ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លោក ថេង សាវឿន បានចេញសារជាលិខិតនិងវីដេអូដ៏គួរឱ្យភ្ញាក់ផ្អើល ប្រកាសទទួលស្គាល់កំហុសក្នុងសំណុំរឿងចោទប្រកាន់«បដិវត្តន៍កសិករ» ក្រោយតុលាការខេត្តរតនគិរីចោទប្រកាន់លោក និងសហការីលោក២នាក់ទៀត ពីបទ«រួមគំនិតក្បត់ និងញុះញង់»។
លោក ថេង សាវឿន និងក្រុមការងាររបស់លោកត្រូវបានសមត្ថកិច្ចក្នុងខេត្តក្រចេះឃាត់ខ្លួនតាមបញ្ជារបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរីកាលពីពាក់កណ្តាលខែឧសភា បន្ទាប់ពីលោកនិងក្រុមការងារលោកបានបញ្ចប់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបុគ្គលិកសមាគមដែលរៀបចំឡើងនៅខេត្តរតនគិរី ទីដែលអាជ្ញាធរមូលដ្ឋាននៅទីនោះ សង្ស័យថា សមាគមលោក ថេង សាវឿន បានលួចប្រជុំក្នុងសណ្ឋាគារមួយកន្លែងក្នុងក្រុងបានលុង ហើយមានផែនការធ្វើបដិវត្តន៍កសិករ។
ក្នុងលិខិតទទួលកំហុសមានកម្រាស់២ទំព័រ និងឃ្លីបវីដេអូមានរយៈពេលជិត៣នាទីនោះ លោក ថេង សាវឿន បានថ្លែងថា លោកបានដើរតាមជនបរទេស និងក្រុមអ្នកនយោបាយប្រឆាំងមួយចំនួនទាំងមិនដឹងខ្លួន ដើម្បីធ្វើសកម្មភាពប្រមូលផ្តុំសហគមន៍កសិករក្នុងបំណងផ្តួលរំលំរដ្ឋាភិបាល។
នៅក្នុងឃ្លីបវីដេអូដែលត្រូវបានផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយស្និទ្ធនឹងរដ្ឋាភិបាលនិងតាមបណ្តាញសង្គមហ្វេសប៊ុកនោះ លោក ថេង សាវឿន ដែលស្លៀកពាក់ខោអាវអ្នកទោសពណ៌ទឹកក្រូច ដោយមានម្តាយបង្កើត និងភរិយារបស់លោកអមនៅសងខាងនោះ បានថ្លែងក្នុងន័យដើមថា៖
«តាំងពីបង្កើតសមាគម និងធ្វើការរហូតដល់ពេលបច្ចុប្បន្ននេះ ដោយខ្ញុំបាទលង់ជាមួយការចង្អុលបង្ហាញរបស់ជនបរទេស និងក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន តាមរយៈសកម្មភាពប្រមូលផ្តុំ កៀរគរកសិករមួយចំនួនធ្វើការញុះញង់ ឬក៏ញុះញង់ និងឈានដល់ក្នុងការផ្តួលរំលំរដ្ឋាភិបាល ប្រឆាំងរដ្ឋាភិបាលស្របច្បាប់ ដោយមិនដឹងខ្លួន»។
លោកបន្ថែមថា៖ «ក្រោយពីទទួលស្គាល់កំហុសដែលបានប្រព្រឹត្តកន្លងមក ខ្ញុំបាទសុំធ្វើការសុំទោសដល់សាធារណជន ក៏ដូចជាសមាជិកសមាជិកាដែលបានធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ហើយខ្ញុំសង្ឃឹម និងខ្ញុំបាទសុំធានាថា ខ្ញុំបាទនឹងមិនប្រព្រឹត្តកំហុសដែលបានប្រព្រឹត្តនេះ ជាលើកទី២ឡើយ។ ហើយក្នុងពេលនេះដែរ ខ្ញុំបាទសុំធ្វើការប្តេជ្ញាចិត្តមិនចូលរួមជាមួយនឹងសកម្មភាពរបស់អង្គការសង្គមស៊ីវិល ឬក៏គណបក្សនយោបាយណា ដែលខុសច្បាប់ ដែលមានចេតនាប្រឆាំងទៅនឹងរដ្ឋាភិបាល រួមជាមួយនឹងសុំដកខ្លួនពីផ្ទះសាមគ្គីផងដែរ»។
