ប្រទេសកម្ពុជាបានបញ្ឈប់ជំនួញទាក់ទងនឹងការបំពាក់ទង់ជាតិកម្ពុជានៅលើនាវា ចាប់តាំងពីខែសីហា ឆ្នាំ២០១៦ ដើម្បីពង្រឹងការគ្រប់គ្រងឡើងវិញ ខណៈមានសេចក្តីរាយការណ៍ពីការរកស៊ីជំនួញអាក្រក់នៅលើនាវាបំពាក់ទង់ជាតិកម្ពុជា។ កាលពីថ្ងៃចន្ទ កាសែតអាមេរិកបានចុះផ្សាយថា នាវាកូរ៉េខាងជើងមួយគ្រឿងបំពាក់ទង់ជាតិកម្ពុជា ត្រូវបានរកឃើញថា ដឹកអាវុធខុសច្បាប់ទៅប្រទេសអេហ្ស៊ីប ស្ថិតក្នុងតំបន់មជ្ឈិមបូព៌ា។
ក្រសួងការបរទេសកម្ពុជាបានប្រកាសភ្លាមៗ មិនទទួលខុសត្រូវការប្រើទង់ជាតិកម្ពុជា ដូចក្នុងសេចក្តីរាយការណ៍នោះ ដោយបានអធិប្បាយថា នាវាដែលប្រើប្រាស់ទង់ជាតិកម្ពុជារហូតមកដល់ពេលនេះគឺខុសច្បាប់។
បន្ទាប់ពីមានការចុះផ្សាយរបស់សារព័ត៌មានអាមេរិក កាលពីថ្ងៃចន្ទ ទាក់ទងនឹងការរកឃើញថា នាវារបស់កូរ៉េខាងជើងមួយគ្រឿងបំពាក់ទង់ជាតិកម្ពុជា ដឹកអាវុធទៅប្រទេសអេហ្ស៊ីប រដ្ឋាភិបាលកម្ពុជាបានចេញសេចក្តីបំភ្លឺមួយច្បាប់ ដោយបានបដិសេធការប្រើប្រាស់ទង់ជាតិកម្ពុជារហូតមកដល់ពេលនេះ។
កាសែត The Washington Post របស់អាមេរិកបានចុះផ្សាយថា នាវាដឹកទំនិញឈ្មោះ Jie Shun បានបំពាក់ទង់ជាតិកម្ពុជា តែបានធ្វើដំណើរចេញពីកូរ៉េខាងជើង ហើយត្រូវបានគយរបស់អេហ្ស៊ីបឃាត់ដើម្បីត្រួតពិនិត្យ ហើយបានរកឃើញកាំភ្លើងបាញ់រ៉ុក្កែតជាង៣ម៉ឺនដើម ដែលលាក់នៅក្នុងនាវានោះ។
ក្នុងសេចក្តីបំភ្លឺមួយចេញផ្សាយនៅថ្ងៃអង្គារនេះ ក្រសួងការបរទេសកម្ពុជាបានបកស្រាយថា រដ្ឋាភិបាលបានសម្រេចបញ្ចប់កុងត្រាជាមួយក្រុមហ៊ុនចុះបញ្ជីនាវាអន្តរជាតិ (ISROC) កាលពីខែសីហា ឆ្នាំ២០១៥ និងបានបញ្ជាឲ្យបញ្ឈប់ការចុះបញ្ជីនាវាបំពាក់ទង់ជាតិកម្ពុជាចាប់ពីពេលនោះមក។ ទោះជាយ៉ាងណា រដ្ឋាភិបាលបានអនុញ្ញាតឲ្យនាវាទាំងនោះដំណើរការដល់ចុងខែសីហា ឆ្នាំ២០១៦ ដោយសារម្ចាស់នាវាខ្លះនៅមានសុពលភាពនៃវិញ្ញាបនបត្រនៃការចុះបញ្ជី។
ក្រសួងការបរទេសបានបញ្ជាក់ថា៖
«នាវាទាំងឡាយណាដែលអះអាងថា ស្ថិតនៅក្រោមទង់ជាតិកម្ពុជា ក្រោយថ្ងៃអស់សុពលភាពនេះ ត្រូវបានចាត់ទុកថា ខុសច្បាប់ និងអាចត្រូវបានដាក់ទោស ដោយច្បាប់ និងបទបញ្ញត្តិអន្តរជាតិ»។
