ការឃុំខ្លួនមេដឹកនាំនិរទេសខ្លួនដ៏ល្បីល្បាញរបស់ជនជាតិភាគតិចចិនអ៊ុយហ្គរម្នាក់ក្នុងរយៈពេលខ្លីនៅប្រទេសអ៊ីតាលីកាលពីសប្តាហ៍មុនកំពុងបង្កើនការភ្ញាក់ផ្អើលក្នុងចំណោមក្រុមអង្គការសិទ្ធិមនុស្សដែលមើលឃើញការចាប់ខ្លួននេះថាជាសញ្ញាមួយនៃការកើនឡើងខាងឥទ្ធិពលនយោបាយរបស់ចិននៅក្នុងតំបន់អឺរ៉ុប។ ការព្រួយកង្វល់នេះគឺដោយសារតួនាទីនៃការចាប់ខ្លួនដោយអង្គការប៉ូលិសអន្តរជាតិ (Interpol)ដែលចាប់តាំងពីខែវិច្ឆិការមកបានដឹកនាំដោយលោក Meng Hongwei អនុរដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈរបស់ចិន។
កាលពីថ្ងៃពុធសប្តាហ៍មុន លោកDolkun Isa អគ្គលេខាធិការសមាជជនជាតិ ភាគតិចចិនអ៊ុយហ្គរពិភពលោកដែលមានទីតាំងនៅក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ បានត្រូវប៉ូលិសបញ្ឈប់នៅក្នុងទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលីនៅពេលដែលលោកប្រុងប្រៀបធ្វើសុន្ទរកថាទៅកាន់ព្រឹទ្ធសភាអ៊ីតាលីអំពីការរឹតត្បិតដែលប្រជាពលរដ្ឋរបស់លោកកំពុងប្រឈមនៅក្នុងខេត្ត Xinjiang ភាគខាងលិចប្រទេសចិន។ លោក Isaដែលឥឡូវនេះជាជនជាតិអាល្លឺម៉ង់បានត្រូវគេយកទៅកាន់ស្ថានីយប៉ូលិសដែលនៅទីនោះលោកបានត្រូវគេថតរូប ផ្តិតម្រាមដៃហើយនឹងឃុំខ្លួនអស់រយៈពេលជាង៣ម៉ោងមុនពេលត្រូវបានដោះលែងវិញ។
ការឃុំខ្លួននេះបានពណ៌នាដោយលោកIsaថាជាការឆែកឆេររកអត្តសញ្ញាណប័ណ្ណ។ក៏ប៉ុន្តែ លោកបាននិយាយថា ប៉ូលិសអ៊ីតាលីក៏បានប្រាប់លោកដែរថា លោកបានត្រូវគេចាប់ខ្លួនពីព្រោះតែឈ្មោះរបស់លោកបានលេចចេញពណ៌ក្រហមនៅក្នុងបញ្ជីរបស់ប៉ូលិសអន្តរជាតិ Interpol ដែលចង្អុលបង្ហាញថា បុគ្គលទាំងនោះត្រូវចង់ចាប់ខ្លួនដោយប៉ូលិសនៅក្នុងប្រទេសដែលជាសមាជិករបស់អង្គការ Interpol។
លោក Isa បានប្រាប់ VOAថា ការចាប់ខ្លួននោះបានធ្វើឲ្យលោកតក់ស្លុតពីព្រោះខ្ញុំជឿជាក់ថា លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្សនិងនីតិរដ្ឋជាតម្លៃដ៏សំខាន់នៃលទ្ធិប្រជាធិបតេយ្យរបស់អ៊ីតាលី៕