នៅថ្ងៃព្រហស្បតិ៍នេះ ជនបរទេសកាន់តែច្រើនបានត្រៀមលក្ខណៈចាកចេញពីតំបន់ហ្កាហ្សា (Gaza) ដែលកំពុងត្រូវបានហ៊ុមព័ទ្ធ នៅពេលដែលរដ្ឋាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់ (Hamas) បានបញ្ជាក់ថា ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ១៩៥ នាក់បានស្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើជំរំជនភៀសខ្លួន Jabalia ដែលការវាយប្រហារនេះត្រូវបានមន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិថាអាចជាឧក្រិដ្ឋកម្មសង្គ្រាម។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
ជនបរទេសយ៉ាងតិច ៣២០ នាក់នៅក្នុងបញ្ជីដំបូងនៃជនបរទេស ៥០០ នាក់ ក៏ដូចជាពលរដ្ឋតំបន់ហ្កាហ្សារាប់សិបនាក់ដែលរងរបួសធ្ងន់ធ្ងរផងដែរ បានឆ្លងចូលប្រទេសអេហ្ស៊ីបកាលពីថ្ងៃពុធនៅក្រោមកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល អេហ្ស៊ីប និងក្រុមហាម៉ាស់។
អ្នកកាន់លិខិតឆ្លងដែនមកពីអូស្ត្រាលី អូទ្រីស ប៊ុលហ្គារី ឆែក ហ្វាំងឡង់ ឥណ្ឌូណេស៊ី អ៊ីតាលី ជប៉ុន ហ្ស៊កដានី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានស្ថិតនៅក្នុងការជម្លៀសនោះ។
មន្ត្រីព្រំដែនតំបន់ហ្កាហ្សាបាននិយាយថា ការឆ្លងព្រំដែននឹងបើកឡើងវិញនៅថ្ងៃព្រហស្បតិ៍នេះដើម្បីឱ្យជនបរទេសបន្ថែមទៀតអាចចាកចេញ។ ប្រភពការទូតមួយបានបញ្ជាក់ថា អ្នកកាន់លិខិតឆ្លងដែនបរទេសប្រហែល ៧.៥០០ នាក់អាចនឹងចាកចេញពីតំបន់ហ្កាហ្សាដោយចំណាយពេលប្រហែលពីរសប្ដាហ៍។
អ៊ីស្រាអែលបានសម្រុកវាយប្រហារលើក្រុមសកម្មប្រយុទ្ធហាម៉ាស់ដោយទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សាតាមផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាសនៅក្នុងយុទ្ធនាការបោសសម្អាតក្រុមនេះ បន្ទាប់ពីក្រុមឥស្លាមនេះបានឆ្លងព្រំដែនឆ្មក់វាយប្រហារលើតំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។ អ៊ីស្រាអែលបានបញ្ជាក់ថា នៅពេលនោះក្រុមហាម៉ាស់បានសម្លាប់មនុស្ស ១.៤០០ នាក់ដែលភាគច្រើនជាជនស៊ីវិល និងបានចាប់មនុស្សជាង ២០០ នាក់ធ្វើជាចំណាប់ខ្មាំង។
ក្រសួងសុខាភិបាលតំបន់ហ្កាហ្សាថា ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៨.៧៩៦ នាក់នៅក្នុងតំបន់ហ្កាហ្សា ដែលក្នុងនោះរួមមានទាំងកុមារ ៣.៦៤៨ នាក់ផងដែរ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលតាំងពីថ្ងៃទី ៧ ខែតុលាមក។
អ៊ីស្រាអែលបានបញ្ជាក់ថា ការវាយប្រហាររបស់ខ្លួនកាលពីថ្ងៃអង្គារនិងថ្ងៃពុធបានធ្វើឱ្យមេដឹកនាំយោធាហាម៉ាស់ពីរនាក់ស្លាប់នៅក្នុងជំរំជនភៀសខ្លួន Jabalia ដែលជាជំរំជនភៀសខ្លួនដ៏ធំបំផុតនៅក្នុងតំបន់ហ្កាហ្សា៕