បើតាមសេចក្តីបំភ្លឺនោះ ក្រសួងការបរទេសកម្ពុជាបានបញ្ជាក់ថា ខ្លួនក៏ធ្លាប់ជូនដំណឹងទៅអាជ្ញាធររបស់កូរ៉េខាងត្បូងអំពីការលុបចេញពីបញ្ជីនៃនាវាចំនួន៣គ្រឿងរបស់ក្រុមហ៊ុនកូរ៉េខាងជើងមួយដែលបំពាក់ទង់ជាតិកម្ពុជា ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ក្រសួងការបរទេសបានបញ្ជាក់បន្ថែមថា៖
«ការប្រើប្រាស់ទង់ជាតិកម្ពុជា ដោយនាវាណាក៏ដោយ រួមទាំងនាវា ដែលបានលើកឡើងខាងលើនេះ គឺជាការប្រើប្រាស់ដោយខុសច្បាប់»។
បើតាមសេចក្តីថ្លែងការណ៍របស់ស្ថានទូតអេហ្ស៊ីបប្រចាំទីក្រុងវ៉ាស៊ីនតោន ដែលត្រូវបានដកស្រង់ដោយកាសែត The Washington Post អេហ្ស៊ីបបានបង្ហាញពីតម្លាភាពរបស់ខ្លួន និងកិច្ចសហប្រតិបត្តិការជាមួយមន្រ្តីអង្គការសហប្រជាជាតិ ក្នុងការស្វែងរក និងបំបាត់ការនាំទំនិញខុសច្បាប់។
ប្រទេសកម្ពុជាបានចូលជាសមាជិកនៃអង្គការផ្លូវសមុទ្រអន្តរជាតិ (International Maritime Organization) ក្នុងឆ្នាំ១៩៦១ ហើយបានបើកឲ្យមានការបំពាក់ទង់ជាតិកម្ពុជានៅលើនាវា ចាប់តាំងពីឆ្នាំ១៩៩៥។
ជាង២០ឆ្នាំមកនេះ ការរកស៊ីបំពាក់ទង់ជាតិកម្ពុជានៅលើនាវាមានបញ្ហាជាបន្តបន្ទាប់ រហូតដល់មានការដាក់កម្ពុជានៅក្នុងបញ្ជីខ្មៅ ដោយក្រុមអ្នកឃ្លាំមើលនាវាធំៗរបស់ពិភពលោក ដែលក្នុងនោះមានការនេសាទត្រីខុសច្បាប់ និងពាក់ព័ន្ធនឹងការរត់ពន្ធថ្នាំញៀន និងអាវុធជាដើម។
កាលពីខែកុម្ភៈ ឆ្នាំនេះ សារព័ត៌មាន Kyodo របស់ជប៉ុនបានរាយការណ៍ថា នាវាធំមួយរបស់កូរ៉េខាងជើងដែលបំពាក់ទង់ជាតិកម្ពុជា ត្រូវបានរកឃើញថា ដឹកអាវុធ កាលពីខែសីហា ឆ្នាំ២០១៦។
ទោះជាយ៉ាងណា មិនមានការឆ្លើយតបណាមួយពីរដ្ឋាភិបាលកម្ពុជានោះទេ ដោយមន្រ្តីកម្ពុជាគ្រាន់តែបញ្ជាក់ថា រដ្ឋាភិបាលបានបញ្ឈប់ការបំពាក់ទង់ជាតិនេះតាំងពីខែសីហា ឆ្នាំ២០១៦។
លោក ចាន់ តារា អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ VOA ថា រដ្ឋាភិបាលកម្ពុជាបានជូនដំណឹងទៅអង្គការផ្លូវសមុទ្រអន្តរជាតិ អំពីការបញ្ឈប់បំពាក់ទង់ជាតិកម្ពុជានៅលើនាវា ហើយបញ្ជាក់ថា ប្រសិនបើមាននាវាណាបំពាក់ទង់ជាតិកម្ពុជានាវានោះគឺជានាវាខុសច្បាប់។
លោកបញ្ជាក់ថា ការបញ្ឈប់នេះគឺដោយសារកម្ពុជាខ្វះយន្តការក្នុងការតាមដាន បញ្ហាបច្ចេកទេស និងការនេសាទត្រីខុសច្បាប់ ដែលត្រូវបានរាយការណ៍ ដោយប្រទេសមួយចំនួន។ លោកបន្តថា ក៏មានការបន្លំបំពាក់ទង់ជាតិកម្ពុជា ដោយខុសច្បាប់ផងដែរ។
លោកបានថ្លែងប្រាប់ VOA ថា៖
