ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ទៅ​​អ៊ីស្រាអែល​ពេល​កងទ័ព​ឡោមព័ទ្ធ​ទីក្រុង​ហ្កាហ្សា


រូបភាព​នេះ​ថត​ពី​ខាង​អ៊ីស្រាអែល​នៃ​ព្រំដែន​ជាមួយ​ហ្កាហ្សានៅ​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ បង្ហាញ​ពី​ការទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្កាហ្សា។
រូបភាព​នេះ​ថត​ពី​ខាង​អ៊ីស្រាអែល​នៃ​ព្រំដែន​ជាមួយ​ហ្កាហ្សានៅ​ថ្ងៃ​ទី ២ ខែ​វិច្ឆិកា ឆ្នាំ ២០២៣ បង្ហាញ​ពី​ការទម្លាក់​គ្រាប់បែក​របស់​អ៊ីស្រាអែល​នៅ​តំបន់​ហ្កាហ្សា។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោកAntony Blinkenបាន​ទៅដល់​ប្រទេស​អ៊ីស្រាអែល​នៅ​ថ្ងៃ​សុក្រ​នេះ​នៅពេល​ដែល​កងទ័ព​អ៊ីស្រាអែល​បាន​ឡោមព័ទ្ធ​ទីក្រុង​ហ្កាហ្សា។ អ្នក​ការទូត​កំពូល​សហរដ្ឋ​អាមេរិក​រូប​នេះ​ត្រូវ​គេ​រំពឹង​ថា​នឹង​ដាក់សម្ពាធ​លើ​រដ្ឋាភិបាល​អ៊ីស្រាអែល​ឱ្យ​បញ្ឈប់ការវាយ​ប្រហារ​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ដើម្បី​ឱ្យ​ជំនួយ​មនុស្សធម៌​អាច​ចូល​ទៅ​ក្នុង​តំបន់​នោះ។

លោកBlinkenបាន​ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahuនិង​សមាជិក​គណៈរដ្ឋមន្ត្រី​ផ្សេង​ទៀត​នៅ​ថ្ងៃ​សុក្រ​នេះ។

ដំណើរ​ទស្សនកិច្ច​នេះ​កើត​មាន​ឡើង​នៅពេល​ដែល​កងទ័ព​ថ្មើជើង​របស់​អ៊ីស្រាអែល​បាន​ព័ទ្ធ​ជុំវិញ​ទីក្រុង​ហ្កាហ្សា​ នៅពេល​ដែល​មាន​ការខំប្រឹងប្រែង​ខាង​ការទូត​ដើម្បី​ធ្វើ​ឱ្យ​មាន​ការបញ្ឈប់​ការប្រយុទ្ធ​គ្នា​រយៈពេល​ខ្លី​ជាមួយ​ពួក​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​និង​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​នៅ​ក្នុង​តំបន់​ហ្កាហ្សា។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោកJoe Biden កាលពី​ថ្ងៃ​ពុធ​បាន​ជំរុញ​ឱ្យ​មាន​«ការផ្អាក​ប្រយុទ្ធ​ដើម្បី​ផ្នែក​មនុស្សធម៌»។ លោក​ថ្លែង​ថា៖ «ការផ្អាក​នេះ​មាន​ន័យ​ថា​ផ្តល់​ពេល​វេលា​ដើម្បី​យក​ពួក​អ្នក​ទោស​ចេញ​ពី​ទីនោះ។ ផ្តល់​ពេល​វេលា»។

ពួក​ជ្រុល​និយម​ហាម៉ាស់​បាន​ចាប់​ចំណាប់​ខ្មាំង​ជាង២៤០នាក់​ក្នុង​អំឡុង​នៃ​ការវាយ​ប្រហារ​ថ្ងៃ​ទី៧ ខែតុលា​លើ​អ៊ីស្រាអែល​ដែល​បាន​សម្លាប់​មនុស្ស​ជាង១.៤០០នាក់។ អ៊ីស្រាអែល​បាន​ប្រកាស​សង្គ្រាម​លើ​ពួក​ហាម៉ាស់​បន្ទាប់ពី​ការវាយ​ប្រហារ​នោះ​ហើយ​បាន​ទម្លាក់​គ្រាប់​បែក​ជា​ប្រចាំ​លើ​តំបន់​ហ្កាហ្សា​បាន​សម្លាប់​ជនជាតិ​ប៉ាឡេស្ទីន​រាប់​ពាន់​នាក់។

ក្រសួង​សុខាភិបាល​ប៉ាឡេស្ទីន​ដែល​គ្រប់គ្រងដោយ​ក្រុម​ហាម៉ាស់​និយាយ​ថា​ចំនួន​មនុស្ស​ស្លាប់​នៅ​ក្នុង​តំបន់​នោះ​មាន​លើសពី៩០០០​នាក់។

ក្រុម​ជនជាតិ​បរទេស​លើក​ដំបូង​ដែល​បាន​ជាប់​គាំង​នៅ​ក្នុង​តំបន់​ហ្កាហ្សា​ ចាប់តាំង​ពី​ការចាប់ផ្តើម​សង្គ្រាម​មក​បាន​ចាប់ផ្តើម​ចូល​ក្នុង​ប្រទេស​អេហ្ស៊ីប​កាលពី​ថ្ងៃ​ពុធ។ មនុស្ស​កាន់តែ​ច្រើន​ទៀត​បាន​ចាកចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

លោក​ប្រធានាធិបតី Bidenបាន​និយាយ​នៅ​ក្នុង​អំឡុង​ពេល​នៃ​ជំនួប​នៅ​ការិយាល័យ ​ក្នុង​សេតវិមាន​ជាមួយ​ប្រធានាធិបតី​ប្រទេសDominican Republicលោក Luis Abinaderថា​ពលរដ្ឋ​អាមេរិកាំង​ចំនួន​៧៤​នាក់​ដែល​មាន​សញ្ជាតិ២​បាន​ត្រូវ​ជម្លៀស​ចេញ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ។

អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​លោក John Kirbyបាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​ថា​ជនជាតិ​អាមេរិកាំង​៥​នាក់​ទៀត​បាន​ចាកចេញ​ពី​ចំណុច​ព្រំដែនRafah​កាលពី​ថ្ងៃ​ពុធ។

លោក​បាន​ប៉ាន់ស្មាន​ថា​មាន​ពលរដ្ឋ​អាមេរិកាំង​ដែល​មាន​សញ្ជាតិ​២​និង​អ្នក​មាន​សិទ្ធិ​រស់​នៅ​ស្រប​ច្បាប់​នៅ​អាមេរិកនិង​ក្រុម​គ្រួសារ​របស់​ពួកគេ​ពី​រវាង១.០០០​ទៅ​១.២០០​នាក់​ស្ថិត​នៅ​ក្នុង​តំបន់​ហ្កាហ្សា៕

អ្នក​ស្រីMargaret Besheer អ្នក​រាយការណ៍​ឱ្យ​វីអូអេ​នៅ​អង្គការ​សហប្រជាជាតិ​បាន​ផ្តល់​សេចក្តីរាយការណ៍​នេះ។ ហើយ​ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន AP, Reuters និង AFP។

XS
SM
MD
LG