កងទ័ពអ៊ីស្រាអែលនៅថ្ងៃសុក្រនេះ បានអំពាវនាវដល់ពលរដ្ឋស៊ីវិលឱ្យចាកចេញពីតំបន់ទីក្រុងហ្គាហ្សាដើម្បីសុវត្ថិភាពនិងការពារខ្លួន។
ក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះក្នុងបណ្តាញសង្គម X អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Jonathan Conricus និយាយថា៖ «កងម្លាំងអ៊ីស្រាអែលអំពាវនាវឱ្យមានការជម្លៀសពលរដ្ឋស៊ីវិលទាំងអស់ចេញពីតំបន់ទីក្រុង ហ្គាហ្សាពីផ្ទះរបស់គេឆ្ពោះទៅទិសខាងត្បូង ដើម្បីសុវត្ថិភាពនិងការពារខ្លួន ដោយត្រូវទៅកាន់តំបន់ខាងត្បូងនៃទន្លេហ្គាហ្សា»។
សេចក្តីថ្លែងការណ៍នេះកើតឡើងមួយថ្ងៃក្រោយពីសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញដែលថា មន្ត្រីយោធាអ៊ីស្រាអែលបានឱ្យដឹងថា ពលរដ្ឋទាំងអស់ក្នុងតំបន់ហ្គាហ្សាខាងជើង ដែលមានចំនួនប្រហែល ១,១ លាននាក់ ត្រូវប្រញាប់ប្រញាល់ចាកចេញទៅកាន់តំបន់ហ្គាហ្សា ខាងត្បូងក្នុងរយៈពេល ២៤ ម៉ោង។
អ្នកនាំពាក្យអង្គការសហប្រជាជាតិលោក Stephane Dujarric បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «អង្គការសហប្រជាជាតិគិតថា វាមិនអាចទៅរួចទេក្នុងការបម្លាស់ទីពលរដ្ឋដ៏ច្រើនបែបនេះ ដោយមិនមានផលវិបាកមនុស្សធម៌ដ៏ធ្ងន់ធ្ងរនោះ»។
លោក Dujarric និយាយថា ការបញ្ជាឱ្យចាកចេញនេះ ក៏អនុវត្តផងដែរទៅលើបុគ្គលិកអង្គការសហប្រជាជាតិ និងមនុស្សទាំងឡាយដែលកំពុងស្ថិតនៅក្នុងអគាររបស់អង្គការសហប្រជាជាតិ ដែលរួមមានសាលារៀន មណ្ឌលសុខភាពនិងគ្លីនិកព្យាបាលជំងឺជាដើម។
ពលរដ្ឋក្នុងតំបន់ហ្គាហ្សា កំពុងរស់នៅក្នុងស្ថានភាពឡោមព័ទ្ធទាំងស្រុង ដែលត្រូវបានដាក់ចេញក្នុងសប្តាហ៍នេះទៅលើទឹកដីដែលកំពុងគ្រប់គ្រងដោយក្រុមសកម្មជនហាម៉ាស់ដែលជាការសងសឹកមួយ ដល់ការវាយប្រហារដ៏ប្រល័យរបស់ក្រុមនេះកាលពីថ្ងៃសៅរ៍កន្លងទៅលើទឹកដីអ៊ីស្រាអែល ដែលបានសម្លាប់ជនស៊ីវិលរាប់រយនាក់។
ចំណែកពលរដ្ឋប៉ាឡេស្ទីនដែលកំពុងរស់នៅក្នុងតំបន់ហ្គាហ្សានេះ គឺគ្មានទឹក ភ្លើង និងប្រេងឥន្ធនៈប្រើប្រាស់ទេនៅពេលនេះ៕