក់ជាង៣០លានដុល្លារអាមេរិកដើម្បីសង់ស្ពានបន្ទាន់នៅតំបន់រងគ្រោះដោយទឹកជំនន់ចំនួន៧ក្នុងខេត្តចំនួនពីរ ទៅតាមសំណើរបស់រដ្ឋាភិបាលកម្ពុជា។
នៅព្រឹកថ្ងៃអង្គារនេះ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា និងលោក ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារនៃគម្រោងជំនួយឥតសំណងរបស់ជប៉ុន មានទឹកប្រាក់ចំនួន៣៥លានដុល្លារអាមេរិក ដើម្បីសង់ស្ពានចំនួន៧ និងផ្លូវភ្ជាប់ស្ពាន។ ក្នុងនោះស្ពានចំនួន២ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១១ ក្នុងខេត្តព្រៃវែង និងស្ពានចំនួន៥ទៀត ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៧៣ក្នុងខេត្តក្រចេះ។
ថ្លែងក្នុងពិធីចុះហត្ថលេខានោះ លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជាលើកឡើងថា ជំនួយនេះនឹងជួយបង្កើនសមត្ថភាពនៃការដឹកជញ្ជូន កាត់បន្ថយពេលវេលាធ្វើដំណើរ និងកាត់បន្ថយការចំណាយធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ ជាពិសេសជួយលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមតំបន់ងាយរងគ្រោះដោយទឹកជំនន់។
លោក ប្រាក់ សុខុន លើកឡើងថា៖
«ជំនួយដែលបានផ្តល់តាមរយៈការចុះហត្ថលេខានៅថ្ងៃនេះ និងជំនួយជាច្រើនដែលរដ្ឋាភិបាល និងប្រជាជនជប៉ុនបានផ្ដល់កន្លងមក គឺជាការរួមចំណែកដ៏ធំធេងក្នុងការប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធ អភិវឌ្ឍសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា»។
លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតជប៉ុន មិនបានបញ្ជាក់ឲ្យដឹងលម្អិតបន្ថែមពាក់ព័ន្ធនឹងជំនួយរបស់ជប៉ុនមកកាន់កម្ពុជាក្នុងពិធីចុះហត្ថលេខានោះទេ ខណៈអ្នកសារព័ត៌មានមិនត្រូវបានអនុញ្ញាតឲ្យសួរសំណួរ។
ជំនួយដែលមានទឹកប្រាក់ប្រមាណជា៣៥លានដុល្លារអាមេរិកនេះ ធ្វើឡើងស្របពេលដែលកម្ពុជាកំពុងរងសម្ពាធទឹកភ្លៀងនៅទូទាំងប្រទេស។ ខេត្តខ្លះកំពុងប្រឈមនឹងគ្រោះទឹកជំនន់ ដែលបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន។
បើតាមការបញ្ជាក់របស់លោក ប្រាក់ សុខុន ចាប់តាំងពីខែមេសា ឆ្នាំ២០១៧មក កម្ពុជាទទួលបានជំនួយពីប្រទេសជប៉ុនប្រហែល២៤៩លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍផ្លូវ ក្នុងនោះរួមមាន ហិរញ្ញប្បទានឥតសំណងប្រមាណ៤០លានដុល្លារអាមេរិក សម្រាប់អភិវឌ្ឍធនធានមនុស្ស និងការពារទឹកជំនន់ ព្រមទាំងការកែលម្អប្រព័ន្ធលូបង្ហូរទឹកនៅរាជធានីភ្នំពេញ និងកម្ចីសម្បទាន ដែលមានទឹកប្រាក់ប្រមាណជា២០៩លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍចំណតផែកុងតឺន័រថ្មីនៅក្រុងព្រះសីហនុ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែសីហានេះ បានធ្វើទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុន រយៈពេល៣ថ្ងៃ ដោយលោកបានអះអាងថា ក្នុងដំណើរទស្សនកិច្ចនោះ លោកបានចុះអនុស្សរណៈលើឯកសារសំខាន់ៗចំនួនពីរ គឺហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តគម្រោងធ្វើឲ្យប្រសើរឡើងវិញនូវការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញដំណាក់កាលទី៤ ដែលមានទឹកប្រាក់សរុបប្រមាណជា៣៥លានដុល្លារអាមេរិក និងឥណទានសម្រាប់គម្រោងអភិវឌ្ឍន៍ចំណតកំពង់ផែក្រុងព្រះសីហនុ ដែលមានទឹកប្រាក់ប្រមាណជា២០៩លានដុល្លារអាមេរិក។
លោក ហ៊ុន សែន បានអះអាងបន្ថែមថា លោកបានសុំជំនួយពីភាគីជប៉ុនលើគម្រោងឲ្យមានផ្លូវរថភ្លើងស្វ័យប្រវត្តិគឺ Sky Train នៅរាជធានីភ្នំពេញ ដែលចំណាយថវិកាវិនិយោគប្រមាណ៨០០លានដុល្លារសហរដ្ឋអាមេរិក។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម ប្រាប់ VOA ថា ការផ្តល់ជំនួយអភិវឌ្ឍន៍ណាមួយពីបរទេសជារូបភាពល្អ ប៉ុន្តែលោកថា ទន្ទឹមនឹងការទទួលជំនួយ កម្ពុជាតែងខ្ចីលុយជាច្រើនពីប្រទេសទាំងនោះ ស្របពេលដែលប្រទេសទាំងនោះតែងផ្តល់ជំនួយ ឬកម្ចីជាមួយនឹងការសំឡឹងឃើញប្រយោជន៍ពីកម្ពុជា។ លោកបន្ថែមថា តួយ៉ាងដូចប្រទេសជប៉ុនតែងផ្តល់ជំនួយ និងកម្ចីអភិវឌ្ឍន៍ លើហេដ្ឋារចនាសម្ព័ន្ធ ខណៈប្រទេសនេះល្បីខាងនាំចូលផលិតផលឧហ្សាហកម្មមកកាន់កម្ពុជា ដូចជាម៉ូតូ និងរថយន្តជាដើម។
លោក មាស នី បន្ថែមថា កម្ពុជាមិនគួរត្រេកអរនឹងជំនួយ ឬកម្ចីបរទេសខ្លាំងពេកទេ ដោយលោកថា កម្ពុជាគួរយកចិត្តទុកដាក់ពង្រឹងសមត្ថភាពក្នុងការអភិវឌ្ឍប្រទេសដោយខ្លួនឯង ជាជាងបង្កើនកម្ចីពីបរទេស។
លោកមានប្រសាសន៍ថា៖
«នៅក្នុងប្រទេសនីមួយៗ យើងទទួលស្គាល់ថា ប្រទេសណាក៏មានការខ្ចីគេ ការជំពាក់គេដែរ។ ហើយសម្រាប់ប្រទេសយើងតូច ដែលយើងមានសេដ្ឋកិច្ចទន់ខ្សោយនេះ ការខ្ចីគេកាន់តែច្រើនគឺវាធ្វើឲ្យយើងកាន់តែងាយរងគ្រោះ។ វាមិនខុសគ្នាពីរឿងអ្នកក្រម្នាក់ដែលយើងចេះតែបង្កើនការខ្ចី ហើយមិនប្រឹងរកខ្លួនឯងនោះទេ។ វាសុទ្ធតែជាការរុញឲ្យប្រទេសមួយធ្លាក់ទៅក្នុងស្ថានភាពងាយរងគ្រោះ បើយើងមិនមានលទ្ធភាពរស់ដោយខ្លួនឯង ហើយយើងចេះតែខ្ចីគេបន្តបន្ទាប់»។
ក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានខ្ចីលុយបរទេសជាច្រើនក្រោមមូលហេតុដើម្បីអភិវឌ្ឍន៍ ក្នុងនោះមានដូចជាកម្ចីពីសហរដ្ឋអាមេរិក ចិន ជប៉ុន កូរ៉េ និងបណ្តាប្រទេសជាច្រើនទៀត។
ព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយលើកទី២ កាលពីខែតុលា ឆ្នាំ២០១៦ បង្ហាញថា រហូតមកដល់ត្រឹមពាក់កណ្តាលឆ្នាំ២០១៦ កម្ពុជាបានជំពាក់បំណុលបរទេសសរុបប្រមាណជាង៨១២៦លានដុល្លារអាមេរិក ក្នុងនោះ ប្រទេសចិនគឺជាប្រភពផ្តល់ប្រាក់កម្ចីដល់កម្ពុជាច្រើនជាងគេ ស្មើនឹង៤៥ភាគរយនៃប្រាក់កម្ចីបរទេសសរុប។ អ្នកឃ្លាំមើលស្ថានការណ៍សង្គម និងអ្នកសេដ្ឋកិច្ចមួយចំនួនតែងលើកឡើងពីការបារម្ភក្នុងការចាយលុយពីកម្ចីទាំងនោះថា មិនមានតម្លាភាព៕