ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​និង​ថៃ​នឹង​ប្រឈម​មុខ​គ្នា​នៅ​សហ​ប្រជាជាតិ


ទាហ៊ាន​ខ្មែរ​ម្នាក់​អង្គុយ​នៅ​លើ​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា។
ទាហ៊ាន​ខ្មែរ​ម្នាក់​អង្គុយ​នៅ​លើ​ប្រាសាទ​ព្រះវិហារ​របស់​ប្រទេស​កម្ពុជា។

ទីក្រុងបាងកក៖ កម្ពុជា​និង​ថៃ​នឹង​ត្រូវ​ថ្លែង​រឿង​ក្តី​របស់​ខ្លួន​នៅ​មុខ​អង្គការ​សហប្រជាជាតិ​ក្នុង​ទី​ក្រុង​ ញូយ៉ក​ (New York​) លើ​ការ​ប្រយុទ្ធ​គ្នា​ដ៏​សាហាវ​ នៅ​តាម​ព្រំដែន​ដែល​បាន​ផ្ទុះឡើង​កាល​ពី​១​សប្តាហ៍មុន​។ ​កម្ពុជា​ចង់​ឲ្យ​បញ្ជូន​កងថែរក្សា​សន្តិភាព​របស់​អង្គការ​សហប្រជាជាតិ​ទៅកាន់​តំបន់​ព្រំដែន​ដើម្បី​រារាំង​ការប៉ះ​ទង្គិច​បន្ត​ទៅទៀត។​ ប្រទេស​ថៃ​ បាន​បដិសេធ​ការពាក់ព័ន្ធ​ណាមួយ​របស់​អង្គកា​រ​សហប្រជាជាតិ​។

លោក​ (Kasit Piromya) ​កាស៊ីត ភីរុម ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ថៃ និងលោក​ ​ហោ ណាំហុង​រដ្ឋមន្រ្តីក្រសួង​ការបរទេស​កម្ពុជា​ នឹង​ថ្លែង​សុន្ទរកថាទៅកាន់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ប្រជាជាតិ​នៅ​ថ្ងៃ​ច័ន្ទ​នេះ​។

កម្ពុជា​បាន​ស្នើ​ឲ្យ​មាន​កិច្ចប្រជុំ​ជា​បន្ទាន់​ បន្ទាប់​ពីការប្រយុទ្ធគ្នា​ដ៏​អាក្រក់​ជា​ទី​បំផុត​ជាមួយ​ប្រទេស​ថៃ​ដែល​មិន​ធ្លាប់​មាន​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ដែល​បាន​ផ្ទុះឡើង​នៅជិត​តំបន់​ព្រំដែន​មាន​ជម្លោះ​ ។

មាន​មនុស្ស​យ៉ាង​ហោចណាស់​ ក៏​៨​នាក់​ដែរ​បាន​ស្លាប់​នៅពេល​ដែល​ទាហាន បាន​បាញ់​កាំភ្លើងធំ​និង​កាំភ្លើង​យន្ត​ត​គ្នា​។​ អ្នកភូមិ​រាប់​ពាន់​នាក់ ​បាន​រត់គេច​ពីគ្រោះថ្នាក់​។ ភាគី​ទាំងពីរ​និយាយ​ថា​ ភាគី​ម្ខាង​ទៀត​បាន​បាញ់​មុន​។

នៅ​ថ្ងៃ​ច័ន្ទ​នេះ​ មនុស្ស​ជា​ច្រើន​បាន​វិល​ត្រឡប់​ទៅកាន់​ផ្ទះ​វិញ​ ក៏ប៉ុន្តែ​ភាគី​ទាំង​ពីរស្ថិត​ក្នុង​ការប្រុង​ប្រយ័ត្ន​យ៉ាង​ពេញ​ទំហឹង​ក្រែង​លោ​មាន​ការប៉ះ​ទង្គិច​បន្ថែម​។ កម្ពុជា​ ហៅ​ការ​ប៉ះទង្គិច​ជា​ការ​ឈ្លានពាន​របស់​ថៃ​ដែល​ស្រដៀងគ្នា​នឹង​សង្គ្រាម​ ហើយ​ចង់់​ឲ្យ​អង្គការ​សហប្រជាជាតិ​បញ្ជូន​កង​ថែរក្សា​សន្តិភាព​ទៅ​តំបន់​នោះ​។លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​រដ្ឋមន្រ្តី​របស់​ប្រទេស​កម្ពុជា​និយាយ​ថា វត្តមាន​របស់​អង្គការ​សហប្រជាជាតិ​ នឹង​ជួយស្ថាបនា​ការទុកចិត្ត​គ្នារ​វាងប្រ​ទេស​ជាតិ​ទាំងពីរ។

«អ្វី​ដែល​យើងចង់​ប្រាប់​ពិភពលោក​គឺ​ថា​ យើង​ចង់​បញ្ឈប់​ការឈ្លានពាន​ទាំងអស់​។ ​យើង​ចង់​បញ្ឈប់​ការប្រយុទ្ធ​បាញ់​គ្នា​ទាំងអស់​ដែល​ប៉ះពាល់​ដល់​ប្រាសាទ​ព្រះ​វិហារ។​ ហើយយើង​ចង់​ស្ថាបនា​ការ​ទុកចិត្ត​គ្នា​រវាង​ប្រទេស​ជាតិ​ទាំងពីរ»​។

ប្រទេស​ថៃ​បដិសេធ​សំណើ​បញ្ជូន​កងទ័ព​អង្គការ​សហប្រជាជាតិ​។ លោក​ ផានីតាន់ វតនាយ៉ាហ្កន​(Panitan Wattanayagorn) ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ថៃ ​និយាយ​ថា​បញ្ហានេះ​ត្រូវតែ​ដោះស្រាយ​ដោយ​ទ្វេភាគី​។

«យើង​សង្ឃឹម​ថា​សហគមន៍​អន្តរជាតិ​នឹង​បញ្ចុះបញ្ចូល​ប្រទេស​កម្ពុជា​ឲ្យ​វិលត្រឡប់​ទៅកាន់​តុចចារ​ជាមួយ​យើង ​ដែល​យើង​មាន​អនុស្សរណៈយោគយល់គ្នា​រួច​ទៅហើយ​ ហើយ​យើង​ក៏​មាន​យន្តការ​ច្រកចេញ​ គឺ​គណៈកម្មាធិការ​ព្រំដែន​រួម​ដែល​ត្រូវ​ជួប​គ្នា​ មុនពេល​ឧប្បត្ដិហេតុ​បាន​កើតមានឡើង​នៅ​ចុង​ខែនេះ»​។

កម្ពុជា​ បាន​ចេញ​ពី​ការ​ចរចា​ព្រំដែន ​បន្ទាប់​ពី​ការ​ប្រយុទ្ធ​បាន​ផ្ទុះ​ឡើង​។​ ការប៉ះ​ទង្គិច​គ្នា​បាន​ផ្ទុះ​ឡើង​នៅ​ជិត​ដែនដី​មាន​ជំលោះ​ជុំវិញ​ប្រាសាទ​ខ្មែរ​បែប​ហិណ្ឌូអាយុ​៩រយ​ឆ្នាំ​ដែល​គេស្គាល់​ថា​ប្រាសាទ​ព្រះវិហារ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​និង​ប្រាសាទ​ (Phra Viharn) ជា​ភាសា​ថៃ​ ។

ប្រែ​សម្រួល​ដោយ​ ជឹង ប៉ូជីន

XS
SM
MD
LG