ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​វាយប្រហារដែល​មាន​អ៊ីរ៉ង់​គាំទ្រ​​ បាន​ចុះថយ​ ចាប់​តាំង​ពី​​ការ​សម្លាប់​ទាហាន​អាមេរិក​៣​នាក់​មក


រូបឯកសារ៖ ​យន្ដហោះ​ចម្បាំង​មួយ​គ្រឿង​របស់​អាមេរិក​​ហោះ​ចេញ​ពី​នាវា​ចម្បាំង​ USS Eisenhower នៅ​សមុទ្រ​ក្រហម​ ក្នុង​អំឡុងពេល​នៃ​​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុមហ៊ូធី។ (AFP PHOTO / US CENTRAL COMMAND)
រូបឯកសារ៖ ​យន្ដហោះ​ចម្បាំង​មួយ​គ្រឿង​របស់​អាមេរិក​​ហោះ​ចេញ​ពី​នាវា​ចម្បាំង​ USS Eisenhower នៅ​សមុទ្រ​ក្រហម​ ក្នុង​អំឡុងពេល​នៃ​​ប្រតិបត្តិការ​ប្រឆាំង​នឹង​ក្រុមហ៊ូធី។ (AFP PHOTO / US CENTRAL COMMAND)

ការ​វាយប្រហារ​ដោយ​កម្លាំងដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់​បាន​ធ្លាក់​ចុះ​ចាប់តាំង​ពី​មាន​ការ​វាយប្រហារ​ដោយ​យន្តហោះដ្រូន​កាល​ពី​ខែ​មករា​ ដែល​បាន​សម្លាប់ទាហាន​អាមេរិក​៣​នាក់​ នៅ​ក្នុង​ប្រទេស​ហ្ស៊កដានី​ ​ដែល​នៅ​ជិត​ព្រំដែន​ប្រទេសស៊ីរី។ ​

ចាប់​តាំង​ពី​ថ្ងៃ​ទី​២​ខែ​កុម្ភៈ​មក​ មាន​ការ​វាយប្រហារតូចតាច​តែពីរ​លើក​ប៉ុណ្ណោះក្នុង​ប្រទេស​ស៊ីរី​ នៅពេល​ដែល​សហរដ្ឋអាមេរិក​ បានធ្វើ​ការ​វាយប្រហារសងសឹក​លើ​គោលដៅមួយ​ចំនួន​ក្នុង​ប្រទេស​ស៊ីរី​ និង​ប្រទេស​អ៊ីរ៉ាក់។

ប៉ុន្តែ​ក្រុម​សមាជិកសភា​សហរដ្ឋ​អាមេរិកបាន​ព្រមាន​កាល​ពី​ថ្ងៃ​ទី​២៨ខែកុម្ភៈ​កន្លង​ទៅ​ថា​ ​ភាព​ស្ងប់ស្ងាត់​នេះ​ មិន​បាន​កាត់​បន្ថយ​ហានិភ័យ​នៃ​ជម្លោះ​តំបន់​នោះ​ឡើយ។ ​

ប្រធាន​គណៈកម្មាធិការ​កិច្ចការ​បរទេសព្រឹទ្ធ​សភាអាមេរិក លោក​ Ben Cardin ​បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ​កន្លង​ទៅ​ថា៖​ «ប្រទេស​អ៊ីរ៉ង់មិនមាន​ការ​បញ្ជា​និង​ការ​គ្រប់គ្រង​ទាំង​ស្រុង​លើ​ក្រុម​កម្លាំង​គាំទ្រ​គេ​ទាំង​នោះ​ឡើយ។​ ការណ៍​នេះ​ធ្វើ​ឱ្យ​ស្ថានភាពនៅ​មានគ្រោះថ្នាក់​ជានិច្ច ដែលតម្រូវ​ឱ្យ​មាន​ការ​ប្រុងប្រយ័ត្នយក​ចិត្ត​ទុកដាក់​ខ្ពស់និង​ច្បាស់លាស់​ ក្នុង​នាម​ជាភាពដឹកនាំ​របស់​អាមេរិក។​ ហានិភ័យ​នៃ​ការ​គិតខុស​នឹង​នាំ​ទៅ​ដល់​មិន​ត្រឹម​តែធ្វើ​ឱ្យ​មាន​ការ​វាយប្រហារ​ប្រល័យ​មួយទៀត​ដល់​កងកម្លាំង​អាមេរិក​ប៉ុណ្ណោះទេ​ ក៏​ប៉ុន្តែ​នឹង​អាច​នាំ​ទៅ​ដល់​ការ​បញ្ឆេះ​សង្គ្រាម​ទាំង​ស្រុង​នៅ​ទូទាំង​តំបន់តែ​ម្តង»។ ​

