ប្រធានាធិបតីចិនលោក Xi Jinping បានការពារគម្រោងគោលនយោបាយដ៏សំខាន់របស់លោក នៅក្នុងការចាប់ផ្តើមនៃវេទិកាគំនិតផ្តួចផ្តើមក្រវ៉ាត់និងផ្លូវក្នុងរដ្ឋធានីប៉េកាំងប្រទេសចិន កាលពីថ្ងៃទី១៨ ខែតុលាកន្លងទៅនេះ ដោយគូសបញ្ជាក់នូវអ្វីដែលលោកនិយាយថា ជាផែនការជោគជ័យមួយ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ។ ជាមួយប្រធានាធិបតីរុស្ស៊ី ដែលជាអ្នកចូលរួមដ៏សំខាន់ម្នាក់ក្នុងវេទិកានៃការជួបជុំនិងគាំទ្រផែនការលោកនោះ លោកXi ក៏បានបញ្ជាក់ផងដែរពីវិស័យគន្លឹះចំនួន៨ ដែលចិនមានបំណងអភិវឌ្ឍឱ្យកាន់ស៊ីជម្រៅខ្លាំងឡើងថែមទៀត។
វេទិកាដែលត្រូវបង្កើតឡើងដើម្បីតភ្ចាប់ពិភពលោក ដែលមានប្រមុខរដ្ឋចូលរួមតិចជាងកិច្ចប្រជុំកាលពីពេលកន្លងមកនោះ ត្រូវបានរៀបចំធ្វើឡើងនៅចំពេលដែលពិភពលោកកំពុងមានការបែកបាក់គ្នា ដោយសារសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន និងភាពតានតឹងកំពុងតែកើនឡើងខ្លាំងនៅក្នុងតំបន់មជ្ឈឹមបូព៌ា។ ក្រុមអ្នកវិភាគខ្លះលើកឡើងថា រដ្ឋាភិបាលក្រុងប៉េកាំងចង់យកវេទិកានេះ ដើម្បីធ្វើឱ្យមានចំណាប់អារម្មណ៍ថា ចិនជាមេដឹកនាំនៃប្រទេសកំពុងអភិវឌ្ឍក្នុងពិភពលោក។
លោកYun Sun នាយកកម្មវិធីចិននៃមជ្ឈមណ្ឌល Stimson ដែលជាវិទ្យាស្ថានស្រាវជ្រាវមួយ មានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក បានប្រាប់វីអូអេ តាមការឆ្លើយតបជាលាយល័ក្ខអក្សរថា៖ «គម្រោង BRI បានក្លាយជារបៀបវារៈគោលនយោបាយការបរទេសរបស់ចិន និងជាចក្ខុវិស័យ ដែលរដ្ឋាភិបាលក្រុងប៉េកាំងបានបង្ហាញតាមរយៈគម្រោងនេះ គឺថា ចិនបានរួមវិភាគទានដល់ការអភិវឌ្ឍនហេដ្ឋារចនាសម្ពន្ធនិងសេដ្ឋកិច្ច ដល់ប្រទេសកំពុងអភិវឌ្ឍជាច្រើន»។
មេដឹកនាំនិងតំណាងមកពី១៤០ប្រទេស ដែលភាគច្រើនបំផុតមកតំបន់ភាគខាងត្បូងនៃពិភពលោក បានចូលរួមនៅក្នុងសន្និសីទកំពូលដែលមានរយៈពេល២ថ្ងៃ ដែលក្នុងនោះក៏រួមមានប្រធានាធិបតីរុស្ស៊ីលោក Putin ដែលបានជួបដាច់ដោយឡែកជាមួយលោក Xi នៅក្រៅកិច្ចប្រជុំកំពូលនេះផងដែរ។ នេះជាព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់លើកទី១ ដែលចិនបានរៀបចំធ្វើឡើង ចាប់តាំងពីខ្លួនទើបបានងើបផុតពីការបិទប្រទេសជិតរយៈពេល៣ឆ្នាំនៃជំងឹរាតត្បាតកូវីដ១៩ កាលពីខែមករា ឆ្នាំ២០២៣។
