យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃអង្គារថាខ្លួនបានធ្វើការវាយប្រហារលើទីក្រុង Beirutដែលដៅលើមេបញ្ជាការជនសកម្មប្រយុទ្ធម្នាក់ដែលរងការចោទប្រកាន់ពីការនៅពីក្រោយនៃការស្លាប់កូនក្មេងនិងក្មេងជំទង់១២នាក់នៅក្នុងការវាយប្រហារដោយគ្រាប់រ៉ុក្កែតទៅលើតំបន់ Golan Heightsដែលត្រួតត្រាដោយអ៊ីស្រាអែលកាលពីចុងសប្តាហ៍។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
អ៊ីស្រាអែលបានស្តីបន្ទោសការវាយប្រហារដោយគ្រាប់រ៉ុក្កែតនៅក្រុង Majdal Shams ទៅលើក្រុមសកម្មប្រយុទ្ធលីបង់ Hezbollah ដែលបានច្រានចោលថាគ្មានពាក់ព័ន្ធនៅក្នុងការវាយប្រហារកាលពីថ្ងៃសៅរ៍នោះទេ។
រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលលោកYoav Gallant បានចុះផ្សាយលើបណ្តាញសង្គម Xភ្លាមៗបន្ទាប់ពីការវាយប្រហារកាលពីថ្ងៃអង្គារថា«ក្រុមHezbollah បានឆ្លងកាត់ខ្សែបន្ទាត់ក្រហម»។
ខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកBenjamin Netanyahu មិនបានចេញផ្សាយសេចក្តីថ្លែងការណ៍ភ្លាមៗទេ ក៏ប៉ុន្តែ ប៉ុន្មាននាទីបន្ទាប់ពីការវាយប្រហារពួកគេបានបញ្ជូនរូបថតរបស់នាយកមន្ត្រីជាមួយទីប្រឹក្សាសន្តិសុខជាតិនិងមន្ត្រីផ្សេងទៀតរបស់លោក។
មន្ត្រីម្នាក់និងស្ថានីយទូរទស្សន៍របស់ក្រុម Hezbollahបាននិយាយថាការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានចំទីតាំងដ៏រឹងមាំមួយរបស់ក្រុម Hezbollahនៅភាគខាងត្បូងទីក្រុង Beirutកាលពីរសៀលថ្ងៃអង្គារដែលបណ្តាលឱ្យមានការខូចខាត ក៏ប៉ុន្តែ មិនបានបញ្ជាក់ភ្លាមៗថាតើមន្ត្រីHezbollah ណារងការវាយប្រហារនោះទេ។ នេះបើតាមមន្ត្រី Hezbollahបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។
បុគ្គលិកសុខាភិបាលអាចត្រូវគេមើលឃើញថាបានសែងអ្នករបួសជាច្រើនចេញពីអគារបាក់បែក។ គេមិនទាន់ដឹងភ្លាមៗថាតើមានមនុស្សត្រូវបានសម្លាប់ដែរឬទេ៕