រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលបានអំពាវនាវឱ្យមានមរណភាពរបស់លោក Yahya Sinwar ដែលជាមេដឹកនាំថ្មីនៃក្រុមហាម៉ាស់ ខណៈដែលអ៊ីស្រាអែលត្រៀមរង់ចាំការសងសឹកពីអ៊ីរ៉ង់បន្ទាប់ពីការសម្លាប់មេបញ្ជាការក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់នៅក្នុងប្រទេសលីបង់ និងការសម្លាប់អ្នកកាន់តំណែងមុនរបស់ លោក Sinwar នៅទីក្រុងតេហេរ៉ង់កាលពីសប្តាហ៍មុន។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Katz បាននិយាយនៅលើបណ្តាញសង្គម X ថាការតែងតាំង លោក Sinwar ដែលលោកហៅថាជាភេរវករ «នៅតែជាហេតុផលដ៏គួរឱ្យទាក់ទាញមួយផ្សេងទៀតដើម្បីលុបបំបាត់គាត់យ៉ាងឆាប់រហ័សហើយលុបអង្គការដ៏អាក្រក់នេះចេញពីផ្ទៃផែនដី»។
អ៊ីស្រាអែលមិនបានអះអាងពីការទទួលខុសត្រូវចំពោះការធ្វើឃាតមេដឹកនាំមុនរបស់ក្រុមហាម៉ាស់ លោក Ismail Haniyeh ទេប៉ុន្តែការស្លាប់នៅថ្ងៃទី ៣១ ខែកក្កដាបានជំរុញឱ្យមេដឹកនាំអ៊ីរ៉ង់បន្ទោសអ៊ីស្រាអែល និងសន្យាឆ្លើយតប។
កាលពីថ្ងៃពុធ ក្រុមហាម៉ាស់បានប្រកាសឈ្មោះលោក Sinwar ដែលជាមេគំនិតម្នាក់នៃការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែល ជាមេដឹកនាំថ្មីរបស់ខ្លួន ដែលជាទង្វើដែលលោក Katz បាននិយាយថា ជាការផ្ញើ«សារយ៉ាងច្បាស់ទៅកាន់ពិភពលោកថា បញ្ហាប៉ាឡេស្ទីនឥឡូវនេះត្រូវបានគ្រប់គ្រងទាំងស្រុងដោយអ៊ីរ៉ង់ និងក្រុមហាម៉ាស់»។
លោក Katz ក៏បាននិយាយផងដែរថា អ៊ីស្រាអែលត្រូវតែរក្សាការគ្រប់គ្រងសន្តិសុខលើតំបន់ West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល ដើម្បីការពារអ៊ីរ៉ង់ពីការបង្កើត «បន្ទាយជ្រុលនិយម» មួយផ្សេងទៀត៕
ព័ត៌មានមួយចំនួនសម្រាប់សេចក្តីរាយការណ៍នេះត្រូវបានផ្តល់ដោយទីភ្នាក់ងារសារព័ត៌មានAssociated Press, Agence France-Presse និង Reuters ។
វេទិកាបញ្ចេញមតិ