ប៉ូលិសអ៊ីតាលីបានរឹបអូសយកមហានាវាកំសាន្តពីមហាសេដ្ឋីរុស្ស៊ីលោក Andrey Igorevich Melnichenko។ នេះបើតាមការិយាល័យរបស់អ៊ីតាលីប្រាប់ឲ្យដឹងនៅថ្ងៃសៅរ៍នេះ ប៉ុន្មានថ្ងៃបន្ទាប់ពីពាណិជ្ជកររូបនេះ ត្រូវបានដាក់នៅក្នុងបញ្ជីទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
នាវាកំសាន្តទំនើបបំផុតដែលមានប្រវែង១៤៣ម៉ែត្រមានតម្លៃ៥៧៨លានដុល្លារបានត្រូវរឹប អូសយកនៅឯកំពង់ផែ Trieste នៅភាគខាងជើង។ នេះតាមការបញ្ជាក់របស់រដ្ឋាភិបាលអ៊ីតាលី។
រដ្ឋាភិបាលអ៊ីតាលីបានប្រាប់ឲ្យដឹងថា នាវាកំសាន្តដែលរចនាដោយលោក Philipe Starck និងស្ថាបនាដោយលោក Nobiskrug នៅក្នុងប្រទេសអាល្លឺម៉ង់ នាវាកំសាន្តនេះជាទូកក្តោងធំបំផុតមួយក្នុងពិភពលោក។
លោក Melnichenko ជាម្ចាស់ក្រុមហ៊ុន EuroChem Group ដែលផលិតជីនិងក្រុមហ៊ុនធ្យូងថ្ម SUEK។
កាលពីសប្តាហ៍មុន ប៉ូលិសអ៊ីតាលី បានរឹបអូសយកភូមិគ្រឹស្តនិងនាវាកំសាន្តដែលមានតម្លៃ ១៥៦លានដុល្លារពីជនជាតិរុស្ស៊ីល្បីៗចំនួន៥នាក់ដែលបានស្ថិតនៅក្នុងបញ្ជីទណ្ឌកម្ម។
កិច្ចប្រតិបត្តិការរបស់ប៉ូលិសជាផ្នែកមួយនៃយុទ្ធនាការសម្របសម្រួលដោយក្រុមប្រទេសលោកខាងលិច ដើម្បីដាក់ទណ្ឌកម្មលើពួកអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភជនជាតិរុស្ស៊ីដែលមានចំណងទាក់ទងជាមួយលោកប្រធានាធិបតី Vladimir Putin៕