អង្គការផ្ដល់ជំនួយនានាដែលបានធ្វើទស្សនកិច្ចទៅកាន់មន្ទីរពេទ្យដ៏ណែនណាន់តាន់តាប់មួយកន្លែងក្នុងតំបន់ហ្កាហ្សា (Gaza) បានរៀបរាប់អំពីស្ថានការណ៍«ដែលមិនអាចស្រមៃដល់» ដែលអ្នកជំងឺខ្លះដែលមានស្នាមរបួសចំហធំនៅមិនទាន់ទទួលបានការព្យាបាល។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
ក្រុមគ្រូពេទ្យសង្គ្រោះបន្ទាន់ដែលចាត់ចែងឡើងដោយអង្គការផ្ដល់ជំនួយចំនួន ៣ បានចំណាយពេល២សប្ដាហ៍ផ្ដល់សេវាវះកាត់និងសេវាសុខាភិបាលផ្សេងទៀតនៅឯមន្ទីរពេទ្យ European Gaza Hospital ជិតទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្កាហ្សា។ ទីក្រុងនេះបានរងការប្រយុទ្ធគ្នាខ្លាំងក្លារវាងកងទ័ពអ៊ីស្រាអែលនិងក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas) តាំងពីដើមឆ្នាំនេះមក។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃចន្ទនេះ ក្រុមគ្រូពេទ្យនេះបាននិយាយថា បុគ្គលិកសុខាភិបាលត្រូវបានបង្ខំឱ្យជម្លៀសចេញ ឬក៏មិនអាចចូលទៅកាន់មន្ទីរពេទ្យនោះបាន។ ក្រុមគ្រូពេទ្យនេះបានបន្ថែមថា ការដាក់កំហិតរបស់អ៊ីស្រាអែលបានបណ្ដាលឱ្យមានកង្វះបរិក្ខារពេទ្យ ដែលរួមមានទាំងបរិក្ខារចាំបាច់នានាដូចជាស្បៃរុំរបួស បន្ទះលោហៈសម្រាប់អបឆ្អឹង និងវីសដែលប្រើសម្រាប់តឆ្អឹងផងដែរ។
គ្រូពេទ្យវះកាត់ដែលបានទៅដល់មន្ទីរពេទ្យនោះ «បានរាយការណ៍ថាមានអ្នកជំងឺដែលមានរបួសចំហធំដែលឆ្លងជំងឺ» ហើយពួកគេ «ត្រូវផ្គត់ផ្គង់អាហារូបត្ថម្ភបន្ទាន់ដល់អ្នកជំងឺ ដោយសារតែកង្វះម្ហូបអាហារបានបង្កគ្រោះថ្នាក់ដល់ការព្យាបាលអ្នកជំងឺ»។
បុគ្គលិកផ្ដល់ជំនួយអន្តរជាតិបាននិយាយថា ប្រជាជនទាំង ២ លាន ៣ សែននាក់នៃតំបន់ហ្កាហ្សាកំពុងរងគ្រោះដោយសារបញ្ហាអសន្តិសុខស្បៀងអាហារ និងថាគ្រោះទុរ្ភិក្សនឹងកើតឡើងឆាប់ៗនេះនៅក្នុងផ្នែកភាគខាងជើងនៃតំបន់ហ្កាហ្សាដែលរងការវាយប្រហារខ្លាំងក្លា។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅថ្ងៃចន្ទនេះថា មានតម្រូវការបន្ទាន់មួយឲ្យមានបទឈប់បាញ់មនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា ដែលភាពអត់ឃ្លានកំពុង «ធ្វើឱ្យប្រជាជនប៉ាឡេស្ទីនកាន់តែខ្សោះខ្យល់»។
ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្ស៊កដានី លោក Guterres បាននិយាយថា អង្គការសហប្រជាជាតិនឹងបន្តជំរុញឱ្យមានច្រកចូល និងច្រកចេញចូលបន្ថែមទៀតសម្រាប់ជំនួយ ហើយលោកបានអំពាវនាវឱ្យអ៊ីស្រាអែលកុំដាក់កំហិតឬបង្កើតឧបសគ្គណាមួយក្នុងការផ្តល់ជំនួយ៕
វេទិកាបញ្ចេញមតិ