ដោយកោតសរសើរពីសមិទ្ធផលនៃគម្រោង BRI ចាប់តាំងពីឆ្នាំ២០១៣មក លោកXi បានថ្លែងថា គំនិតផ្តួចផ្តើមនេះ បានជួយដោះស្រាយបញ្ហាប្រេងឥន្ធនៈ និងបង្កើតរបៀងសេដ្ឋកិច្ចថ្មី សម្រាប់ប្រទេសកំពុងអភិវឌ្ឍជាច្រើន ខណៈពេលដែលកំពង់ផែ ផ្លូវថ្នល់ និងផ្លូវរថភ្លើង ដែលត្រូវកសាងឡើង ក្រោមកម្មវិធី BRI បានអនុញ្ញាតឱ្យមានទំនិញ ថវិកា បច្ចេកវិទ្យា និងមនុស្សធ្វើចរាចរនៅទូទាំងទ្វីបនានា។
ចាប់តាំងពីបង្កើតដំបូងមក គម្រោងBRI បានប្រមូលផ្តុំទុនវិនិយោគប្រមាណជាង១លានលានដុល្លារអាមេរិក បង្កើតឱ្យមានយ៉ាងហោចណាស់ក៏៣ពាន់គម្រោងផងដែរ និងមានកិច្ចព្រមព្រៀងប្រមាណ ជាង២០០ត្រូវបានចុះហត្ថលេខាជាមួយប្រទេសជាង១៥០នៅជុំវិញពិភពលោក។ នៅថ្ងៃទី១៨ខែតុលានេះ លោក Xi បានកោតសរសើរដល់ជោគជ័យនៃគំនិតផ្តួចផ្តើមនេះថា បានផ្លាស់ប្តូរពីផែនការមេទៅជាគម្រោងជាក់ស្តែងនានា។
អ្នកជំនាញមួយចំនួននិយាយថាគម្រោង BRI និងកិច្ចព្រមព្រៀងវិនិយោគទុនជាច្រើន បានបង្កើតឱ្យមានហេដ្ឋារចនាសម្ពន្ធចាំបាច់នានា នៅក្នុងប្រទេសកំពុងអភិវឌ្ឍ។ គម្រោងទាំងនេះក៏អនុញ្ញាតឱ្យចិនបង្ហាញខ្លួនផងដែរថាជាអ្នកផ្តល់បច្ចេកវិទ្យាទំនើប ដូចជារថយន្តដើរដោយថាមពលអគ្គិសនី បច្ចេកវិទ្យាផលិតអាគុយឬថ្មសាក និងបច្ចេកវិទ្យាថាមពលដែលអាចកើតឡើងវិញបាន។
លោក Christoph Nedopil Wang នាយកនៃ វិទ្យាស្ថាន Griffith អាស៊ី ក្នុងប្រទេសអូស្ត្រាលី បានប្រាប់វីអូអេ នៅក្នុងការឆ្លើយតបជាលាយល័ក្ខអក្សរថា៖ «ចិនចង់ធៀបគំរូអភិវឌ្ឍគម្រោង BRI របស់ខ្លួនផ្ទុយគ្នាទៅនឹងគំរូនៃការអភិវឌ្ឍនានានាំមុខដោយប្រទេសលោកខាងលិច ដែលមិនទទួលជោគជ័យ»។
លោកគិតថាគំរូចិនបែបនេះនិងរបៀបនៃទំនាក់ទំនង ធ្វើឲ្យប្រទេសមួយចំនួនដែលទើបមានសេដ្ឋកិច្ចងើបឡើង មានការពេញចិត្ត។
