យោធាអ៊ីស្រាអែលបានបញ្ជាក់នៅថ្ងៃចន្ទនេះថាខ្លួនបានធ្វើការវាយប្រហារតាមអាកាសលើតំបន់ភាគខាងត្បូងរបស់ប្រទេសលីបង់ដោយបានសម្លាប់មេបញ្ជាការម្នាក់របស់ក្រុមហេសបូឡា (Hezbollah) ដែលមេបញ្ជាការរូបនេះកន្លងមកបានធ្វើការវាយប្រហារជាច្រើនសំដៅលើតំបន់ភាគខាងជើងរបស់អ៊ីស្រាអែល។
សេចក្តីថ្លែងការណ៍របស់យោធាអ៊ីស្រាអែលបានបង្ហាញថា មេបញ្ជាការរូបនោះមានឈ្មោះថា Ali Ahmad Hassinនិងស្ថិតនៅក្នុងកងកម្លាំង Radwanរបស់ក្រុមហេសបូឡា។
ក្រុមហេសបូឡាបានប្រកាសអំពីការស្លាប់របស់យុទ្ធជនម្នាក់របស់ខ្លួនដែលមានឈ្មោះដូចគ្នាទៅនឹងឈ្មោះរបស់មេបញ្ជាការខាងលើ ប៉ុន្តែមិនបានផ្តល់សេចក្តីលម្អិតណាមួយអំពីការស្លាប់នេះទេ។
កងកម្លាំងការពារជាតិអ៊ីស្រាអែលបានបញ្ជាក់ថា ការវាយប្រហារនេះក៏បានសម្លាប់មនុស្ស ២ នាក់ផ្សេងទៀតផងដែរ។
ការវាយប្រហារឆ្លងព្រំដែនដោយកងទ័ពអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហេសបូឡាគឺកើតឡើងជាញឹកញយនៅក្នុងសង្គ្រាមរយៈពេល ៦ ខែកន្លងមករបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស់ (Hamas) ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡានៅក្នុងតំបន់ហ្កាហ្សា (Gaza)៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters, AP និង AFP។
វេទិកាបញ្ចេញមតិ