ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បោះ​ឆ្នោត​ជា​ថ្មី​នៅ​អ៊ីស្រាអែល​នឹង​ធ្វើ​ឡើង ក្រោយ​ពី​ការ​ខកខាន​​បង្កើត​រដ្ឋាភិបាល​ចម្រុះ


រូបឯកសារ៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ថ្លែងនៅក្នុងសភា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។​
រូបឯកសារ៖ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu ថ្លែងនៅក្នុងសភា កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។​

សមាជិក​សភា​បាន​បោះ​ឆ្នោត​ក្នុង​សំឡេង ៧៤ ទល់​នឹង ៤៥ ដើម្បី​រំលាយ​រដ្ឋសភា និង​ធ្វើ​ការ​បោះ​ឆ្នោត​ថ្មី​នៅ​ថ្ងៃ​ទី ១៧ ខែ​កញ្ញា​ខាង​មុខ​នេះ។

រដ្ឋសភា​អ៊ីស្រាអែល​បាន​បោះ​ឆ្នោត​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដើម្បី​រំលាយ​ខ្លួន​ឯង និង​រៀបចំ​ការ​បោះ​ឆ្នោត​បន្ទាន់​លើក​ទី​ពីរ បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី Benjamin Netanyahu បរាជ័យ​នៅ​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​មួយ។

សមាជិក​សភា​បាន​បោះ​ឆ្នោត​ក្នុង​សំឡេង ៧៤ ទល់​នឹង ៤៥ ដើម្បី​រំលាយ​រដ្ឋសភា និង​ធ្វើ​ការ​បោះ​ឆ្នោត​ថ្មី​នៅ​ថ្ងៃ​ទី ១៧ ខែ​កញ្ញា​ខាង​មុខ​នេះ។

លោក Netanyahu មាន​ពេល​ត្រឹម​ថ្ងៃ​ពុធ​ម្សិលមិញ​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី បន្ទាប់ពី​លោក​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​ទី ៩ ខែ​មេសា​មក។ លោក​មាន​បំណង​ចង់​បង្កើត​រដ្ឋាភិបាល​ចម្រុះ ដែល​មាន​ការ​ចូលរួម​ពី​គណបក្ស Likud ដែល​ជា​គណបក្ស​អភិរក្ស​និយម​របស់​លោក និង​ពី​សមាជិក​សភា​អភិរក្ស​និយម​ជ្រុល ក៏​ដូចជា​ពី​គណបក្ស​អភិរក្ស​និយម​មួយ​ទៀត ដែល​ដឹកនាំ​ដោយ​អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក Avigdor Lieberman។

ប៉ុន្តែការ​ចរចា​បាន​បរាជ័យ នៅ​ពេល​ដែល​លោក Netanyahu និង​ក្រុម​សមាជិក​សភា​អភិរក្ស​និយម​ជ្រុល​បដិសេធ​មិន​ធ្វើ​តាម​ការ​ចង់​បាន​របស់​លោក Lieberman ដែល​ចង់​ឲ្យ​ពួក​ជ្វីហ្វ​ដែល​ប្រកាន់​សាសនា​ជ្រុល ឲ្យ​ចូល​បម្រើ​ទ័ព​អ៊ីស្រាអែល​ដូច​យុវជន និង​យុវនារី​អ៊ីស្រាអែល​ផ្សេង​ទៀត​ផង​ដែរ។

ពួក​ជ្វីហ្វ​អភិរក្ស​និយម​ជ្រុល​ចាត់ទុក​ការ​កេណ្ឌ​ឲ្យ​ចូល​ធ្វើ​ទាហាន​នេះ​ថា​ជា​ការ​រំលោភ​លើ​ជំនឿ​សាសនា​របស់​ពួកគេ ដោយ​ពួកគេ​ខ្លាច​ថា ការ​ធ្វើ​ទាហាន​នេះ​អាច​បណ្ដាល​ឲ្យ​ពួក​គេ​ក្លាយជា​អ្នក​មិន​កាន់​សាសនា​ជ្វីហ្វ។ ប៉ុន្តែ​ការ​លើក​លែង​មិន​ឲ្យ​ពួក​ជ្វីហ្វ​អភិរក្ស​និយម​ជ្រុល​ទាំង​នេះ​ចូល​ធ្វើ​ទាហាន​កន្លង​មក​ធ្វើ​ឲ្យ​ជនជាតិ​ជ្វីហ្វ​អ៊ីស្រាអែល​ផ្សេង​ទៀត​មិន​ពេញចិត្ត។


លោក Lieberman បាន​និយាយ​ថា ឥឡូវ​នេះ​អ្វីៗ​គឺ​ដូច​ពី​មុន​ការ​បោះ​ឆ្នោត​អញ្ចឹង ក្រោយ​ពី​រដ្ឋសភា​បាន​រំលាយ​ខ្លួន​ឯង​មក។ ចំណែក​ឯ​លោក Netanyahu វិញ បាន​បញ្ជាក់​ថា លោក​ជឿជាក់​ថា គណបក្ស Likud របស់​លោក​នឹង​ឈ្នះ​ម្ដង​ទៀត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ខែ​កញ្ញា​ខាង​មុខ​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG