ការសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ក្នុងការរាំងខ្ទប់ការទិញក្រុមហ៊ុន U.S. Steel របស់អាមេរិក ដោយក្រុមហ៊ុនជប៉ុន Nippon Steel ក្នុងតម្លៃ១៤ពាន់៩រយលានដុល្លារ បង្កភាពអាប់អួរដល់ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ទៅកាន់ប្រទេសជប៉ុនកាលពីថ្ងៃអង្គារ ដើម្បីជួបប្រជុំជាលើកចុងក្រោយជាមួយសម្ព័ន្ធមិត្តដ៏សំខាន់ជាងគេរបស់អាមេរិកក្នុងតំបន់អាស៊ី។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភា្នក់ងារសារព័ត៌មាន Reuters។
ការបដិសេធមិនឲ្យលក់ក្រុមហ៊ុនដែកថែបអាមេរិកទៅឲ្យក្រុមហ៊ុនជប៉ុននេះ ដែលត្រូវបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុន បានបន្ទុចបង្អាក់កិច្ចប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើនចំណងទាក់ទងជាមួយប្រទេសសម្ព័ន្ធមិត្តក្នុងតំបន់អាស៊ី ចំពេលដែលវិបត្តិនយោបាយនៅកូរ៉េខាងត្បូង អាចធ្វើឲ្យស្មុគស្មាញដល់ទំនាក់ទំនងរវាងអាមេរិក កូរ៉េខាងត្បូងនិងជប៉ុន។ សម្ព័ន្ធភាពត្រីភាគីនេះ គឺជាកម្មវិធីនយោបាយដ៏សំខាន់ក្នុងកិច្ចប្រឹងប្រែងរបស់ប្រទេសទាំងបី ដើម្បីទប់ទល់នឹងការបង្កើនកម្លាំងយោធារបស់ចិន។
វិនិយោគចូលក្នុងសហរដ្ឋអាមេរិក ក៏អាចរងការប៉ះទង្គិចខ្លះដែរ តែអ្នកវិភាគថាការខូចខាតណាមួយដល់ទំនាក់ទំនងទូលំទូលាយជាងនេះរវាងអាមេរិកនិងជប៉ុន ទំនងជាមានកម្រិត ដោយសារតែកង្វល់សន្តិសុខរួមចំពោះប្រទេសចិន។
កាលពីថ្ងៃចន្ទ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានហៅការសម្រេចចិត្តរបស់លោក Biden ក្នុងការរាំងខ្ទប់ការលក់ក្រុមហ៊ុន U.S. Steel ទៅឲ្យក្រុមហ៊ុន Nippon Steel ថា«គួរឲ្យឆ្ងល់»។
អមដំណើរដោយទីប្រឹក្សាសន្តិសុខជាតិសេតវិមានលោក Jake Sullivan លោក Blinken បានជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក Takeshi Iwaya ក្នុងទីក្រុងតូក្យូ ហើយនឹងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Ishiba និងមន្ត្រីជាន់ខ្ពស់ជប៉ុនជាច្រើនរូបទៀត៕
វេទិកាបញ្ចេញមតិ