ពួកមន្រ្តីសហរដ្ឋអាមេរិក កំពុងធ្វើការដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃកាសែតវីដេអូដែលពួកជនសកម្មប្រយុទ្ធ Islamic State បានផ្សាយពីការកាត់ក្បាលអ្នកកាសែតជាតិអាមេរិកាំងម្នាក់ដែលជាសារមួយសម្រាប់សហរដ្ឋអាមេរិកដើម្បីបញ្ឈប់ការធ្វើអន្តរាគមន៍ក្នុងប្រទេសអ៊ីរ៉ាក់។
លោកស្រី Caitlin Hayden អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានមានប្រសាសន៍កាលពីយប់ថ្ងៃអង្គារថា ប្រសិនបើកាសែតវីដេអូ បង្ហាញពីការកាត់ក្បាល លោក James Foley ជាការពិត សហរដ្ឋអាមេរិក មានការរន្ធត់ពីឃាតកម្មដ៏ព្រៃផ្សៃនេះ។
លោកស្រី Diane ម្តាយរបស់លោក Foley បានជំរុញឲ្យពួកអ្នកប្រយុទ្ធ Islamic State កុំធ្វើអ្វីឲ្យគ្រោះថ្នាក់ដល់ចំណាប់ខ្មាំងទៀត ដោយលោកស្រី មានប្រសាសន៍ថា ពួកគេ ជាមនុស្សស្លូតត្រង់ដែលគ្មានអ្វីទាក់ទិននឹងសកម្មភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរីទេ។ លោកស្រី បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍ដែលបានចុះផ្សាយក្នុងបណ្ដាញFacebook ថា កូនប្រុសរបស់លោកស្រី បានលះបង់ជីវិតរបស់ខ្លួនដើម្បីព្យាយាមប្រាប់ពិភពលោកពីការឈឺចាប់របស់ប្រជាពលរដ្ឋស៊ីរី។
ពួកជនសកម្មប្រយុទ្ធនៅក្នុងកាសែតវីដេអូ ក៏បានអះអាងពីឃុំឃាំងលោក Steven Sokoloff អ្នកកាសែតអាមេរិកាំងម្នាក់ទៀតដែរ ដែលពួកជនសកម្មប្រយុទ្ធអ៊ីស្លាម និយាយថា ជីវិតរបស់លោក អាស្រ័យថាប្រធានាធិបតីសហរដ្ឋ អាមេរិក បារ៉ាក់ អូបាម៉ា ចាត់វិធានការណ៍យ៉ាងណានោះ។
លោកប្រធានាធិបតី អូបាម៉ា បានបញ្ជារឲ្យមានការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងក្រុម Islamic State ក្នុងប្រទេសអ៊ីរ៉ាក់នៅដើមខែនេះដើម្បីជួយរដ្ឋាភិបាលអ៊ីរ៉ាក់ទប់ទល់នឹងក្រុមដែលបានកាន់កាប់តំបន់នានាក្នុងផ្នែកខាងជើងនិងខាងលិចនៃប្រទេសអ៊ីរ៉ាក់និងខាងកើតនៃប្រទេសស៊ីរី។
លោក Foley បានរាយការណ៍ពីសង្គ្រាមក្នុងប្រទេសស៊ីរីនៅពេលដែលលោក បានបាត់ខ្លួនក្នុងខែវិច្ឆិកា ឆ្នាំ២០១២។ លោក Sokoloff បានបាត់ខ្លួននៅទីនោះនៅខែកក្កដា ឆ្នាំ២០១៣៕