យោធា​សហរដ្ឋ​អាមេរិកនិយាយ​ថា​ សហរដ្ឋអាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ បាន​បាញ់​ទម្លាក់​យន្តហោះដ្រូន៥​គ្រឿង​របស់​ក្រុម​ឧទ្ទាម​ហ៊ូធី​កាល​ពី​ថ្ងៃ​ទី​២៧​ខែ​កុម្ភៈកន្លង​ទៅនៅ​ក្នុង​សមុទ្រ​ក្រហម។

ទី​បញ្ជាការដ្ឋាន​កណ្តាល​កងទ័ព​សហរដ្ឋអាមេរិក​និយាយ​ថា​ យន្តហោះ​ដ្រូនទាំង​នេះ​ បានធ្វើ​ការ​វាយប្រហារចេញ​មក​ពី​តំបន់ក្នុង​ប្រទេស​យេម៉ែន​ ដែល​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូធី​ និង​ថា​ ដ្រូន​ទាំង​នេះ«​បង្ក​ការ​គំរាម​កំហែង​ក្នុង​ពេល​ខាង​មុខ​ ដល់​នាវា​ដឹក​ទំនិញក៏ដូចជា​កងទ័ព​ជើង​ទឹក​អាមេរិក​និង​នាវា​របស់​ក្រុម​សម្ព័ន្ធមិត្ត​ខ្លួន​ក្នុង​តំបន់​ផង​ដែរ»។​

​ការ​វាយប្រហារនេះ​ជា​សកម្មភាព​ថ្មីៗ​ចុង​ក្រោយក្នុង​រយៈពេលជា​ច្រើន​ខែ ដើម្បី​ទប់ទល់​នឹង​ការ​វាយប្រហារ​របស់ក្រុម​ឧទ្ទាមលើ​នាវា​ក្នុង​សមុទ្រ​ក្រហម។

ក្រុម​ឧទ្ទាម​ហ៊ូធី​និយាយថា​ ​គេ​ធ្វើ​សកម្មភាព​វាយប្រហារ​ក្នុង​គោលបំណងបង្ហាញ​សាមគ្គីភាព​ ជាមួយ​ពលរដ្ឋ​ប៉ាឡេស្ទីនក្នុង​ពេលសង្គ្រាម​កំពុង​កើតឡើង​ក្នុង​តំបន់​ហ្កាហ្សា។

លោក​ Cardin ​និយាយ​ថា៖​ «​អ៊ីរ៉ង់​ចង់​បង្កើត​ឱ្យ​មានភាពជ្រួលច្របល់​និង​ការឈឺចាប់​។ វិធី​ដែល​ល្អ​បំផុត​ដើម្បីបំផ្លាញ​ការ​គំរាមកំហែងក្នុង​រយៈពេល​យូរ​នោះ គឺ​ត្រូវផ្តល់ជម្រើស​បម្រុង​មួយ​ ​នោះ​គឺ​សន្តិភាពដ៏​ទូលំទូលាយ​និង​យូរអង្វែង​មួយ​ ដែល​អនុញ្ញាត​ឱ្យ​មាន​សមាហរណកម្មដ៏​ពិត​ប្រាកដ​ក្នុង​តំបន់។ ខ្ញុំ​យល់​ថាការងារ​នេះមិន​ងាយស្រួល​នោះ​ទេ ប៉ុន្តែ​វា​មិនមែន​មាន​ន័យ​ថា យើង​មិន​ធ្វើវា​នោះ​ទេ»។ ​ ​

សេតវិមាន​បាន​ហៅ​ការ​វាយប្រហារ​កាល​ពី​ខែ​មករា​លើក​កងទ័ព​អាមេរិក​ថា​ «ជា​ការ​គួ​ឱ្យ​ស្អប់ខ្ពើម​និងមិន​ត្រឹមត្រូវ​ទាល់​តែ​សោះ»​ និង​បាន​ធ្វើការ​វាយ​ប្រហារ​សងសឹក​តាម​អាកាស​ទៅ​លើ​គោលដៅ​មួយ​ ​ដោយ​សម្លាប់មេដឹកនាំក្រុមឧទ្ទាម​ Kataib Hezbollahកាល​ពី​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ​កន្លង​ទៅ។

​សមាជិក​ព្រឹទ្ធសភា​អាមេរិកខាង​គណបក្ស​សាធារណរដ្ឋ បានចាត់​ទុក​យុទ្ធសាស្ត្រ​ទូទៅ​របស់​រដ្ឋបាល​លោក​ Biden​ ​ក្នុង​ការ​ដោះស្រាយជា​មួយប្រទេស​អ៊ីរ៉ង់​ថា​មាន​ភាព​ទន់ខ្សោយ។

