នៅថ្ងៃសុក្រនេះ ប្រទេសអ្នកមានបំផុតនិងក្រុមហ៊ុនឱសថនៅលើពិភពលោក បានប្តេជ្ញាថា នឹងផ្តល់វ៉ាក់សាំងឲ្យប្រទេសក្រីក្របំផុតនៅលើពិភពលោក។
ការប្រកាសនេះធ្វើឡើងនៅថ្ងៃសុក្រ មុនកិច្ចប្រជុំ G-7 ផ្ទាល់របស់ប្រទេសមានសេដ្ឋកិច្ចធំបំផុតក្នុងពិភពលោក ដែលនឹងពិភាក្សាពីវិធីទប់ទល់នឹងជំងឺរាតត្បាតជាសកល និងស្តារសេដ្ឋកិច្ចសកលឡើងវិញ។
អង្គការសុខភាពពិភពលោកបានព្រមានថា វិសមភាពការចាក់វ៉ាក់សាំងនឹងបន្លាយពេលការរីករាលដាលនៃជំងឺរាតត្បាត។
ថ្ងៃសុក្រនេះ គឺជាលើកដំបូងហើយ ដែលលោក Joe Biden ប្រធានាធិបតីអាមេរិក បង្ហាញខ្លួននៅឯកិច្ចប្រជុំ G-7។ បន្ទាប់មកលោកនឹងជិះយន្តហោះទៅទីក្រុង Kalamazoo រដ្ឋ Michigan ជាកន្លែងដែលលោកនឹងទៅទស្សនាកន្លែងផលិតវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer និងជួបកម្មករដែលផលិតវ៉ាក់សាំងនេះ។
បណ្តាញព័ត៌មាន Associated Press បានឲ្យដឹងថា មានមនុស្សចំនួនជាង ១០០.០០០ នាក់ ត្រូវបានបញ្ជាក់ថា មានជំងឺកូវីដ១៩ នៅទ្វីបអាហ្រ្វិកដែលជាកន្លែងដែលខ្វះវ៉ាក់សាំងនេះ។
កាលពីថ្ងៃសុក្រ ប្រទេសរុស្ស៊ីបានរាយការណ៍ពីករណីឆ្លងវីរុសថ្មីចំនួន ១៣.៤៣៣ ក្នុងរយៈពេល ២៤ ម៉ោងមុន និងស្លាប់ ៤៧០ នាក់។ វិទ្យាស្ថានជាតិរបស់ជប៉ុនប្រយុទ្ធនឹងជំងឺឆ្លងនិយាយថា សណ្តានថ្មីនៃជំងឺកូវីដ១៩ បានលេចឡើងនៅឯមជ្ឈមណ្ឌលអន្តោប្រវេសន៍ក្រុងតូក្យូ។
មួយថ្ងៃបន្ទាប់ពីរដ្ឋ Victoria ប្រទេសអូស្រ្តាលីលុបចោលការបិទសកម្មភាពសង្គមរយៈពេល ៥ ថ្ងៃ សមាជិកគ្រួសារបីនាក់បានធ្វើតេស្តរកឃើញវីរុសនេះ៕