ការវាយប្រហារមួយរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សម្នាក់កាលពីថ្ងៃពុធ ដោយអ៊ីស្រាអែលនិយាយថាខ្លួនបានដៅការវាយប្រហារលើភ្នាក់ងារក្រុម Hezbollah ហើយ ការស្លាប់បែបនេះគឺជាលើកដំបូងចាប់តាំងពីកងទ័ពរបស់ខ្លួនបានដកចេញពីតំបន់ព្រំដែនស្ទើរតែទាំងអស់កាលពីមួយថ្ងៃមុន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
ទីភ្នាក់ងារព័ត៌មានជាតិផ្លូវការណ៍ NNA បានរាយការណ៍ថា«ដ្រូនរបស់សត្រូវបានវាយប្រហារលើរថយន្តមួយគ្រឿងនៅក្នុងទីក្រុង Aita al-Shaab» នៅជិតព្រំដែនភាគខាងត្បូង។ ទីភ្នាក់ងារសារព័ត៌មាននោះបានបន្ថែមទៀតថាមនុស្សម្នាក់ត្រូវបានសម្លាប់។
យោធាអ៊ីស្រាអែលបាននិយាយថា«យន្តហោះមួយគ្រឿងបានប្រតិបត្តិការដើម្បីបំបាត់ការគំរាមកំហែងដោយមានការវាយប្រហារលើភ្នាក់ងារក្រុម Hezbollah ដែលត្រូវបានកំណត់អត្តសញ្ញាណពីការប្រើប្រាស់អាវុធ»នៅក្នុងតំបន់តែមួយ។
ទីភ្នាក់ងារសារព័ត៌មាន NAA បានរាយការណ៍ទៀតថាមនុស្សម្នាក់បានរងរបួសនៅក្នុងតំបន់ព្រំដែន Wazzani បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានបើកការបាញ់ប្រហារនៅទីនោះ។ ទីភ្នាក់ងារសារព័ត៌មាននោះក៏បានរាយការណ៍ដែរថាអាវុធស្វ័យប្រវត្តិរបស់អ៊ីស្រាអែលបានបាញ់តម្រង់ទៅកាន់ផ្ទះនៅជិតទីក្រុង Shebaa។
កិច្ចព្រមព្រៀងឈប់បាញ់គ្នានៅថ្ងៃទី២៧ វិច្ឆិកាបានបញ្ឈប់អរិភាពជាងមួយឆ្នាំរវាងអ៊ីស្រាអែលនិងក្រុម Hezbollahដែលរួមមានសង្គ្រាមរយៈពេល២ខែ ក្នុងអំឡុងដែលអ៊ីស្រាអែលបានបញ្ជូនកងទ័ពចូលក្នុងតំបន់ភាគខាងត្បូងប្រទេសលីបង់។
នៅក្រោមកិច្ចព្រមព្រៀងនោះ យោធារបស់លីបង់ត្រូវដាក់ពង្រាយជាមួយកងថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅពេលដែលយោធាអ៊ីស្រាអែលដកក្នុងរយៈពេលជាង៦០ថ្ងៃដែលក្រោយមកត្រូវបានបន្តដល់ថ្ងៃទី១៨ ខែកុម្ភៈ។
ក្រុម Hezbollah ត្រូវដកចេញពីតំបន់ខាងជើងនៃទន្លេ Litani ដែលស្ថិតប្រហែល៣០គីឡូម៉ែត្រពីព្រំដែននិងរុះរើហេដ្ឋារចនាសម្ពន្ធយោធាដែលនៅសេសសល់នៅក្នុងតំបន់ភាគខាងត្បូង។
អ៊ីស្រាអែលទើបតែបានប្រកាសមុនកាលបរិច្ឆេទកាលពីពេលថ្មីៗនេះថាខ្លួននឹងទុកកងទ័ពជាបណ្តោះអាសន្ននៅ«ចំណុចយុទ្ធសាស្ត្រចំនួន៥»នៅជិតព្រំដែន៕
វេទិកាបញ្ចេញមតិ