សកម្មជនខាងសិទ្ធិមនុស្សបាននិយាយថា ការឃុំខ្លួនមេដឹកនាំសកម្មជន Uighur ដ៏លេចធ្លោម្នាក់ កាលពីដើមខែសីហា នៅក្នុងប្រទេសអ៊ីតាលី គឺជាការចង្អុលបង្ហាញថា ប្រទេសចិនទទួលបានជោគជ័យក្នុងប៉ុនប៉ងទាញយកផលប្រយោជន៍ពីកំណើនសេដ្ឋកិច្ចរបស់ខ្លួន នៅក្នុងទ្វីបអឺរ៉ុប។
អ្នកនាំពាក្យឲ្យអង្គការសិទ្ធ Uighur ម្នាក់និយាយថា ហេតុការណ៍ឃុំខ្លួននេះ គួរតែជាការដាស់តឿនចំពោះទ្វីបអឺរ៉ុបថា គុណតម្លៃមូលដ្ឋានរបស់ខ្លួននឹងត្រូវជួបឧបសគ្គ ប្រសិនបើប្រទេសក្នុងសហភាពអឺរ៉ុបនៅបន្តមានចំណងពាណិជ្ជកម្មជាមួយចិនជាអាទិភាព ជាងការយកចិត្តទុកដាក់ចំពោះបញ្ហាសិទ្ធិមនុស្សរបស់ខ្លួននោះ។
កាលពីថ្ងៃពុធកន្លងទៅនេះ អគ្គលេខាធិការនៃអង្គសមាជជនជាតិ Uighur ពិភពលោក ប្រចាំនៅទីក្រុង Munich (Munich-based World Uighur Congress ((WUC))) លោក Dolkun Isa ត្រូវបានប៉ូលិសនៅទីក្រុងរ៉ូម ឃាត់ខ្លួន មុននឹងលោកឡើងធ្វើបទបង្ហាញប្រាប់ដល់ព្រឹទ្ធសភាអ៊ីតាលីអំពីការរឹតបណ្ដឹងដែលពលរដ្ឋរបស់លោកដែលកំពុងប្រឈមនៅតំបន់ Xinjiang។
អត្តសញ្ញាណប័ណ្ណរបស់លោក ត្រូវបានផ្ទៀងផ្ទាត់ជាមួយនឹងរូបថត និងស្នាមម្រាមដៃ ដែលកិច្ចការនេះប្រើពេលអស់ជាងបីម៉ោង។
ការឃាត់ខ្លួនតាមបង្គាប់របស់ចិន
ប៉ូលិសក្នុងតំបន់ បានបញ្ជាក់ប្រាប់លោក Isa ថាពួកគេបានធ្វើតាមបញ្ជីក្រហមរបស់អង្គភាពប៉ូលីស Intepol ដែលនៅក្នុងបញ្ជីនោះ ប្រទេសចិនបានដាក់ថា លោកគឺជាភេរវជនម្នាក់ដែលគេកំពុងតែតាមចាប់ខ្លួនតាំងពីឆ្នាំ២០០៩មក ដោយគ្មានភស្តុតាងអ្វីច្បាស់លាស់ឡើយ។ រដ្ឋមន្ត្រីជាន់ខ្ពស់ផ្នែកសន្តិសុខរបស់ចិនម្នាក់ ត្រូវបានតែងតាំងជាប្រធានអង្គភាពប៉ូលិស Interpol កាលពីខែវិច្ឆិកា។
លោក Isa បច្ចុប្បន្នមានសញ្ជាតិអាល្លឺម៉ង់ បានបង្ហាញពីការស្រងាកចិត្តចំពោះនិន្នាការរបស់ប្រទេសអភិវឌ្ឍន៍ ដែលមានទំនោរទៅតាមសម្ពាធនយោបាយពីចិន ដើម្បីដោះដូរជាមួយនឹងផលប្រយោជន៍សេដ្ឋកិច្ច។ លោកបានប្រាប់VOA ថា «ខ្ញុំស្លុតចិត្តខ្លាំងណាស់ ពីព្រោះខ្ញុំជឿថាប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងនីតិរដ្ឋ គឺជាគុណតម្លៃចម្បងនៃប្រជាធិបតេយ្យរបស់អ៊ីតាលី នៃរដ្ឋាភិបាលប្រទេសអ៊ីតាលី»។
លោក Isaមិនមែនជាជនចម្លែកទេសម្រាប់ចិន ដែលបានព្យាយាមរារាំងសម្មភាពតស៊ូមតិរបស់លោកសម្រាប់ជនជាតិ Uighur ហើយលោកក៏ធ្លាប់ត្រូវបានឃាត់ខ្លួនពីមុនមក នៅទីក្រុងញូវយ៉ក កូរ៉េខាងត្បូង តួកគី និងប្រទេសស្វីសផងដែរ។