ដោយរិះគន់មិនចំឈ្មោះទៅលើសហរដ្ឋអាមេរិក លោក Xiគូសបញ្ជាក់ថា«ការប្រឈមផ្នែកមនោគមវិជ្ជា ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនិងនយោបាយក្នុងប្លុក មិនមែនជាជម្រើសរបស់យើងនោះឡើយ»។ លោកបន្ថែមទៀតថារដ្ឋាភិបាលក្រុងប៉េកាំង ប្រឆាំងជំទាស់ទៅនឹងការប្រឈមក្នុងប្លុក ការដាក់ទណ្ឌកម្មជាឯកតោភាគី និងការបំបែកបំបាក់។ លោកបន្ថែមទៀតថា «ការឃើញការអភិវឌ្ឍរបស់អ្នកដទៃថាជាការគំរាមកំហែង ហើយការឃើញការពឹងផ្អែកគ្នាទៅវិញទៅមកផ្នែកសេដ្ឋកិច្ច ថាជាហានិភ័យមួយនោះ នឹងមិនអនុញ្ញាតឱ្យខ្លួនរស់នៅបានប្រសើរជាងមុន និងអភិវឌ្ឍលឿនជាងមុននោះឡើយ»។
ខណៈពេលលោកXi ព្យាយាមបង្កើតគំរូអភិវឌ្ឍន៍របស់ចិនឱ្យមានភាពល្អផ្តាច់គេនោះ អ្នកជំនាញមួយចំនួននិយាយថា លទ្ធផលនៃគម្រោង BRI ក្នុងទសវត្សរ៍ដំបូងនេះ បានបង្ហាញនូវតថភាពខុសគ្នាមួយ។ អ្នកស្រី Niva Yau អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលចិនសាកលនៃក្រុមប្រឹក្សាអាត្លង់ទិក ដែលមានមូលដ្ឋានក្នុងប្រទេសជប៉ុន បានលើកឡើងដូចនេះថា «ប្រទេសចិនចង់ថតចម្លងយកតាមគំនិត ស្តីពីការបង្កើនការរីកចម្រើនសេដ្ឋកិច្ច តាមរយៈការស្ថាបនាហេដ្ឋារចនាសម្ពន្ធទៅកាន់ប្រទេសផ្សេងៗ ប៉ុន្តែការរីកចម្រើនសេដ្ឋកិច្ចរបស់ចិនខ្លួនទៅវិញទេ គឺជារឿងសំខាន់លើសពីហេដ្ឋារចនាសម្ពន្ធនោះ។
អ្នកស្រីបន្ថែមដូចនេះទៀតថា កំណើនសេដ្ឋកិច្ចចិន ត្រូវបានបង្កើតឡើងដោយរួមបញ្ចូលគ្នានៃហេដ្ឋារចនាសម្ពន្ធ តម្លៃពលកម្មទាប និងការវិនិយោគបរទេសផ្ទាល់ក្នុងចំនួនដ៏ច្រើន ក៏ដូចជាការផ្ទេរនូវជំនាញជាច្រើនផងដែរ។ ជំនួសឱ្យការបញ្ចូនចេញនៃគំរូសេដ្ឋកិច្ចរបស់ខ្លួនទាំងស្រុងទៅក្រៅប្រទេសនោះ អ្វីដែលចិនធ្វើ គឺការការពារ គំនិតស្ថាបនាហេដ្ឋារចនាសម្ពន្ធ។ អាស្រ័យដូចនេះហើយ បានជាគម្រោង BRI របស់ចិននេះមិនដំណើរការស្រួលរយៈពេល១០ឆ្នាំមកនេះ។
ផលប៉ះពាល់អវិជ្ជមាននៃគម្រោង BRI ក្នុងទសវត្សរ៍ដំបូង
ខណៈពេលដែលអ្នកវិភាគមួយចំនួនលើកឡើងថា ចិនបានរួមវិភាគទានដោយវិជ្ជមានដល់ការអភិវឌ្ឍជាសាកលតាមរយៈគម្រោង BRI របស់ខ្លួននោះ ប្រទេសលោកខាងលិចជាច្រើន បានរិះគន់ដល់គម្រោងនេះថា បានបន្សល់ទុកឱ្យប្រទេសចូលរួមនូវគំនរប្រាក់បំណុលវ័ណ្ណករនិងការបំផ្លាញបរិស្ថានជាដើម។
