ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​និង​កូរ៉េ​ខាងត្បូង​ពិភាក្សា​គ្នា​អំពី​សម្ព័ន្ធភាព​មុន​ពេល​លោក Trump ចូល​កាន់​តំណែង


រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Takeshi Iwaya បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងត្បូង​លោក Cho Tae-yul នៅទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េខាងត្បូង​កាលពីថ្ងៃទី​១៣ មករា ឆ្នាំ២០២៥។
រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Takeshi Iwaya បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងត្បូង​លោក Cho Tae-yul នៅទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េខាងត្បូង​កាលពីថ្ងៃទី​១៣ មករា ឆ្នាំ២០២៥។

រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Takeshi Iwaya បាន​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាងត្បូង​លោក Cho Tae-yul នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​កាលពី​ថ្ងៃ​ចន្ទ ស្រប​ពេល​ដែល​ប្រទេស​ទាំងពីរ​មាន​បំណង​ពង្រឹង​ទំនាក់ទំនង​មុន​ពេល​លោក Donald Trump ស្បថ​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន AFP។

លោក Iwaya បាន​ជួប​ជាមួយ​នឹង​លោក Cho នៅ​ក្នុង​រដ្ឋធានី​សេអ៊ូល។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​កូរ៉​ខាងត្បូង។ ជំនួប​ដូចនេះ​គឺជា​ជំនួប​លើក​ដំបូង​បង្អស់​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ក្នុង​ពេល​ជាង ៦ ឆ្នាំ​ចុងក្រោយ​នេះ។

លោក Cho បាន​និយាយ​ថា លោក​និង​លោក Iwaya «បាន​បង្ហាញ​ក្ដី​បារម្ភ​ខ្លាំងក្លា​ចំពោះ​ការ​អភិវឌ្ឍ​នុយក្លេអ៊ែរ​និង​មីស៊ីល​របស់​កូរ៉េ​ខាងជើង» ជាពិសេស​ទំនាក់ទំនង​យោធា​កើនឡើង​របស់​កូរ៉េ​ខាងជើង​ជាមួយ​នឹង​រុស្ស៊ី ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​បញ្ជូន​ទាហាន​កូរ៉េ​ខាងជើង​ទៅ​ជួយ​រុស្ស៊ី​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន​ផងដែរ។

ការ​ពិភាក្សា​នេះ​ក៏​ផ្ដោត​ផងដែរ​លើ​កិច្ច​សហប្រតិបត្តិការ​ត្រីភាគី​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ដែល​ជា​សម្ព័ន្ធមិត្ត​រួម​របស់​ប្រទេស​ទាំងពីរ មុន​ពេល​លោក Trump ដែល​ធ្លាប់​ចោទ​ជា​សំណួរ​ចំពោះ​សម្ព័ន្ធភាព​សន្តិសុខ​អាស៊ី​របស់​អាមេរិក ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​អាមេរិក​នៅ​ថ្ងៃ​ទី ២០ ខែ​មករា​ខាងមុខ។

ប្រទេស​ទាំង ៣ បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ចែក​រំលែក​ព័ត៌មាន​អំពី​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាងជើង​ផងដែរ។

លោក Cho បាន​និយាយ​ថា លោក​និង​លោក Iwaya បាន​ឯកភាព​គ្នា​លើ «ភាព​ចាំបាច់​នៃ​ការ​បន្ត​កិច្ច​សម្របសម្រួល​ជិតស្និទ្ធ​ក្នុង​ចំណោម​ប្រទេស​កូរ៉េ [ខាងត្បូង] ជប៉ុន និង​សហរដ្ឋ​អាមេរិក​ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង»៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG