មេដឹកនាំពិភពលោកបានជួបប្រជុំគ្នានៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងបូរីញូយ៉កទំនងជាបានឮនៅថ្ងៃព្រហស្បតិ៍នេះអំពីជម្លោះរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីននៅពេលដែលក្រុមមន្រ្តីមកពីភាគីទាំង២ដល់ពេលថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។
លោក Mahmoud Abbas ប្រធានាធិបតីប៉ាឡេស្ទីនមានគម្រោងធ្វើសុន្ទរកថានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានស្ថិតនៅក្នុងប្រទេសដើម្បីព្យាយាមបង្កើតរដ្ឋាភិបាលបន្ទាប់ពីការបោះឆ្នោតកាលពីសប្តាហ៍មុន ដូច្នេះលោក Israel Katz រដ្ឋមន្រ្តីការបរទេសអ៊ីស្រាអែលនឹងធ្វើសន្ទរកថានៅពេលថ្ងៃត្រង់ទៅកាន់អង្គការសហប្រជាជាតិ។
ភាពមិនប្រាកដប្រជាជុំវិញបញ្ហានៃការចាកចេញរបស់ចក្រភពអង់គ្លេសចេញពីសហ ភាពអឺរ៉ុបក៏អាចស្ថិតនៅលើរបៀបវារៈដោយលោក Donald Tusk ប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបមានគម្រោងថ្លែងសន្ទរកថាដែរ។ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសលោក Boris Johnson មិនបាននិយាយអំពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបនៅក្នុងសុន្ទរកថាផ្ទាល់របស់លោកនៅសប្តាហ៍នេះ ហើយត្រូវបរាជ័យដោយតុលាការកំពូលរបស់ចក្រភពអង់គ្លេសបានសម្រេចថា ការសម្រេចរបស់លោកដើម្បីបញ្ឈប់សភាជាការខុសច្បាប់។
សុន្ទរកថាកាលពីថ្ងៃពុធម្ស៉ិលមិញនៅឯអង្គការសហប្រជាជាតិដោយលោក Hasan Rouhani ប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ បានប្រាប់ពួកមេដឹកនាំពិភពលោកថា នឹងមិនមានការចរចាជាមួយសហរដ្ឋអាមេរិកទេ ដរាបណាការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនៅជាធរមាននោះ។
លោកបានថ្លែងនៅឯមហាសន្និបាតអង្គការសហប្រជាជាតិថា «កាលពីពេលមុន យើងបានចរចានៅក្រោមការដាក់ទណ្ឌកម្ម។ យើងនឹងមិនធ្វើដូច្នេះម្តងទៀតទេ។បញ្ឈប់ការដាក់ទណ្ឌកម្មហើយវិលត្រឡប់ទៅកាន់ការសន្យារបស់អ្នកវិញ ទើបមានការចរចាថ្មី»៕