របាយការណ៍មួយ ដែលត្រូវបានចេញផ្សាយដោយសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិក កាលពីខែតុលាកន្លងទៅបានបង្ហាញថា ប្រទេសដែលទទួលបានថវិការបស់ចិន គឺស្ថិតក្នុងកម្មវត្ថុនៃការជំពាក់បំណុលដ៏សែនព្រួយបារម្ភ»។
អ្នកស្រីYau នៃក្រុមប្រឹក្សាអាត្លង់ទិកនិយាយថា គម្រោង BRI ជាច្រើនបានជួបភាពបរាជ័យនិងមិនអាចកើតចេញជារូបរាងបាន ឬក៏ជួបនូវបញ្ហាកម្រិតធំអស់ពេលជាយូរ ពីព្រោះចិនមិនបានលើកយកមកដោះស្រាយនូវបញ្ហាដែលបានកើតឡើង ដែលត្រូវបានរកឃើញតាមរយៈការសិក្សាស្រាវជា្រវ ដោយអង្គការអន្តរជាតិមួយចំនួន។
អ្នកស្រីបានប្រាប់វីអូអេដូចនេះថា «អង្គការអន្តរជាតិដទៃផ្សេងទៀត បានសិក្សាពីលទ្ធភាពនៃគម្រោង BRI ភាគច្រើនបំផុត និងបានចាត់ទុកថាគម្រោងទាំងនេះ ជាគម្រោងមិនរកប្រាក់កម្រៃនោះឡើយ ក្នុងករណីភាគច្រើនបំផុត។ ប្រសិនបើគម្រោងខ្លះអាចត្រូវបានប្រើប្រាស់ដើម្បីរកប្រាក់កម្រៃនោះ ក៏ប្រហែលជាតម្រូវឱ្យមាននូវលក្ខខណ្ឌជាច្រើនផងដែរ ដែលត្រូវបំពេញ មុនពេលដែលអង្គការអន្តរជាតិនានា អាចបោះទុនវិនិយោគក្នុងគម្រោងហេដ្ឋារចនាសម្ពន្ធធំៗទាំងនេះបាន។
អ្នកស្រី Yauនិយាយថា នៅពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង បង្កើតឱ្យមានថវិកាក្នុងចំនួនដ៏ធំមួយ ប៉ុន្តែមិនបានដោះស្រាយបញ្ហាជាឫសគល់ ដែលបានកើតឡើងនោះ ក្រុមហ៊ុនចិននានាជារឿយៗ បានសហការគ្នាជាមួយក្រុមជនពុករលួយ និងបំផ្លាញបរិស្ថាន។ អ្នកស្រីបន្ថែមទៀតថា «ប្រទេសម្ចាស់ផ្ទះ មិនដែលបានត្រៀមខ្លួនជាមុនស្រេច សម្រាប់គម្រោងហេដ្ឋារចនាសម្ពន្ធដ៏ធំទាំងនេះឡើយ»។
ដើម្បីដោះស្រាយនូវបញ្ហាមួយចំនួននេះ លោក Xi បង្កើតប្រព័ន្ធមួយ ដើម្បីធ្វើការវាយតម្លៃពីសុចរិតភាព និងការអនុលោមរបស់ក្រុមហ៊ុនផ្សេងៗ ដែលបានចូលរួមនៅក្នុងគម្រោង BRI និងបានសហការជាមួយអង្គការអន្តរជាតិមួយចំនួន ដើម្បីធ្វើការស្រាវជ្រាវ និងបណ្តុះបណ្តាលលើសុចរិតភាពស្តីពីគម្រោងខ្សែក្រវ៉ាត់និងផ្លូវពាណិជ្ជកម្មនេះ។ នេះបើតាមការលើកបញ្ជាក់របស់លោក Xi នៅក្នុងសុន្ទរកថារបស់លោក។
គម្រោង BRI មិនប៉ះពាល់បរិស្ថាននិងតូចៗជាងមុន