អង្គសមាជ Uighur ពិភពលោក ប្រចាំនៅទីក្រុងMunich បានទាមទារឲ្យសហភាពអឺរ៉ុប ធ្វើការស៊ើបអង្កេតថាតើប្រទេសចិនបានដាក់សម្ពាធលើប្រទេសអ៊ីតាលីឲ្យឃុំខ្លួនលោក Isa ឬទេ។
លោក Dilxat Rixat អ្នកនាំពាក្យរបស់ អង្គសមាជ Uighurពិភពលោក បានជំរុញឲ្យសហភាពអឺរ៉ុបរឹតបន្តឹងចំពោះការរំលោភបំពានសិទ្ធិមនុស្សរបស់ចិន។ លោកបាននិយាយថា៖ «សហភាពអឺរ៉ុប គួរតែភ្ញាក់រឭក និងកែតម្រូវគោលនយោបាយនៃការផ្លាស់ប្តូរ ពាណិជ្ជកម្មទៅនឹងនយោបាយរបស់ខ្លួនជាមួយចិនឡើងវិញ»។
ការកើនឡើងនៃឥទ្ធិពលរបស់ចិន
អ្នកវិភាគបានយល់ស្របថា ជាធម្មតា អ្វីដែលបានកើតឡើងចំពោះលោក Isa គឺជាឧទាហរណ៍មួយទៀតដែលបង្ហាញអំពីការកើនឡើងឥទ្ធិពលរបស់ចិន នៅខាងក្រៅប្រទេស។
ប៉ុន្តែ អ្នកវិភាគមួយចំនួនបានអះអាងថា យោងតាមហេតុការណ៍ជាក់ស្ដែងដែលសកម្មជននិរទេសខ្លួនរូបនេះ ត្រូវបានដោះលែង និងអនុញ្ញាតឲ្យធ្វើដំណើរដោយសេរីនៅក្នុងទ្វីបអឺរ៉ុបនោះ បានបង្ហាញថាសន្ដានចិត្តចំពោះរឿងហេតុកើតឡើងលើជនជាតិ Uighur នៅតែជាសញ្ញាបង្ហាញច្បាស់លាស់ថា ប្រទេសនៅក្នុងតំបន់អឺរ៉ុប នៅមានមន្ទិលសង្ស័យទៅលើសេចក្ដីថ្លែងការណ៍របស់ចិនដែលបាននិយាយថា ការទាមទារចង់បានតំបន់ស្វយ័តរបស់ក្រុមជនជាតិ Uighur គឺជាប់ទាក់ទងនឹងពួកភេរវកម្មឥស្លាមជ្រុលនិយម។
និយាយរួម គឺពួកគេបានបង្ហាញនូវការព្រួយបារម្ភចំពោះការរឹតបន្តឹងរបស់ចិនដោយគ្រប់គ្រង់លើផ្នែកសង្គមនិងនយោបាយនៅក្នុងតំបន់ Xinjiang។
មានតែឆ្អឹង អត់សាច់
លោក Dru Gladney សាស្ត្រាចារ្យផ្នែកនរវិទ្យាមកពីមហាវិទ្យាល័យ Pomona College នៅរដ្ឋកាលីហ្វ័រញ៉ា បាននិយាយថា៖ «ខ្ញុំធ្លាប់និយាយថាចិនកំពុងប្រើវិធីសាស្ត្រសាច់និងឆ្អឹងទៅលើបញ្ហាUighur នេះ។ ប៉ុន្តែ ឥឡូវហាក់ដូចជាសាច់ត្រូវយកចេញអស់ ហើយគំនរឆ្អឹងកើនឡើងរឹតតែច្រើន»។
ចាប់ពីខែកញ្ញាទៅ ការប្រើភាសា Uighur នៅក្នុងសាលារៀនគ្រប់កម្រិតទាំងអស់នៅតំបន់ Xinjiang នឹងត្រូវហាមឃាត់។ ប្រទេសចិនបានហាមឪពុកម្ដាយជនជាតិ Uighurមិនឲ្យដាក់ឈ្មោះកូនៗទើបកើតថា«មូហាំម៉ាត់»ទេ ឬឈ្មោះណាដែលមានអត្ថន័យពាក់ព័ន្ធនឹង «សាសនាខ្លាំងពេក»។
ការរឹតបន្តឹងផ្សេងៗទៀត ផ្ដោតលើការត្រួតពិនិត្យ និងគ្រប់គ្រងលើការអនុវត្តសាសនារបស់ក្រុមជនជាតិភាគតិច ដែលរួមទាំងការគ្រប់គ្រងតាមរយៈកម្មវិធីទូរស័ព្ទដើម្បីឃ្លាំមើលការទាក់ទងរបស់ពួកគេ។
អំពើប្រល័យពូជសាសន៍ដើម្បីបំបាត់វប្បធម៌
