យោធាអ៊ីស្រាអែលបានវាយប្រហារតាមផ្លូវអាកាសនិងផ្លូវគោកនៅទូទាំងតំបន់ហ្កាហ្សា (Gaza) នៅថ្ងៃពុធនេះ ស្របពេលដែលក្រុមអ្នកចរចានៅក្នុងប្រទេសអេហ្ស៊ីបបានចរចាលើផែនការបទឈប់បាញ់មួយដែលនឹងអនុញ្ញាតឱ្យមានការផ្អាកសង្គ្រាមជាច្រើនសប្ដាហ៍។
កងទ័ពអ៊ីស្រាអែលបានរាយការណ៍ថា ការវាយប្រហារតាមអាកាសនៅតំបន់ Beit Hanoun បានធ្វើឱ្យជនសកម្មប្រយុទ្ធ ២ នាក់ស្លាប់ ដែលជនទាំងពីរនាក់នេះមានការពាក់ព័ន្ធនៅក្នុងការវាយប្រហារភេរវកម្មកាលពីថ្ងៃទី ៧ ខែតុលាឆ្នាំមុនលើអ៊ីស្រាអែល។
ការវាយប្រហារផ្សេងទៀតរបស់អ៊ីស្រាអែលបានធ្វើឡើងនៅភាគកណ្ដាលតំបន់ហ្កាហ្សានិងនៅក្នុងតំបន់ទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សា។
រដ្ឋមន្ត្រីការបរទេសចក្រភពអង់គ្លេសលោក David Cameron បាននិយាយថា លោកមានផែនការចេញការព្រមានដាក់អ៊ីស្រាអែលនៅថ្ងៃពុធនេះអំពីភាពចាំបាច់នៅក្នុងការសម្របសម្រួលជំនួយមនុស្សធម៌បន្ថែមទៀតចូលទៅកាន់តំបន់ហ្កាហ្សាដើម្បីដោះស្រាយអ្វីដែលលោកហៅថាជា «ទុក្ខវេទនាដ៏រន្ធត់»។
អ្នកសម្របសម្រួលអន្តរជាតិបានជួបប្រជុំគ្នាម្ដងទៀតនៅថ្ងៃពុធនេះនៅក្នុងទីក្រុងគែរនៃប្រទេសអេហ្ស៊ីប នៅចំពេលដែលមានការជំរុញឱ្យសម្រេចឱ្យបាននូវបទឈប់បាញ់រយៈពេល ៦ សប្ដាហ៍មុនពេលខែតមអាហាររ៉ាម៉ាឌន (Ramadan) របស់អ្នកកាន់សាសនាអ៊ិស្លាមចូលមកដល់នៅថ្ងៃទី ១០ ខែមីនាខាងមុខនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បាននិយាយកាលពីថ្ងៃអង្គារថា កិច្ចព្រមព្រៀងបទឈប់បាញ់នេះអាចសម្រេចបានឬក៏អត់គឺ «អាស្រ័យលើក្រុមហាម៉ាស់ (Hamas) នៅពេលឥឡូវនេះ»៕
លោក Jeff Seldin អ្នកស្រី Margaret Besheer និងអ្នកស្រី Anita Powell នៃ VOA រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, AFP និង Reuters។
វេទិកាបញ្ចេញមតិ