ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ីស្រាអែល​បង្ហាញ​ទិន្នន័យ​របស់​ខ្លួន​អំពី​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ របស់​ក្រុមហ៊ុន Pfizer


នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ថ្លែង​សុន្ទរកថា​អំពី​​លទ្ធផល​នៃ​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ដល់​ពលរដ្ឋ​របស់​ខ្លួន​ ក្រុង Petah Tikva ប្រទេស​អ៊ីស្រាអែល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu ថ្លែង​សុន្ទរកថា​អំពី​​លទ្ធផល​នៃ​ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ដល់​ពលរដ្ឋ​របស់​ខ្លួន​ ក្រុង Petah Tikva ប្រទេស​អ៊ីស្រាអែល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​កូវីដ១៩ របស់​ពលរដ្ឋ​អ៊ីស្រាអែល​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​ ទាំង​ពីរ​ដូស​ដែល​ផលិត​រួម​គ្នា​ដោយ​ក្រុមហ៊ុន Pfizer និង​ក្រុមហ៊ុន BioNTech បាន​ធ្លាក់​ចុះ ៩៨,៥% ហើយ​ហានិភ័យ​នៃ​ការ​ឈឺ​ជំងឺ​កូវីដ១៩ ធ្ងន់ធ្ងរ​រហូត​ត្រូវ​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​ធ្លាក់​ចុះ​ ៩៨,៩%។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រសួង​សុខាភិបាល​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​សៅរ៍។

ការ​រកឃើញ​របស់​ក្រសួង​សុខាភិបាល​អ៊ីស្រាអែល​នេះ​ទទួល​បាន​ពី​ទិន្នន័យ​ដែល​ត្រូវ​បាន​ប្រមូល​បាន​កាល​ពី​ថ្ងៃ​ទី១៣ ខែកុម្ភៈ ពី​ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ ១ លាន ៧ សែន​នាក់ ដែល​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ទាំង​ពីរ​ដូស​ត្រឹម​ថ្ងៃ​ទី៣០ ខែមករា ដែល​នេះ​មាន​ន័យ​ថា សារពាង្គកាយ​របស់​ពួកគេ​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​ផលិត​អង់ទីករ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ដែល​បង្ក​ជា​ជំងឺ​កូវីដ១៩។

ប្រជាពលរដ្ឋ​អ៊ីស្រាអែល​ជិត​ពាក់កណ្ដាល​នៃ​ប្រជាជន​សរុប​ចំនួន ៩ លាន ៣ សែន​នាក់​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ រួច​ហើយ ហើយ​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា ពលរដ្ឋ​ដែល​មាន​អាយុ​លើស​ពី ៥០ ឆ្នាំ ចំនួន ៩៥% គួរតែ​ត្រូវ​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ នៅ​ក្នុង​រយៈពេល​ពីរ​សប្ដាហ៍​ខាង​មុខ​នេះ។

លើស​ពី​នេះ​ទៀត លោក Netanyahu បាន​ថ្លែង​ថា អ្នក​ណា​ដែល​បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ទាំង​ពីរ​ដូស​រួច​ហើយ​អាច​ទទួល​បាន «ប័ណ្ណ​បៃតង» ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​មាន​សេរីភាពច្រើន​ជាង​មុន។

ចាប់​ពី​ថ្ងៃ​អាទិត្យ​នេះ​ទៅ សាលារៀន​និង​ហាង​ទំនិញ​មួយ​ចំនួន​នឹង​ចាប់ផ្ដើម​បើក​ដំណើរការ​ជា​សាធារណៈ​ឡើង​វិញ ដោយ​មាន​ការ​កម្រិត​ចំនួន​មនុស្ស បន្ទាប់​ពី​ត្រូវ​បាន​បិទ​អស់​រយៈពេល​ពីរ​ខែ​កន្លង​មក។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មាន​ប័ណ្ណ​បៃតង ពួកគេ​អាច​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​វប្បធម៌ ឬ​កម្មវិធី​កីឡា​នានា និង​អាច​ធ្វើ​ដំណើរ​ទៅ​បរទេស​បាន។

លោក Netanyahu បាន​បន្ថែម​ថា៖ «ប័ណ្ណ​បៃតង​នេះ​កំពុង​ធ្វើ​ឲ្យ​ប្រទេស​បើក​ដំណើរការ​ឡើង​វិញ​ជា​បណ្ដើរៗ​ហើយ»៕

XS
SM
MD
LG