ក្រុមគ្រួសាររបស់ថេង សាវឿន និងសហការីរបស់លោក២នាក់ បានអះអាងថាអាជ្ញាធរពន្ធនាគារខេត្តរតនគិរី មិនអនុញ្ញាតឲ្យពួកគេចូលសួរសុខទុក្ខឡើយ កាលពីព្រឹកថ្ងៃអង្គារ ក្រោមហេតុផលថាខ្លាចឆ្លងជំងឺកូវីដ។
ភរិយារបស់លោក ថេង សាវឿន អ្នកស្រី ញូង សុខហៀង បង្ហាញការខកចិត្ត និងលើកជាចម្ងល់អំពីការកំណត់រយៈពេល២សប្តាហ៍ ទើបអនុញ្ញាតឲ្យក្រុមគ្រួសារចូលសួរសុខទុក្ខ។
អ្នកស្រីថ្លែងថា៖ «យើងរំពឹងថានឹងបានជួបគ្រួសារយើង ព្រោះអីតាំងពីនីតិវិធីតុលាការមក យើងអត់បាននិយាយគ្នាបានច្រើន យល់អំពីបញ្ហាហ្នឹងវាបានដើរដល់ណា ហើយណាមួយទៀត ខ្ញុំមិនដឹងថាវាជាគោលការណ៍រួមរបស់ខាងពន្ធនាគារទូទៅ ឬក៏ចេតនារបស់គេ អត់ទាន់ឲ្យយើងបានជួបគ្រួសារ»។
លោក ស៊ឹង សែនករុណា អ្នកនាំពាក្យរបស់សមាគមអាដហុក ប្រាប់វីអូអេថាការប្រើប្រាស់ហេតុផលកូវីដ១៩ ជារឿងចម្លែកមួយ និងប៉ះពាល់សិទ្ធិរបស់ក្រុមគ្រួសារ ខណៈជំងឺកូវីដលែងជាបញ្ហាព្រួយបារម្ភតទៅទៀតហើយ។
លោកថ្លែងថា៖ «ពួកគាត់តាំងពីចូលធ្វើការជាមួយប៉ូលិស ហាក់ដូចជាអត់មាននិយាយអំពីរឿងកូវីដផង ប៉ុន្តែចម្លែកនៅពេលទៅដល់ពន្ធនាគារ យើងហេតុផលកូវីដ អត់ឲ្យគាត់បានជួបជុំគ្រួសារ»។
លោក នុត សវនា អ្នកនាំពាក្យរបស់អគ្គនាយកដ្ឋានពន្ធនាគារ ថ្លែងថាការឆ្លងជំងឺកូវីដក្នុងសហគមន៍ងើបឡើងវិញ ហើយពន្ធនាគារត្រូវមានប្រុងប្រយ័ត្ន។
តុលាការខេត្តរតនគិរី កាលពីថ្ងៃចន្ទ បានសម្រេចឃុំខ្លួនលោក ថេង សាវឿន និងសហការីរបស់លោក២នាក់ គឺលោក ថាន់ ហាច មន្ត្រីសម្របសម្រួលសហគមន៍ និងលោក ញ៉ិល ភាព មន្ត្រីជាន់ខ្ពស់នៃសមាគម ក្រោមបទចោទប្រកាន់«រួមគំនិតក្បត់»និង«ញុះញង់បង្កអន្តិសុខសង្គម»។
ពួកគេទាំង៣នាក់ត្រូវបានសមត្ថកិច្ចខេត្តក្រចេះ ឃាត់ខ្លួនកាលពីថ្ងៃពុធសប្តាហ៍មុន ក្រោមការបញ្ជារបស់ស្នងការនគរបាលខេត្តរតនគិរី ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនៅទីនោះ។ វគ្គបណ្តុះបណ្តាលនោះត្រូវបានសមត្ថកិច្ចអះអាងថាបង្កប់អត្ថន័យញុះញង់ឲ្យមានបដិវត្តន៍កសិករ។
វីអូអេមិនទាន់អាចសុំការឆ្លើយតបពីលោក អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរីបាននៅឡើយ។
គេមិនទាន់ដឹងនៅឡើយទេថាហេតុអ្វីបានជាសមត្ថកិច្ចខេត្តរតនគិរីបានដំណឹងអំពីកិច្ចប្រជុំផ្ទៃក្នុងរបស់សមាគមរបស់លោក ថេង សាវឿន រហូតដល់ចុះទៅស៊ើបអង្កេតពិនិត្យមើលបន្ទប់ ឯកសារ និងកាមេរ៉ាសុវត្ថិភាពនៅសណ្ឋាគារឈ្មោះGalaxy II Motel ដែលជាកន្លែងលោក ថេង សាវឿន រៀបចំកិច្ចប្រជុំរយៈពេល២ថ្ងៃ។
ម្ចាស់សណ្ឋាគារ Galaxy II Motel ប្រាប់វីអូអេដោយមិនចង់បង្ហាញឈ្មោះថានៅថ្ងៃបន្ទាប់ពីកិច្ចប្រជុំ សមត្ថកិច្ចចុះមកសួរនាំ ប្រមូលឯកសារ និងពិនិត្យមើលកាមេរ៉ាសុវត្ថិភាពនៅទីនោះ។
ម្ចាស់សណ្ឋាគារបញ្ជាក់ថាក្រុមខាងអ្នកស្រីមិនបានជូនដំណឹងទៅសមត្ថកិច្ចឡើយអំពីកិច្ចប្រជុំរបស់លោក ថេង សាវឿន។
ក្រុមគ្រួសារអះអាងថាការចោទប្រកាន់បទ«រួមគំនិតក្បត់» ដែលអាចជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ ធ្ងន់ធ្ងរ និងអយុត្តិធម៌ ដោយការពារថាសកម្មភាពរបស់លោក ថេង សាវឿន និងក្រុមគ្រួសារ គឺដើម្បីការពារប្រយោជន៍របស់កសិករតែប៉ុណ្ណោះ៕