ក្រោយតុលាការខេត្តរតនគិរីចោទប្រកាន់លោក ថេង សាវឿន ពាក់ព័ន្ធនឹងការមានផែនការធ្វើបដិវត្តន៍កសិករនោះ ការិយាល័យរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ក្នុងទីក្រុងភ្នំពេញ ត្រូវបានតុលាការហាមមិនឱ្យបើកដំណើរការ ដោយមានកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ការិយាល័យរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ស្ថិតក្នុងអគារមួយកន្លែងដែលក្រុមអង្គការសង្គមស៊ីវិលផ្សេងទៀតស្គាល់ថា ជា«ផ្ទះសាមគ្គី»។
នៅក្នុងអគារផ្ទះសាមគ្គីនោះ ក្រៅពីសមាគមសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មានសមាគម និងសហជីពមួយចំនួនទៀត គឺបណ្តាញយុវជនកម្ពុជា ឬហៅកាត់ថា CYN សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) និងសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)។
អ្នកបម្រើការងារមួយចំនួនក្នុងផ្ទះសាមគ្គីប្រាប់វីអូអេថា សមត្ថកិច្ចចម្រុះយ៉ាងតិច២០នាក់បានចូលមកឆែកឆេរ និងរឹបអូសឯកសារ និងសម្ភារៈមួយចំនួន ដូចជាម៉ាស៊ីនកំព្យូទ័រ និងដាក់កម្លាំងឃ្លាំមើលសមាគមនេះ បន្ទាប់ពីតុលាការខេត្តរតនគិរីចោទប្រកាន់លោក ថេង សាវឿន។ រហូតមកពេលនេះ ផ្ទះសាមគ្គីនៅបើកដំណើរការធម្មតា លើកលែងតែការិយាល័យរបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ដែលបន្តបិទទ្វារ។
ក្រោយប្រកាសដកខ្លួនចេញពីផ្ទះសាមគ្គី លោក ថេង សាវឿន បានស្នើសុំការអភ័យទោស និងអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឱ្យលោកបានចេញពីពន្ធនាគារ។
លោកថ្លែងថា៖ «ជាចុងក្រោយ ខ្ញុំបាទ សុំគោរព សុំអភ័យទោសពីសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំសម្តេចមេត្តាសណ្តោសប្រណីជួយធ្វើអន្តរាគមន៍ឱ្យខ្ញុំបាទបានរួចពីពន្ធនាគារ»។
វីអូអេមិនទាន់អាចទាក់ទងសុំការអត្ថាធិប្បាយពីភរិយារបស់លោក ថេង សាវឿន គឺអ្នកស្រី ញូង សុខហៀង បាននៅឡើយទេ។
ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី សុខា យល់ថា ការចេញមុខសុំទោស និងទទួលស្គាល់កំហុសជាសាធារណៈរបស់លោក ថេង សាវឿន ជាសិទ្ធិសេរីភាពរបស់បុគ្គល ហើយស្រដៀងគ្នានឹងអ្វីដែលសកម្មជន និងអ្នកនយោបាយខ្លះបានធ្វើនាពេលថ្មីៗនេះ ដើម្បីបានចេញពីពន្ធនាគារ។ ប៉ុន្តែលោកបានបង្ហាញក្តីកង្វល់ អំពីផលប៉ះពាល់លើគោលការណ៍នីតិរដ្ឋ នៅពេលជនជាប់ចោទគ្រាន់តែសុំទោសជាសាធារណៈ រួចទទួលបានការអត់ឱនពីប្រមុខរដ្ឋាភិបាល។