ដើម្បីអនុវត្តនូវការសន្យាលើអាទិភាពនៃការធ្វើឱ្យគម្រោង BRI នានាល្អស្រស់បំព្រងនិងតូចជាងមុននោះ លោក Xi បានបង្ហាញនូវផែនការ៨ចំណុចកាលពីថ្ងៃទី១៨ខែតុលាកន្លងទៅ ដោយសន្យាថា ធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅខ្លាំងថែមទៀត ដើម្បីធ្វើឱ្យហេដ្ឋរចនាសម្ពន្ធមិនប៉ះពាល់ដល់បរិស្ថាន សម្របសម្រួលនវានុវត្តន៍បច្ចេកវិជ្ជា និងបង្កើនកិច្ចប្រឹងប្រែងដើម្បីធ្វើឌីជីថលសេដ្ឋកិច្ចសាកល។ លោក Xi និយាយបន្ថែមទៀតថា ប្រទេសចិននឹងលើកកម្ពស់គម្រោងសំខាន់ទាំងពីរ និងកម្មវិធីរស់នៅប្រកបដោយភាព«តូចសមរម្យតែឆ្លាតវៃជាងមុន»។
ទិន្នន័យដែលប្រមូលចងក្រងឡើងដោយវិទ្យាស្ថាន American Enterprise ដែលជាវិទ្យាស្ថានស្រាវជ្រាវអភិរក្សមួយ ក៏បានបង្ហាញផងដែរថា ទំហំនៃកិច្ចព្រមព្រៀងវិនិយោគទុន BRI អាចកាន់តែរួមតិចទៅៗ។ ក្នុងរយៈពេល៦ខែឆ្នាំ២០២៣នេះ ក្រុមហ៊ុនចិនបានចុះហត្ថលេខាលើគម្រោងសាងសង់ដែលពាក់ព័ន្ធនឹងកម្មវិធី BRI និងកិច្ចព្រមព្រៀងវិនិយោគទុននានា ដែលមានទឹកប្រាក់តម្លៃប្រមាណ៤០ពាន់លានដុល្លារអាមេរិក ដែលជាចំនួនតិចខ្លាំងជាងរយៈពេលមុនជំងឺរាតត្បាតកូវីដ១៩ នៅពេលដែលទំហំចំណាយប្រចាំឆ្នាំសរុបរបស់គម្រោង BRI ជាធម្មតាកើនលើស១០០ពាន់លានដុល្លារអាមេរិកនោះ។
ក្រុមអ្នកវិភាគនិយាយថា ការប្រកាសទាំងនេះបង្ហាញថា ជាជាងការដាក់ជំនួសគម្រោង BRIជាមួយគំនិតផ្តួចផ្តើមដទៃមួយទៀត ប្រទេសចិនកំពុងផ្តោតលើការបម្លែងវិសាលភាពនិងទំហំគម្រោង BRI នេះ។
លោក Nedopil Wang នៃវិទ្យា Griffith អាស៊ី បានប្រាប់វីអូអេថា «គម្រោង BRI នឹងនៅតែស្ថិត ស្ថេរទៅមុខ ហើយនិងផ្តោតលើបញ្ហានានា ដូចជាការអភិវឌ្ឍគ្មានការប៉ះពាល់ដល់បរិស្ថាននិងបែបឌីជីថលក្នុងរយៈពេលជាច្រើនឆ្នាំទៅមុខទៀត»។
លោកបន្ថែមទៀតថា ប្រទេសចិននឹងទំនងអនុញ្ញាតឱ្យផ្នែកឯកជន ដើរតួនាទីធំមួយ នៅក្នុងគម្រោង BRI ខណៈពេលធ្វើការផ្លាស់ប្តូរការលើការផ្តោតរបស់គម្រោងនេះ ទៅជា«គម្រោងឥណទានតាម ធនាគារ» វិញ ដែលអាចរកប្រាក់ចំណូលបាន។ វានឹងមានគម្រោងតិចតួចជាងមុនទាក់ទងនឹងហេដ្ឋារចនាសម្ពន្ធសាធារណៈ ដោយសារតែប្រាក់បំណុលរដ្ឋប្រើប្រាស់ក្នុង នៅក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចលេចធ្លោ៕