ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក​ថា​ក្រុម​ហាម៉ាស់​ស្នើ​ផ្លាស់ប្តូរ​បទឈប់បាញ់​គ្នា​ដែល​មិន​អាច​ដំណើរការ​បាន


រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ជួបជាមួយ លោក Qatar Emir Sheikh Tamim bin Hamad al-Thani នៅវិមាន Lusail ក្នុងទីក្រុង Doha ប្រទេសកាតា ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ជួបជាមួយ លោក Qatar Emir Sheikh Tamim bin Hamad al-Thani នៅវិមាន Lusail ក្នុងទីក្រុង Doha ប្រទេសកាតា ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក Antony Blinken ​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា​ ក្រុមហាម៉ាស់បាន​ស្នើ​ឲ្យ​មាន​ «ការផ្លាស់ប្តូរ​ជាច្រើន»​ ដល់​កិច្ចព្រមព្រៀង​ឈប់បាញ់​គ្នា​ដែល​បាន​ស្នើ​ឡើងហើយ​លោក​បន្ថែម​ថាចំណុច​ខ្លះ​អាច​ដំណើរការ​បាន​ ហើយ​ខ្លះ​ទៀត​មិន​អាច​ទៅ​រួច​ទេ។

លោក Blinken ​បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង Doha​ ថា​«អ៊ីស្រាអែល​បាន​ទទួល​យក​សំណើ​នេះ​តាម​ទម្រង់​ដែល​បាន​ស្នើ​ឡើង​ស្រាប់។ ​នៅថ្ងៃ​ខាងមុខ​ យើង​នឹង​បន្ត​ជំរុញ​ជាបន្ទាន់​ជាមួយ​ដៃគូ​របស់​យើង ​ជាមួយ​កាតា ​ជាមួយ​អេហ្ស៊ីប ​ដើម្បី​ព្យាយាម​សម្រេច​កិច្ចព្រមព្រៀង​នេះ»។

បណ្តា​ប្រទេស​នៅ​ឈូងសមុទ្រ​នៃ​ប្រទេស​កាតា ​រួម​ជាមួយ​នឹង​អេហ្ស៊ីប​ បាន​និង​កំពុង​សម្រុះ​សម្រួលគ្នា​រវាង​អ៊ីស្រាអែល ​និង​ក្រុមហាម៉ាស​ ជុំវិញ​បទឈប់បាញ់​ពហុ​ដំណាក់កាល​ដែល​បាន​ស្នើឡើង​សម្រាប់​តំបន់​ហ្កាហ្សា។

នាយក​រដ្ឋមន្ត្រី​កាតា លោក​Sheikh Mohammed bin Abdulrahman Al Thani បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​ ប្រទេស​កាតា ​សហរដ្ឋ​អាមេរិក ​និង​ដៃគូ​របស់​ពួកគេ​ «បាន​ប្តេជ្ញាចិត្ត​ក្នុង​ការបិទ​គម្លាត​នេះ ​ដើម្បី​ស្វែងរក​មធ្យោបាយ​ដើម្បី​បញ្ចប់​សង្រ្គាម​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន» ។

នាយក​រដ្ឋមន្ត្រី​កាតា​ក៏បាន​សង្កត់ធ្ងន់​លើ​តម្រូវការ​សម្រាប់​ដំណោះស្រាយ​អចិន្ត្រៃយ៍​និង​និរន្តរភាព​ដែល​នឹង​អនុញ្ញាត​ឱ្យ​រដ្ឋ​ប៉ាឡេស្ទីន​និង​អ៊ីស្រាអែល​រស់នៅ​ជាមួយ​គ្នា។

រដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក​ Antony Blinken​ កាល​ពី​ថ្ងៃ​ពុធ ​បាន​ជួប​ជា​មួយ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កាតា លោក​ Sheikh Mohammed bin Abdulrahman Al Thani ខណៈ​ដែល​ក្រុម​មន្ត្រី​សហរដ្ឋអាមេរិក​ កាតា​ និង​ប្រទេស​អេហ្សីប​ កំពុង​វាយតម្លៃ​ពី​ការ​ឆ្លើយ​តប​របស់​ក្រុម​ហាម៉ាស់​ ទៅលើសំណើ​សុំ​ឱ្យ​មាន​បទឈប់បាញ់​គ្នានេះ។

