ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សហប្រជាជាតិ៖ អ៊ីតាលី​អាច​សង្គ្រោះ​ជន​អន្តោប្រវេសន៍​ដែល​លង់​ទឹក​ ២០០ នាក់​​បាន តែ​មិន​ធ្វើ


រូប​តំណាង៖ ជនភៀសខ្លួន​រង់ចាំ​ការ​ជួយ​ពី​អង្គការ​អេស៉្បាញ​មួយ ខណៈ​ដែល​ពួកគេ​រត់ភៀសខ្លួន​តាម​ទូក​ពី​ប្រទេស​លីប៊ី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧។
រូប​តំណាង៖ ជនភៀសខ្លួន​រង់ចាំ​ការ​ជួយ​ពី​អង្គការ​អេស៉្បាញ​មួយ ខណៈ​ដែល​ពួកគេ​រត់ភៀសខ្លួន​តាម​ទូក​ពី​ប្រទេស​លីប៊ី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧។

អ៊ីតាលី​បាន​បរាជ័យ​ក្នុង​ការការពារ​ជីវិត​ជនអន្តោប្រវេសន៍​ជាង ២០០ នាក់​នៅ​លើ​ទូក​មួយ​គ្រឿង​ដែល​បាន​លិច​ក្នុង​សមុទ្រ​មេឌីទែរ៉ាណេ​កាល​ពី​ឆ្នាំ ២០១៣។ នេះ​បើ​តាម​ការ​រកឃើញ​របស់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​កាល​ពី​ថ្ងៃ​ពុធ។

គណៈកម្មាធិការ​នោះ​បាន​រកឃើញ​ថា អ៊ីតាលី​«បាន​បរាជ័យ​ក្នុង​ការ​ឆ្លើយតប​ភ្លាមៗ​ទៅ​នឹង​ការ​ហៅ​ទូរស័ព្ទ​ឲ្យ​ជួយ​ពី​ទូក​ដែល​កំពុង​លិច​នោះ ដែល​ដឹក​មនុស្ស​វ័យកណ្ដាល​និង​កុមារ​ជាង ៤០០ នាក់»។ ​

គណៈកម្មាធិការ​សិទ្ធិមនុស្ស​នោះ​បាន​ឲ្យ​ដឹង​ទៀត​ថា អ៊ីតាលី​«ក៏​បាន​បរាជ័យ​ក្នុង​ការ​ពន្យល់​ពី​ការ​ពន្យារពេល​ក្នុង​ការ​បញ្ជូន​នាវា​កងទ័ព​ជើង​ទឹក​របស់​ខ្លួន​ដែល​មាន​ឈ្មោះ ថា ITS Libra ទៅ​កាន់​កន្លែង​កើត​ហេតុ ដែល​ស្ថិត​នៅ​ចម្ងាយ​ត្រឹម​តែ​ប្រមាណ​ ១ម៉ោង​ពី​កន្លែង​នោះ​តែ​ប៉ុណ្ណោះ»។

ជនជាតិ​ស៊ីរី​បី​នាក់ និង​ជនជាតិ​ប៉ាឡេស្ទីន​ម្នាក់ ដែល​បាន​រស់រាន​ជីវិត​ពី​ហេតុការណ៍​នោះ​ប៉ុន្តែ​បាន​បាត់បង់​សមាជិក​គ្រួសារ​របស់​ខ្លួន បាន​ប្ដឹង​រួម​គ្នា​ទៅ​កាន់​គណៈកម្មាធិការ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​នេះ។

គណៈកម្មាធិការ​នេះ​មាន​អ្នក​ជំនាញ​ឯករាជ្យ​ចំនួន ១៨ នាក់​ដែល​មាន​ភារកិច្ច​ត្រួតពិនិត្យ​ការ​អនុវត្តន៍​សន្ធិសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិស៊ីវិល ​និង​សិទ្ធិ​នយោបាយ។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាល​ពី​ថ្ងៃទី១១ ​ខែតុលា​ ឆ្នាំ២០១៣។ ទូក​នោះ​ចេញ​ដំណើរ​ពី​កំពង់ផែ​នេសាទ Zuwarah នៃ​ប្រទេស​លីប៊ី ដែល​ដឹក​មនុស្ស​ភាគច្រើន​រត់ភៀសខ្លួន​ពី​ប្រទេស​ស៊ីរី៕

XS
SM
MD
LG