រដ្ឋមន្ត្រីការបរទេសនៃប្រទេសកូរ៉េខាងត្បូង ចិននិងជប៉ុនបានជួបគ្នានៅក្នុងក្រុងសេអ៊ូលនៅថ្ងៃសៅរ៍នេះ ដើម្បីធ្វើការចរចាគ្នាដោយផ្តោតការយកចិត្តទុកដាក់លើការកាត់បន្ថយភាពតានតឹងក្នុងតំបន់បណ្តាលមកពីជម្លោះខាងទឹកដីនិងជម្លោះប្រវត្តិសាស្ត្រ។
អ្នកការទូតកំពូលទាំងបីនាក់នេះបានជួបគ្នានៅក្រោយមានជំនួបទ្វេភាគីមួយចំនួនសម្រាប់កិច្ចចរចាជាផ្លូវការលើកទីមួយចាប់តាំងពីខែមេសាឆ្នាំ២០១២មក។
ទោះបីជាប្រទេសទាំងបីមានចំណងទាក់ទងគ្នាខាងសេដ្ឋកិច្ចខ្លាំងក៏ដោយ ក៏ទំនាក់ទំនងគ្នានៅតែមិនទាន់មានភាពកក់ក្តៅទេពីព្រោះនៅមានជម្លោះខាងទឹកដីជាមួយប្រទេសចិន និងអរិភាពដែលមានចាប់តាំងពីជប៉ុនបានយកប្រទេសកូរ៉េជាដែនដីអាណានិគម ហើយបានកាន់កាប់ផ្នែកខ្លះនៃប្រទេសចិននៅមុននិងនៅក្នុងសង្គ្រាមលោកលើកទីពីរ។
នៅមុនកិច្ចចរចាគ្នានេះ លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye បានជួបជាមួយលោករដ្ឋមន្ត្រីការបរទេសជប៉ុន Fumio Kishida លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi និងលោករដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Yun Byung-se ដើម្បីពិភាក្សាគ្នាអំពីបញ្ហានាំឲ្យមានកង្វល់ដល់ប្រទេសទាំងបីនេះ។
គេមិនរំពឹងថាកិច្ចចរចាត្រីភាគីនេះនឹងនាំឲ្យមានលទ្ធផលជាការជឿនលឿនជាក់ស្តែងណាមួយទេ ក៏ប៉ុន្តែអាចជាការចាប់ផ្តើមមួយដើម្បីធ្វើឲ្យមានកិច្ចចរចាប្រចាំឆ្នាំទ្បើងវិញសម្រាប់ពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការ៕