​សមាជិក​ព្រឹទ្ធសភា​អាមេរិក​លោក​ Jim Risch​ ដែល​ជា​អនុប្រធានគណៈកម្មាធិការ​ទំនាក់ទំនង​ការបរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក បាន​អំពាវនាវ​ដល់​រដ្ឋបាល​អាមេរិកឱ្យ​ធ្វើ​ការ​ល្អប្រ​សើរ​ជាង​មុន​ ក្នុង​ការ​រាំង​ខ្ទប់​មិន​ឱ្យ​អ៊ីរ៉ង់​ទទួល​បានប្រភព​ធនធាន​ដើម្បី ប្រព្រឹត្ត​សកម្មភាព​ភេរវកម្ម។​

លោក​ Risch​ ​បាន​និយាយ​កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ​ថា៖ «រដ្ឋបាល​លោក Biden​ មិន​បាន​ធ្វើ​សកម្មភាពប្រឆាំង​នឹង​គោលនយោបាយរបស់​អ៊ីរ៉ង់​ឡើយ​ ក្រៅ​តែ​ពី​ការ​ចរចាបញ្ហា​អាវុធនុយ​ក្លេអ៊ែរ​ប៉ុណ្ណោះ។​ ​ យើង​ត្រូវ​ដាក់​ចេញគោលនយោបាយ​ហុំព័ទ្ធ​មួយ។​ ប្រទេស​អ៊ីរ៉ង់​មិន​គិត​ដូច​បស្ចិម​ប្រទេស​ទេ​ ហើយ​ប្រទេស​នេះមិន​អាចរៀនសូត្រ​ឬផ្លាស់​ប្តូរ​សកម្មភាព​ឡើយ»។

លោក Brian Hook អតីត​តំណាង​ពិសេស​សហរដ្ឋអាមេរិក​សម្រាប់​ប្រទេស​អ៊ីរ៉ង់ក្នុងរដ្ឋបាល​លោក Trump​ បាន​ប្រាប់សមាជិក​ព្រឹទ្ធសភា​អាមេរិក​ថា​ ខ្ញុំ​ជឿ​ថា​អ៊ីរ៉ង់​ដឹង​ថា​ ខ្លួន​អាច​ពង្រីក​សម្ព័ន្ធមិត្ត​យោធា​និង​នយោបាយ​របស់​ខ្លួន​ដោយ​សុវត្ថិភាព ព្រោះដោយសារ​តែការ​មិនចូលចិត្ត​ជ្រៀតជ្រែក​ទៅ​លើ​សកម្មភាពយោធានៃ​រដ្ឋបាល​របស់​លោក Biden។ រដ្ឋបាល​របស់​លោក​ Biden​ ​មិនចង់​ឱ្យ​មាន​ភាព​តានតឹងលើ​ស្ថានភាព​ដែល​គ្មាន​ភាព​តានតឹង​នោះ។ ​ របប​អ៊ីរ៉ង់មានការ​ចម្រើន​ទៅ​មុខនៅ​ក្រោម​យុទ្ធសាស្ត្រ​នេះ។ ​កងទ័ព​អាមេរិក​មិន​ដូច្នោះ​ឡើយ»។

គណៈកម្មាធិការ​កិច្ចការ​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិក​ បាន​ចាត់ទុក​ច្បាប់​របស់​លោក​ Risch ថា​ធ្វើ​ឱ្យ​មាន​ភាព​ប្រសើរ​ឡើង​ ក្នុង​ការអនុវត្ត​ការដាក់ទណ្ឌកម្ម​របស់​អាមេរិក​លើ​ប្រេង​របស់​អ៊ីរ៉ង់។

សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​ប្រជាធិបតេយ្យ លោក​ Chris Murphy​ បាន​ប្រាប់វីអូអេដូច្នេះ​ថា៖​ «ប្រទេស​អ៊ីរ៉ង់​តែង​តែ​ធានា​ថា​ ក្រុម​សកម្មប្រយុទ្ធ​ Hezbollah នឹង​ទទួល​បាន​នូវ​អ្វី​ដែល​គេ​ត្រូវ​ការ។​ ​ការគាំទ្រ​របស់​អ៊ីរ៉ង់លើ​កម្លាំង​សម្ព័ន្ធមិត្ត​គេ​ ជា​មធ្យោបាយដែល​មាន​តម្លៃ​ថោក​ក្នុង​ការបង្កហេតុជា​មួយ​សហរដ្ឋ​អាមេរិក។​ ខ្ញុំ​ចង់​មាន​ន័យ​ថា​ យើង​ល្ងង់​ដែល​គិត​ថា​ ​ការ​ដាក់​ទណ្ឌកម្ម​ប្រេង​នៅទី​នេះ​ឬ​ទី​នោះ​ នឹង​ធ្វើ​ឱ្យ​អ៊ីរ៉ង់​ផ្លាស់ប្តូរការ​ផ្តល់​ហិរញ្ញប្បទានគាំទ្រ​ដល់​ក្រុម​សកម្មប្រយុទ្ធដូច​ជា​ក្រុម Hezbollah ជា​ដើម»៕

ប្រែសម្រួល​ដោយ​លោក​ ជ្រា វណ្ណារិទ្ធ​

XS
SM
MD
LG