ទី​ប្រឹក្សា​ទំនាក់ទំនង​សន្តិសុខជាតិ​សេតវិមាន​ ​ លោក​John Kirby បាន​ប្រាប់ក្រុមអ្នកសារព័ត៌មានថា​ ក្រុម​ហាម៉ាស់​បាន​បញ្ចូន​ការឆ្លើយតប​របស់​ខ្លួន​ទៅឱ្យ​ប្រទេស​កាតា​និង​អេហ្សីប​កាល​ពី​ថ្ងៃ​អង្គារ​ ហើយ​ថា សហរដ្ឋអាមេរិកសន្និដ្ឋាន​ថា​ ការ​ឆ្លើយតបនោះ​ មាន​ការយល់ព្រម​ពី​មេដឹកនាំ​ជាន់ខ្ពស់របស់​ក្រុម​ហាម៉ាស់​ក្នុង​តំបន់​ហ្កាហ្សា​ លោក Yahya Sinwar ផង​ដែរ។

បើ​យោង​ទៅ​លើ​ក្រុម​ហាម៉ាស់​និងក្រុម​តូច​មួយ​គឺក្រុម​សកម្មប្រយុទ្ធអ៊ីស្លាម​ជីហាដ​ បាន​ឱ្យ​ដឹង​ថា​ ពួក​គេ​បានត្រៀម​ខ្លួនដើម្បី​អនុវត្ត​ដោយ​វិជ្ជមាន​នៃ​កិច្ចព្រមព្រៀង​មួយ​ ដែលផ្តល់​អាទិភាព​លើ​ការបញ្ចប់​សង្គ្រាម​ទាំង​ស្រុង​។

មន្ត្រី​ហាម៉ាស់​មួយ​រូប​និយាយ​ថា​៖ «ការឆ្លើយតប​របស់​ក្រុម​ហាម៉ាស់ ​ជា​ការ​បញ្ជាក់​នូវ​ជំហរ​របស់​ក្រុម​នេះ​ថា​ កិច្ចព្រមព្រៀង​ណា​មួយ​ត្រូវ​តែ​បញ្ចប់​នូវការឈ្លានពាន​របស់ពួក​ជ្វីហ្វ​លើ​ប្រជាជន​របស់​យើង​ ​ដក​កងទ័ព​អ៊ីស្រាអែល​ចេញ​ ស្ថាបនា​តំបន់​ហ្កាហ្សា​ឡើង​វិញ​ ​ និង​សម្រេចនូវ​កិច្ចព្រមព្រៀងផ្លាស់ប្តូរ​អ្នកទោស​ដ៏ពិតប្រាកដ​មួយ»។ ​

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden បាន​ផ្សព្វផ្សាយ​ជា​សាធារណៈនូវ​សំណើ​ឱ្យ​មាន​បទ​ឈប់បាញ់​មួយ​ ​ខណៈ​ដែល​លោក​និងមន្ត្រី​អាមេរិក​ដទៃ​ផ្សេង​ទៀត​ បាន​បញ្ជាក់​ជា​ច្រើន​លើក​ច្រើន​សារថា​ ​នេះ​ជាសំណើ​របស់អ៊ីស្រាអែល។ លោក​Blinkenបាន​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា​ នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​បញ្ជាក់​ពី​ការ​តាំង​ចិត្ត​របស់​លោក​ទៅ​លើ​សំណើនៃកិច្ចព្រមព្រៀង​នេះ។ ​ ​ ​

បើ​ទោះ​ជាយ៉ាង​នេះ​ក្តី​ គេ​នៅ​តែ​ឃើញមាន​ចំណុច​សំខាន់​មួយ​ចំនួន​នៃ​ការ​មិន​យល់ស្រប​គ្នា​នៅ​ឡើយ​ ដែល​ក្នុង​នោះ​រួម​មានដូច​ជា​ការ​ទាមទារ​របស់​ក្រុម​ហាម៉ាស់ដែល​ថា​ អ៊ីស្រាអែល​ត្រូវ​ដក​កងទ័ព​ចេញ​ពី​តំបន់​ហ្កាហ្សា​ និង​ការ​ដែលអ៊ីស្រាអែល​នៅ​តែ​តាំង​ចិត្តដើម្បី​សម្រេច​បាន​នូវ​គោលបំណង​របស់​ខ្លួនក្នុង​ការ​វាយកម្ទេច​ក្រុម​ហាម៉ាស់ ដើម្បីធានាថា​ ក្រុមនេះនឹង​មិន​អាច​វាយប្រហារ​លើ​ប្រទេស​អ៊ីស្រាអែលក្នុង​ពេល​អនាគត​ទៀត​នោះ​ឡើយ»៕

XS
SM
MD
LG