ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​អំពាវនាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ព្យុះ​ភ្លៀង​ក្នុង​សប្តាហ៍​នេះ


ភ្លៀងធ្លាក់ខ្លាំង២យប់ជាប់ៗគ្នា បានធ្វើឱ្យលំនៅដ្ឋាន ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទទួលរងនូវការលិចលង់ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧។ (រូបថតដកស្រង់ពីហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម)
ភ្លៀងធ្លាក់ខ្លាំង២យប់ជាប់ៗគ្នា បានធ្វើឱ្យលំនៅដ្ឋាន ផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទទួលរងនូវការលិចលង់ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០១៧។ (រូបថតដកស្រង់ពីហ្វេសប៊ុកក្រសួងធនធានទឹក និងឧតុនិយម)

ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​អំពាវនាវ​ឲ្យ​ប្រជា​ពល​រដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​និងផ្អាក​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​មាន​ជ្រោះ​ ​ស្ទឹង​ ​ព្រែក ​ ខណៈ​កម្ពស់​ទឹក​បាន​ហក់​ឡើង​ខ្ពស់​​ខុស​ប្រក្រតី។

ខណៈ​កម្ពស់​ទឹក​បាន​ហក់​ឡើង​ខ្ពស់​ខុស​ប្រក្រតី​ ​បន្ទាប់​ពី​មាន​ភ្លៀងធ្លាក់​អំឡុង​ពេល​មួយ​សប្ដាហ៍​មក​នេះ ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ​និងផ្អាក​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​មាន​ជ្រោះ​ ​ស្ទឹង​ ​ព្រែក។

ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​អំពាវនាវ​ឲ្យ​ប្រជា​ពលរដ្ឋ​ផ្អាក​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​មាន​ជ្រោះ​ ​ស្ទឹង​ ​ព្រែក​ ​និង​តំបន់​ផ្សេងៗ​ទៀត​ ​ខណៈ​កម្ពស់​ទឹក​នៅ​តំបន់​ទាំង​នោះ​បាន​ហក់​ឡើង​ខ្ពស់​ខុស​ប្រក្រតី​ ​បន្ទាប់​ពី​មាន​ភ្លៀងធ្លាក់​អំឡុង​ពេល​មួយ​សប្ដាហ៍​មក​នេះ។​

សេចក្ដី​អំពាវនាវ​របស់​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម ដែល​ចេញ​ផ្សាយលើ​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង នៅ​ថ្ងៃ​ទី៣​ ​ខែ​តុលា​នេះ​ ​បញ្ជាក់​ថា​ ​ភ្លៀង ​ដែល​បាន​ធ្លាក់​យ៉ាង​គំហុក​ក្នុង​អំឡុង​ពេល​មួយ​សប្ដាហ៍​កន្លង​មក​ ​បាន​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង​ជា​ច្រើន​កន្លែង។​ ​ទន្ទឹម​នឹង​នេះ​ ​កម្ពស់​ទឹក​នៅ​តាម​អាង​ទឹក​ ​ជ្រោះ​ជ្រលង​ ដងអូរ​ ​ស្ទឹង​ ​ព្រែក​មួយ​ចំនួន​ក៏​បាន​ហក់​ឡើង​ខ្ពស់​លឿន​ខុស​ប្រក្រតី​ផង​ដែរ។​

លិខិត​ដែល​ចេញ​ផ្សាយ​នា​ថ្ងៃ​អង្គារ​ ​បាន​សរសេរ​ក្នុង​សម្រង់​ន័យ​ដើម​ថា៖​

«ចំពោះ​មុខ​ស្ថានភាព​ដូច​បាន​ជម្រាប​ជូន​ខាង​លើ​នេះ​ ​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​សូម​អំពាវនាវ​ឲ្យ​សាធារណជន​គួរ​ផ្អាក​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​កាន់​តំបន់​ទាំងនោះ​មួយ​រយៈ​សិន»។​

ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ក៏​បាន​បង្ហោះ​រូបភាព​ ​និង​វីដេអូ​មួយ​ចំនួន​ស្តីពី​ស្ថានភាព​ទឹក​ជំនន់​ ​និង​ការ​ខូចខាត​ដោយសារ​គ្រោះ​ធម្មជាតិ​ ​នៅ​តាម​បណ្តា​ខេត្ត​នានា​ស្ទើរ​ទូទាំង​ប្រទេស​ ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នេះ។​ ​ក្រសួង​ក៏បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​កាល​ពី​ថ្ងៃ​ទី​១​ ​កន្លង​ទៅ​ថា​ ​ចាប់ពី​ថ្ងៃទី​២​ដល់​ថ្ងៃទី​១០​ ​ខែ​តុលា​នេះ​ ​កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់​រាយ​ប៉ាយ​នៅ​ទូទាំង​ប្រទេស​ ​និង​អាច​បង្កឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​ជា​ច្រើន​កន្លែង​ ​ដែល​តម្រូវ​ឲ្យ​ប្រជា​ពលរដ្ឋ​ ​អាជ្ញាធរ​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានាបង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់។

ទន្ទឹម​គ្នា​នោះ​ដែរ​ ​អាជ្ញាធរ​ជាតិ​អប្សរា​ ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ​ក៏​បាន​អំពាវនាវ​ឲ្យ​សាធារណ​ជន​ ​និង​ភ្ញៀវ​ទេសចរ​ទាំងអស់​ ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ដំណើរ​កម្សាន្ត​របស់​ខ្លួន​ ​ជាពិសេស​អំឡុង​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ដោយ​ត្រូវ​នៅ​ឲ្យ​ឆ្ងាយ​ពី​ដើម​ឈើ​ធំៗ​ ​ដើម្បី​ការពារ​គ្រោះថ្នាក់​ជាយថា​ហេតុ​ណាមួយ។​ ​ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​ដើម​ឈើ​ជាច្រើន​ដើម​ក្នុង​បរិវេណ​រមណីយដ្ឋាន​ ​និង​ប្រាសាទ​មួយ​ចំនួន​ នៅ​ខេត្ត​សៀមរាប​បាន​ដួល​រលំ៕

XS
SM
MD
LG