មនុស្សបួននាក់បានស្លាប់នៅក្នុងអ្វីដែលបណ្តាញព័ត៌មានរដ្ឋក្នុងប្រទេសចិនពណ៌នាថាជា «ការវាយប្រហារភេរវកម្ម» មួយនៅឯការិយាល័យគណបក្សកុម្មុយនិស្តមួយកន្លែងក្នុងតំបន់ Xinjiang មានចលាចលក្នុងភាគខាងលិចនៃប្រទេសចិន។
បើតាមទីភ្នាក់ងារព័ត៌មាន Xinhua ផ្លូវការរបស់ប្រទេសចិន អាជ្ញាធរក្នុងមូលដ្ឋានបាននិយាយថា ពួកជនសកម្មប្រយុទ្ធរដ្ឋឥស្លាមបួននាក់បានបំផ្ទុះគ្រឿងផ្ទុះកាលពីថ្ងៃពុធដែលបានបណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និងធ្វើឱ្យមនុស្សបីនាក់ទៀតត្រូវរបួស។ របាយការណ៍នេះបានសរសេរថា ប៉ូលិសបានបាញ់សម្លាប់អ្នកវាយប្រហារទាំងបួននាក់នេះ ហើយបានពណ៌នាហេតុការណ៍នេះថាជា «ការវាយប្រហារភេរវកម្ម» មួយ។
មានមនុស្សរាប់រយនាក់បានបាត់បង់ជីវិតនៅក្នុងតំបន់ព្រំដែន Xinjiang កាលពីប៉ុន្មានឆ្នាំថ្មីៗនេះដោយសារមានអំពើហិង្សាដែលកំពុងមានតទៅទៀតរវាងពួកជនអំបូរ Uighur កាន់សាសនាឥស្លាម និងពួកជនជាតិអំបូរ Han ដែលជាជនជាតិភាគច្រើននៅក្នុងប្រទេសចិន។
រដ្ឋាភិបាលចិនបានបន្ទោសពួកជ្រុលនិយមនៅក្នុងសហគមន៍ Uighur ថាបានធ្វើឱ្យមានចលាចលពីព្រោះពួកនេះស្វះស្វែងឱ្យមានឯករាជ្យពីប្រទេសចិន។ ក៏ប៉ុន្តែក្រុមការពារសិទ្ធិមនុស្ស និងពួកជននិរទេសខ្លួននៅឯប្រទេសក្រៅបាននិយាយថា អំពើហិង្សាជាលទ្ធផលនៃការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើសាសនា និងវប្បធម៌របស់ក្រុមជនអំបូរ Uighur។ នេះជាការចោទប្រកាន់មួយប្រទេសចិនបានបដិសេធ៕