លោក Isa បាននិយាយថា៖ «វាច្បាស់ណាស់ នេះគឺជាគោលនយោបាយរបស់រដ្ឋាភិបាលចិន ក្នុងការបំផ្លាញវប្បធម៌ជនជាតិUighur »។
លោកបានបន្ថែមថា៖ «ភាសាUighur គឺជាកត្តាចម្បងមួយនៃអត្តសញ្ញាណរបស់ជនជាតិ Uighur។ ប្រសិនបើអ្នកប្ដូរភាសារបស់អ្នក អ៊ីចឹង អត្តសញ្ញាណនឹងត្រូវបាត់បង់ប្រហែល៦០ភាគរយ។ អត្តសញ្ញាណមួយទៀត គឺសាសនា។ មូលហេតុដូច្នេះហើយ ទើបរដ្ឋាភិបាលចិន សព្វថ្ងៃ បង្ខំដាក់សម្ពាធមកលើសាសនា និងភាសាកាន់តែខ្លាំង»។
លោក Michael Clarke សាស្ត្រាចារ្យជំនួយនៅសាកលវិទ្យាល័យជាតិអូស្ត្រាលី ផ្នែកសន្តិសុខជាតិ បានបញ្ជាក់ថា ចិនសម្ញែងឲ្យឃើញពីការដាក់ត្រួតត្រាខ្លាំងបែបនេះ គឺបានត្រឹមតែរឹតបន្តឹងក្តីបារម្ភដែលជនជាតិ Uighurមានតាំងពីមុនមក ដោយខ្លាចក្រែងថាពួកគេនឹងត្រូវដាក់ឲ្យនៅលាយឡំគ្នាជាសមានកម្ម។
លោកសាស្ត្រាចារ្យ បានប្រាប់ VOA តាមរយៈសារអេឡិចត្រូនិកថា៖ «គ្មានអីគួរឲ្យឆ្ងល់ទេថា គោលនយោបាយបែបនេះ មិនត្រឹមតែធ្វើឲ្យភាពតានតឹងរវាងជនជាតិភាគតិចនឹងជនជាតិភាគតិចផ្សេងទៀតកាន់តែខ្លាំងឡើងនោះទេ (រវាងជនជាតិUighurទូទៅ និងចិនដើមកំណើតហាន) ប៉ុន្តែថែមទាំងទំនាក់ទំនងរបស់ជនជាតិ Uighur ជាមួយនឹងស្ថាប័ននានាផងដែរ»។
កង្វល់ឈឺចាប់កើនឡើង
រដ្ឋាភិបាលក្រុងប៉េកាំង បាននិយាយថា អំពើហិង្សានៅតំបន់ Xinjiang បង្កឡើងដោយកងកម្លាំងសត្រូវពីខាងក្រៅដែលជាប់ពាក់ព័ន្ធនឹងក្រុមឥស្លាមទូទាំងពិភពលោក ដូចជា ពួក al-Qaida និងពួករដ្ឋឥស្លាមជាដើម។
សាស្ត្រាចារ្យ Clarke បានបញ្ជាក់ថា រឿងហេតុជាច្រើនដែលបានកើតឡើងពេលថ្មីៗនេះ គឺបង្កឡើងដោយសារភាពអយុត្តិធម៌នៅក្នុងតំបន់ ពាក់ព័ន្ធនឹងការចង់បង្កើនការគ្រប់គ្រង់របស់រដ្ឋទៅលើតំបន់នោះ។
សាស្ត្រាចារ្យ Clarke ក៏បានសុំឲ្យរដ្ឋាភិបាលចិន បន្ធូរបន្ថយការត្រួតពិនិត្យដ៏ចាស់ដៃរបស់ខ្លួន នៅក្នុងតំបន់Xinjiang ឬប្រឈមនឹងអ្វីដែលលោកហៅថា "បន្ថយលឿន" នៅក្នុងគម្រោងតំបន់សេដ្ឋកិច្ចផ្លូវសូត្ររបស់ខ្លួន ដូចជា គម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលសាងសង់នៅភូមិភាគខាងលិចប្រទេសចិន។
លោកបាននិយាយថា ដើម្បីអនុវត្តគម្រោងនោះ ចិនត្រូវការការគាំទ្រពីប្រជាជនតាមបណ្ដាប្រទេសនៅអាស៊ីកណ្ដាល ឬប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រពែក្ស ដែលមានអ្នកកាន់សាសនាអ៊ីស្លាមជាច្រើនមានការខឹងសម្បារចំពោះការធ្វើទុក្ខបុកម្នេញរបស់ចិនទៅលើជនជាតិ Uighur ដែលកាន់សាសនាឥស្លាមនោះ៕
ប្រែសម្រួលដោយ៖ សើ សាយ្យាណា