លោកប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា៖ «អាហ្នឹង វាមិនមែនជាការឆ្លុះបញ្ចាំងអំពីដំណើរការអនុវត្តនីតិរដ្ឋទេ ពីព្រោះថា ច្បាប់កាលណាយើងមានជាប់ពិរុទ្ធអីហើយវាត្រូវតែអនុវត្តទៅតាមដំណើរការរបស់តុលាការ គឺត្រូវតែមានបើកសវនាការ ត្រូវតែមានអីឱ្យបានត្រឹមត្រូវដើម្បីប្រមូលភស្តុតាងថា តើអ្នកហ្នឹងពិតជាបានប្រព្រឹត្តបទល្មើស ឬក៏មិនបានយ៉ាងម៉េច? អាហ្នឹងវាទៅ ទៅតាមដំណើរហ្នឹង មិនមែនយកក្រដាសសុំទោសមួយសន្លឹក ហើយទៅដោះលែងឱ្យនៅក្រៅឃុំ ឬក៏ដោះលែង លើកលែងការចោទប្រកាន់អ៊ីចឹងទេបាទ»។
ទាក់ទិនការបិទទ្វាររបស់សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ជាបណ្តោះអាសន្នទៅតាមការសម្រេចរបស់តុលាការ លោក នី សុខា ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធស៊ើបអង្កេត និងរកភស្តុតាងឱ្យបានល្អិតល្អន់ អំពីសកម្មភាពរបស់លោក ថេង សាវឿន និងសមាគម ពីព្រោះជារឿយៗ សមាគមនេះបានប្រមូលផ្តុំប្រជាកសិករដើម្បីជជែករៀនសូត្រតែអំពីការងារកសិកម្ម បញ្ហាសិទ្ធិ និងការតស៊ូមតិ។ លោកថា លិខិតសារភាពមួយច្បាប់របស់លោក ថេង សាវឿន គឺមិនគ្រប់គ្រាន់ទេនៅក្នុងរឿងនេះ។
ជុំវិញលិខិតទទួលស្គាល់កំហុសរបស់លោក ថេង សាវឿន លោក កែវ ភក្តី អ្នកនំាពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរីបានស្នើឱ្យអ្នកយកព័ត៌មានសំឡេងសហរដ្ឋអាមេរិកសួរទៅអ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី ដោយសារករណីលោក ថេង សាវឿន បានផុតពីដៃរបស់ស្ថាប័នអយ្យការ។
លោក កែវ ពិសុទ្ធ អ្នកនាំពាក្យសាលាដំបូងខេត្តរតនគិរី ឱ្យដឹងនៅថ្ងៃចន្ទនេះថា តុលាការមិនទាន់បានឃើញលិខិតអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងសំណុំរឿងលោក ថេង សាវឿន ទេ តែលោកថា តុលាការកំពុងមមាញឹកធ្វើការលើសំណុំរឿងនេះ។
លោកថ្លែងថា៖ «អន្តរាគមន៍យ៉ាងម៉េចយ៉ាងម៉ា ខ្ញុំអត់ទាន់ឃើញលិខិតអីទេ ព្រោះគាត់ជាអ្នកកាន់សំណុំរឿង ខ្ញុំជាប្រធានលេខាធិការដ្ឋានរដ្ឋបាល អ៊ីចឹង អ្នកនាំពាក្យដឹងតែចំណុចមួយចំនួននៃការសម្រេចរបស់ចៅក្រម»។
លោក ថេង សាវឿន និងសហការីលោក២នាក់ទៀតគឺលោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ និងលោក ញ៉ិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគម អាចជាប់ក្នុងពន្ធនាគារពី៥ ដល់១០ឆ្នាំ ប្រសិនបើតុលាការរកឃើញកំហុស។
ការចាប់ខ្លួនរបស់ពួកគេទាំង៣នាក់នាំឱ្យមានការតវ៉ា ដោយខ្លះបានឡើងទៅប្រមូលផ្តុំទាមទារឱ្យដោះលែងអ្នកទាំង៣នៅមុខសាលាដំបូងខេត្តរតនគិរី និងខ្លះឡើងមកទីក្រុងភ្នំពេញស្នើឱ្យក្រសួងមហាផ្ទៃធ្វើអន្តរាគមន៍ដោះលែងពួកគេ។ អ្នកតវ៉ាលើកឡើងថា ពួកគេទាំង៣នាក់មិនមានផែនការធ្វើបដិវត្តន៍កសិករឡើយ គឺមានតែជួយកសិករក្នុងការស្វែងយល់អំពីសិទ្ធិ និងការផ្តល់ចំណេះដឹងពាក់ព័ន្ធការបង្កបង្កើនផល និងការផ្តល់ពូជបន្លែ និងសត្វចិញ្ចឹមជាដើម៕