«វានៅតែមានអ្នកដែលអាចនឹងបន្លំយកអារបស់យើងហ្នឹងទៅប្រើ ហើយយើងពិបាកក្នុងការគ្រប់គ្រង។ អីចឹងហើយបានជាយើងគិតថា វាលំបាកពេក បានសម្រេចចិត្តថា យើងនឹងដកចេញ បញ្ចប់អាកិច្ចការហ្នឹងតែម្តង លែងឲ្យមានបន្តទៀត កុំឲ្យពិបាក ព្រោះបញ្ហាចេះតែកើតមានអត់ឈប់អីចឹង»។
លោក ចាន់ តារា បានឲ្យដឹងទៀតថា ផលចំណេញពីការរកស៊ីបំពាក់ទង់ជាតិលើនាវានេះគឺមិនមែនជាការចុះបញ្ជីនោះទេគឺផលចំណេញពីកម្លាំងពលកម្មដែលបម្រើការនៅលើនាវានោះ។ លោកបន្តថា កម្ពុជាកំពុងពង្រឹងសមត្ថភាពក្នុងការគ្រប់គ្រង ហើយសង្ឃឹមថា នឹងអាចដាក់ដំណើរការឡើងវិញ ដោយខ្លួនឯង យ៉ាងតិច៥ឆ្នាំខាងមុខទៀត។
លោកមានប្រសាសន៍ថា៖
«នៅក្នុងពេលអនាគត នៅពេលដែលយើងពិនិត្យឃើញលទ្ធភាពរបស់យើងគ្រប់គ្រាន់ សមត្ថភាពគ្រប់គ្រាន់នៅក្នុងកិច្ចការនេះ អានេះយើងនឹងបន្តទៀត រៀបចំដោយកម្ពុជាខ្លួនឯង។ ហើយធានាបានថា ការគ្រប់គ្រងក៏គ្រប់គ្រងបាន»។
កន្លងទៅ នាវាជាង៨០០គ្រឿងត្រូវបានរាយការណ៍ថា បានចុះបញ្ជី ហើយបំពាក់ទង់ជាតិកម្ពុជា។
កាលពីឆ្នាំ២០១៤ សហភាពអឺរ៉ុបបានបិទការនាំចូលត្រីពីកម្ពុជា ដែលជាការដាក់ទណ្ឌកម្មមួយនៃការនេសាទត្រីខុសច្បាប់ ដោយការប្រើប្រាស់នាវាបំពាក់ទង់ជាតិកម្ពុជា។
លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា បានថ្លែងប្រាប់ VOA ថា សហភាពអឺរ៉ុបបានពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា អស់រយៈពេលបួនឆ្នាំ ទាក់ទងនឹងការប្រើប្រាស់ទង់ជាតិកម្ពុជាលើនាវា និងបញ្ហាទាក់ទងនឹងការនេសាទត្រីខុសច្បាប់ ដោយមិនមានការគ្រប់គ្រង។ លោកបន្តថា សហភាពអឺរ៉ុបបានស្វាគមន៍ការបញ្ឈប់ការចុះបញ្ជីនេះ។
លោក Paul Chambers ជាសាស្រ្តាចារ្យ និងជាទីប្រឹក្សាស្តីពីបញ្ហាអន្តរជាតិនៃសាកលវិទ្យាល័យ Naresuan ក្នុងប្រទេសថៃ បានថ្លែងប្រាប់ VOA ថា នាវាបំពាក់ទង់ជាតិកម្ពុជាត្រូវបានប្រើប្រាស់ មិនត្រឹមតែការនេសាទខុសច្បាប់នោះទេ គឺទៅលើការជួញដូរមនុស្ស ការជួញដូរថ្នាំញៀន ការរត់ពន្ធប្រេង និងអាវុធ។
លោកបានថ្លែងប្រាប់ VOA តាមរយៈអ៊ីម៉េលថា៖
«ជាងនេះទៅទៀត កម្ពុជាមិនចង់ឲ្យប្រទេសមហាអំណាច ដូចជាចិន អឺរ៉ុប និងសហរដ្ឋអាមេរិក គិតថា កម្ពុជាកំពុងតែគាំទ្រជំនួញអាក្រក់ទេ»។
លោកបន្ថែមថា កម្ពុជាត្រូវតែធ្វើការខ្លាំងជាងនេះ ក្នុងការតាមដាននាវាទាំងអស់ ដែលឆ្លងកាត់ដែនទឹក៕