ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេវាកម្ម​អ៊ីនធឺណិត​និង​ទូរស័ព្ទ​បាន​ដាច់​ម្តង​ទៀត​នៅ​ក្នុង​តំបន់​ហ្កាហ្សា


រថក្រោះរបស់កងកម្លាំងការពារអ៊ីស្រាអែលត្រូវបានគេឃើញក្នុងអំឡុងពេលប្រតិបត្តិការជើងគោករបស់ពួកគេនៅទីតាំងក្នុងតំបន់ហ្គាហ្សា ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ (Israel Defense Forces/Handout via Reuters)
រថក្រោះរបស់កងកម្លាំងការពារអ៊ីស្រាអែលត្រូវបានគេឃើញក្នុងអំឡុងពេលប្រតិបត្តិការជើងគោករបស់ពួកគេនៅទីតាំងក្នុងតំបន់ហ្គាហ្សា ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ។ (Israel Defense Forces/Handout via Reuters)

តំបន់​ហ្កាហ្សា​ជា​ថ្មី​ម្តង​ទៀត​កំពុង​ជួប​ប្រទះ​ការដាច់​ប្រព័ន្ធ​ទូរគមនាគមន៍​ទាំង​ស្រុង។

ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ទូរគមនាគមន៍​ប៉ាឡេស្ទីន​នៃ​តំបន់​ហ្កាហ្សា Paltel បាន​ចេញ​សេចក្តី​ជូនដំណឹងកាលពី​យប់​ថ្ងៃ​អង្គារ​នៅ​លើ​បណ្តាញ​សង្គម Twitterដែល​បាន​ជូន​ដំណឹង​ដល់​អ្នក​ស្រុក​ពី​ការដាច់​សេវាកម្ម​ទូរស័ព្ទ​និង​អ៊ីនធឺណិត​ទាំង​ស្រុង​។ ក្រុមហ៊ុន​នេះ​បាន​និយាយ​ថា​ការដាច់​នេះ​«បណ្តាល​មកពី​ការភ្ជាប់​អន្តរជាតិ​ដែល​ត្រូវ​បាន​ភ្ជាប់​ឡើង​វិញ​កាលពី​ពេលមុន​ត្រូវ​បាន​កាត់ផ្តាច់​ម្តង​ទៀត»។

តំបន់​ហ្កាហ្សា​បាន​រងប៉ះពាល់​នៃការគ្មាន​ទូរគមនាគមន៍​ទាំង​ស្រុង​អស់​រយៈពេល២ថ្ងៃ​ដោយ​ចាប់ផ្តើម​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​ដែល​កំពុង​ធ្វើ​ឱ្យ​មនុស្ស​២,៣​លាន​នាក់​ដែល​រស់នៅ​ក្នុង​ទឹកដី​ដែល​ត្រូវ​ឡោមព័ទ្ធ​នោះ​កាត់ផ្តាច់​ចេញពី​ពិភពលោក​និង​ការជាប់គាំង​នៃ​ការផ្គត់ផ្គង់​ជំនួយ​អន្តរជាតិ​សំខាន់ៗ។

ការបង្អាក់​សេវាកម្ម​ទូរស័ព្ទ​និង​អ៊ីនធឺណិត​នៅពេល​ថ្មីៗនេះ​បាន​កើត​មាន​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់ពី​ការវាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល​លើ​ជំរុំ​ប៉ាឡេស្ទីន​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​ហ្កាហ្សា​ភាគ​ខាង​ជើងនៃ​តំបន់Jabaliya ដែល​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​ក៏៥០នាក់​ដែរ​ស្លាប់​ហើយ​និង​១៥០​នាក់​ផ្សេង​ទៀត​រងរបួស។ នេះ​បើ​តាម​អាជ្ញាធរ​សុខាភិបាល​ប៉ាឡេស្ទីន។

អ្នក​នាំពាក្យ​យោធា​អ៊ីស្រាអែល​បាន​បញ្ជាក់​ពី​ការវាយ​ប្រហារ​តាម​អាកាស​ដល់​បណ្តាញ​ទូរទស្សន៍​CNN​ដោយ​និយាយ​ថា៖«មេបញ្ជាការ​ជាន់​ខ្ពស់​បំផុត​ម្នាក់​របស់​ក្រុម​ហាម៉ាស់»​បាន​ស្ថិត​នៅ​ក្នុង​តំបន់​នោះ។ សេចក្តី​ថ្លែងការណ៍​ដោយ​កងទ័ព​អ៊ីស្រាអែល​ក្រោយមក​បាន​កំណត់​អត្តសញ្ញាណ​បុរស​ម្នាក់​នោះ​ថា​ឈ្មោះ​ Ibrahim Biariហើយ​បាន​និយាយ​ទៀត​ថា​ជន​នោះ​ជា​មេដឹកនាំ​ម្នាក់​នៃ«ការវាយ​ប្រហារ​ភេរវកម្ម​ដ៏​ព្រៃផ្សៃ»​កាល​ពី​ថ្ងៃ​ទី៧ ខែ​តុលា​ដោយ​ពួក​សកម្ម​ប្រយុទ្ធ​ហាម៉ាស់​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល​ភាគ​ខាង​ត្បូង។

ក្រុមជនបរទេស​ដំបូង​គេ​ដែល​បាន​ជាប់​គាំង​នៅ​ហ្កាហ្សា​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​សង្រ្គាម​រវាង​អ៊ីស្រាអែល ​និង​ក្រុម​សកម្ម​ប្រយុទ្ធ​ប៉ាឡេស្ទីន​ហាម៉ាស់​ បាន​ចាប់ផ្តើម​ចាកចេញ​ពី​តំបន់​ឡោមព័ទ្ធ​ទៅ​អេហ្ស៊ីបនៅ​ថ្ងៃពុធ​នេះ។
ការបើក​ច្រកព្រំដែន​ Rafah ​ឡើង​វិញ​ ដើម្បី​អនុញ្ញាត​ឱ្យ​អ្នក​កាន់​លិខិត​ឆ្លងដែន​បរទេស​ចាកចេញ ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចព្រមព្រៀង​រវាង​អ៊ីស្រាអែល​ អេហ្ស៊ីប​ និង​ក្រុមហាម៉ាស់​ ដែល​ត្រូវ​បាន​សម្របសម្រួល​ដោយ​ប្រទេស​កាតា។

ជនបរទេស​យ៉ាង​តិច​ ៤០០​នាក់ ​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឆ្លង​ចូល​អេហ្ស៊ីប៕

ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់ពី​ទីភ្នាក់ងារ​សារព័ត៌មានAP, Reutersនិង AFP។

XS
SM
MD
LG